អានតួអត្ថបទ

អ៊ីស្រាអែល​អាច​កាត់យក​ដី​ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន ចាប់ពីថ្ងៃទី​១​កក្កដានេះ

រូបថត​ខែ​កុម្ភៈ ឆ្នាំ ២០២០​បង្ហាញ​រូបលោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ពិនិត្យ​ផែនទី​នៃ​ដែនដីអាណានិគមកិច្ច​ ដែល​អ៊ីស្រាអែល​បាន​ចូល​ទៅ​សង់ខុសច្បាប់​អន្តរជាតិ នៅ​ទឹកដី​ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន
រូបថត​ខែ​កុម្ភៈ ឆ្នាំ ២០២០​បង្ហាញ​រូបលោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ពិនិត្យ​ផែនទី​នៃ​ដែនដីអាណានិគមកិច្ច​ ដែល​អ៊ីស្រាអែល​បាន​ចូល​ទៅ​សង់ខុសច្បាប់​អន្តរជាតិ នៅ​ទឹកដី​ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន AP - Sebastian Scheiner
ដោយ៖ ឈាង បុប្ផា
1 នាទី

ចាប់ពី​ថ្ងៃ​ពុធ ទី​១​កក្កដា​នេះទៅ លោក​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល បិនចាមីន នេតាន់យ៉ាហ៊ូ នឹងអាច​ប្រកាស​កាត់យក​ទឹកដី​ស៊ីហ្សកដានី របស់​ប្រជាជន​ប៉ាឡេស្ទីន មកធ្វើ​ជា​ដែនដី​របស់​អ៊ីស្រាអែល។ រដ្ឋមន្រ្តី​ជាច្រើនរូប​របស់​អ៊ីស្រាអែល ដែលនៅក្នុង​នោះ មាន​ផងដែរ រដ្ឋមន្រ្តីការបរទេស បាន​អះអាងថា រដ្ឋាភិបាល​ទំនង​ជានឹង​មិន​ប្រកាស​អ្វី​ទាក់ទង​នឹង​ផែនការសន្តិភាព​​របស់​លោកដូណាល់​ត្រាំ​នោះទេ។

ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ថ្ងៃ​ទី​១​កក្កដា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល អាច​ប្រកាស​កាត់យក​ទឹកដីប៉ាឡេស្ទីន នៅត្រង់​តំបន់​ស៊ីហ្សកដានី មកធ្វើ​ជា​ដែនដី​អ៊ីស្រាអែល។ ប៉ុន្តែ ទាំង​រដ្ឋមន្រ្តី​ស្និទ្ធិ​នឹង​នាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល​បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា ហេតុការណ៍​នោះ ទំនង​នឹង​មិន​កើត​មានភ្លាមៗ នៅថ្ងៃ​ទី​១​កក្កដា​នេះ​ទេ។

ទៅតាម​កិច្ចព្រមព្រៀង​នយោបាយ​រវាង​មេដឹកនាំ​បក្ស​កាន់អំណាច​ទាំង២​នៅអ៊ីស្រាអែល រដ្ឋាភិបាល​ចម្រុះ របស់​អ៊ីស្រាអែល ចាប់ពី​ថ្ងៃទី​១​កក្កដា ត្រូវប្រកាស​អនុវត្ត​ផែនការ​សន្តិភាពរបស់​ ​លោកដូណាល់ ត្រាំ សម្រាប់តំបន់​ដើមបូព៌ា។ ផែនការ​សន្តិភាព​អ៊ីស្រាអែល ប៉ាឡេស្ទីន ដែល​ផ្តួចផ្តើមដោយ​លោកដូណាល់ មាន​ចែង​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល អាច​កាត់យក​ដែនអាណានិគមកិច្ច​ជ្វីហ្វ នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន និង​ជ្រលងភ្នំ​Jourdain នៅ​ស៊ីហ្សកដានី មក​ធ្វើ​ជា​ទឹកដី​អ៊ីស្រាអែល។

នៅ​ថ្ងៃ​អង្គារ លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ជួប ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​អ៊ីស្រាអែល និង​ទីប្រឹក្សា​ពិសេស របស់​លោកដូណាល់ ត្រាំ ដើម្បី​ពិភាក្សា​ពី​ដែនអធិបតេយ្យភាព​របស់​អ៊ីស្រាអែល។ ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​បាន​លើក​ឡើង​ថា លោក​កំពុង​ធ្វើការ ជាប់ជាប្រចាំ លើផែនការ​របស់​លោកដូណាល់ ត្រាំ។

តាមអ្នកជំនាញ តំបន់ដើមបូព៌ា លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដែល​ជាសម្ព័ន្ធមិត្ត ជិតស្និទ្ធិ​ខ្លាំង​នឹង​ប្រធានាធិបតី អាមេរិក កំពុង​ប្រញាប់ប្រញាល់ ដាក់ឲ្យ​អនុវត្ត​ឲ្យ​បាន​ឆាប់ ផែនការ របស់​លោកដូណាល់ ត្រាំ ពោល គឺ​ឲ្យ​បាន​មុន​ការជាប់ឆ្នោត​ណាមួយ របស់​លោកចូ​បាយដិន គូប្រជែង​របស់​លោកដូណាល់ ត្រាំ ដែល​ប្រឆាំង​នឹង​សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន។

ការសម្រេច​ណាមួយ របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ទោះ នៅថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ឬ​ថ្ងៃ​ណាមួយ នាពេល​ខាងមុខ នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​អាច​រំកិល​ខ្សែបន្ទាត់ព្រំដែន ពង្រីក​ទឹកដី​របស់ខ្លួន ឲ្យ​កាន់តែ​ធំជាងមុន។ ជា​ព្រឹត្តិការណ៍​សំខាន់ ក្នុង​ប្រវត្តិសាស្រ្ត​របស់​អ៊ីស្រាអែល ក្នុង​រយៈពេល ៤០ឆ្នាំ​ចុងក្រោយនេះ។ គួរបញ្ជាក់ថា នៅ​ឆ្នាំ ១៩៦៧ អ៊ីស្រាអែល បាន​កាត់យក​ដែនដីប៉ាឡេស្ទីន នៅ​ជេរុយសាឡិម ខាងកើត មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់ខ្លួន មុន​នឹង​រឹបអូស​យក​ខ្ពង់រាប ហ្កូឡង់ Golan របស់​ស៊ីរី​មកធ្វើ​ជា​ទឹកដី អ៊ីស្រាអែល នៅ​ឆ្នាំ ១៩៨១។ ២០២០​ជា​ឆ្នាំ​ថ្មីមួយទៀត ដែល​ប្រវត្តិសាស្រ្ត​អ៊ីស្រាអែល ត្រូវ​សរសេរ​ដាក់បញ្ចូល​ដែនអាណានិគមកិច្ច​ជ្វីហ្វ​នៅស៊ីហ្សកដានី របស់​ប៉ាឡេស្ទីន មកធ្វើ​ជា​ដែនដី​របស់​អ៊ីស្រាអែល។

ដោយ​ចាប់អនុវត្ត​ផែនការ សន្តិភាព​របស់​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ​អ៊ីស្រាអែល​មានគម្រោង​កាត់យក​ដែនដី ស៊ីហ្សកដានី របស់​ប៉ាឡេស្ទីន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន បណ្តាប្រទេស​អារ៉ាប់ និង​សហគមន៍​អន្តរជាតិ ខឹងសម្បារ និង​ថ្កោលទោស។

នាយករដ្ឋមន្រ្តី អង់គ្លេស​លោក​បូរីស ចនសុន នៅថ្ងៃ​ពុធនេះ បាន​ព្រមាន​អ៊ីស្រាអែល ពីរឿង​ដែល​ចង់​កាត់យក​ទឹកដី​ប៉ាឡេស្ទី មកធ្វើ​ជា​ទឹកដី​អ៊ីស្រាអែល ដែល​លោក​ចាត់ទុក​ថា ខុសច្បាប់ និង ដើរផ្ទុយ​ពីផលប្រយោជន៍​របស់​ជនជាតិជ្វីហ្វ។ នៅថ្ងៃ​នេះ ប្រជាជន​ប៉ាឡេស្ទីន​ បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម ប្រឆាំង​អ៊ីស្រាអែល នៅ​ជ្រលងភ្នំ Jourdain និង​នៅរ៉ាម៉ាឡា ដែល​ជាទីស្នាក់ការ​កណ្តាល​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន។ សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ការកាត់យក​ទឹកដី​ប៉ាឡេស្ទីន នៅត្រង់​តំបន់​ស៊ីហ្សកដានី នឹង​សម្លាប់​ទាំងស្រុង កិច្ចព្រមព្រៀង​ទីក្រុង​អូស្លូ ដែល​និយាយ​ពី​ដំណោះស្រាយ រដ្ឋពីរ គឺ​រដ្ឋប៉ាឡេស្ទីន ឯករាជ្យ ក្បែរ​អ៊ីស្រាអែល។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ