អានតួអត្ថបទ
អ.ស.ប.-ស៊ីរី

អ.ស.ប.៖មានឧក្រិដ្ឋកម្មសង្រ្គាម និងអាចមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងខេត្តអ៊ីដឡិប ប្រទេសស៊ីរី

លោកប៉ូឡូ ពីនហេរ៉ូ ប្រធានគណៈកម្មការស៊ើបអង្កេតនៃអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរី
លោកប៉ូឡូ ពីនហេរ៉ូ ប្រធានគណៈកម្មការស៊ើបអង្កេតនៃអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរី Photo:Jean-Marc Ferré
3 នាទី

នៅ​ថ្ងៃ​អង្គារ ទី៧ កក្កដា គណៈកម្មការស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ប្រទេស​ស៊ីរី​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានការណ៍​នៅ​ក្នុង​ខេត្ត​អ៊ីដឡិប។ ខេត្ត​អ៊ីដឡិប​ជា​ទីតាំង​ចុងក្រោយ​របស់​ក្រុម​អ្នកប្រឆាំង​ដែល​ស្ថិត​ប៉ែក​ពាយ័ព្យ និង​ដែល​បាន​រង​ការ​វាយប្រហារ​ពី​កម្លាំងទ័ព​រដ្ឋាភិបាល​នា​ដំណាច់​ឆ្នាំ ២០១៩ ឆ្លង​ចូល​ដើម​ឆ្នាំ ២០២០។ របាយការណ៍​បាន​បង្ហាញ​ច្បាស់ៗ​ថា មាន​ឧក្រិដ្ឋកម្មសង្រ្គាម​យ៉ាង​ច្រើន និង​អាច​មាន​ទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ខេត្ត​អ៊ីដឡិប។

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​នេះ​ត្រូវ​បាន​លាតត្រដាង​ដោយ​លោក​ប៉ូឡូ ពីនហេរ៉ូ ប្រធាន​គណៈកម្មការ​ស៊ើបអង្កេត​នៃ​អង្គការសហប្រជាជាតិ​ស្តីពី​ប្រទេស​ស៊ីរី។ របាយការណ៍​ស៊ើបអង្កេត​របស់​លោក​ពីនហេរ៉ូ​ផ្តោត​លើ​ព្រឹត្តិការណ៍​នៅ​ចន្លោះ​ថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២០១៩ ដល់​ថ្ងៃទី៣០ មេសា ឆ្នាំ ២០២០ ដោយ​ផ្អែក​លើ​ឯកសារ សម្ភារៈ​ជា​ម៉ាស៊ីនថតរូប ថតវីដេអូ និង​កិច្ចសន្ទនា​ជិត ៣០០កិច្ចសន្ទនា។ លោក​ពីនហេរ៉ូ​បាន​រៀបចំ​ដោយ​សង្ខេប​ថា កុមារ​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​នៅ​សាលារៀន ឳពុក ម្តាយ​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​នៅ​ផ្សារ អ្នកជំងឺ​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​នៅ​មន្ទីរពេទ្យ ហើយ​គ្រួសារ​ទាំង​មូល​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​ក្នុង​ពេល​ដែល​កំពុង​ភៀសខ្លួន​តាម​ផ្លូវ។

នៅ​ចន្លោះ​ថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២០១៩ ដល់​ថ្ងៃទី៣០ មេសា ឆ្នាំ ២០២០ មាន​មន្ទីរពេទ្យ​ចំនួន ១៧កន្លែង ១៤ សាលារៀន ៩ ផ្សារ និង​ផ្ទះ​ចំនួន ១២ខ្នង​បាន​រង​ការ​ទម្លាក់​គ្រាប់បែក​ដែល​ភាគច្រើន​ជា​ស្នាដៃ​របស់​កម្លាំងគាំទ្រ​រដ្ឋាភិបាល​ស៊ីរី និង​សម្ព័ន្ធមិត្ត​រុស្ស៊ី នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ពីនហេរ៉ូ។ តាម​របាយការណ៍​ដដែល ការ​ទម្លាក់​គ្រាប់បែក​ទាំង​នេះ​អាច​ចាត់​ទុក​ជា​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ គួរ​រម្លឹក​ថា ខេត្ត​អ៊ីដឡិប​ដែល​ជា​ទីតាំង​ចុង​ក្រោយ​របស់​ក្រុម​ប្រឆាំង និង​មាន​លាយឡំ​ដោយ​ពួក​ជីហាត​ផង​ត្រូវ​បាន​របបស៊ីរី​របស់​ប្រធានាធិបតី​អាសាដ​បើក​ការ​វាយប្រហារ​ដោយ​មាន​ជំនួយ​ពី​កម្លាំងទ័ព​អាកាស​រស្ស៊ី​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៩។

យុទ្ធនាការសឹក​នេះ​បាន​បណ្តាល​ឲ្យ​មាន​ជនបម្លាស់ទី​ចំនួន ១លាននាក់ និង​ស្លាប់​ជនស៊ីវិល ៥០០នាក់ មុន​នឹង​មាន​បទឈប់បាញ់​ផុយស្រួយ​មួយ​រៀបចំ​រួម​គ្នា​ដោយ​រុស្ស៊ី និង​តួកគី នេះ​បើ​តាម​អង្គការសហប្រជាជាតិ។ លោក​ពីនហេរ៉ូ​បាន​អះអាង​ថា​នៅ​ក្នុង​យុទ្ធនាការសឹក​នោះ កម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី រួម​ទាំង​ក្រុម​ដែល​អង្គការសហប្រជាជាតិ​ចាត់​ទុក​ជា​ក្រុម​ភេរវនិយម​បាន​រំលោភបំពាន​លើ​ច្បាប់សង្រ្គាម និង​សិទ្ធិ​របស់​ពលរដ្ឋ​ស៊ីរី។ បន្ទាប់​មក របាយការណ៍​របស់​លោក​ពីនហេរ៉ូ​ដដែល​ក៏​បាន​ចោទ​ចលនា​ជីហាត​នៅ​ក្នុង​តំបន់​ឈ្មោះ Hayat Tahrir al-Sham ពី​បទឃុំឃាំង ធ្វើ​ទារុណកម្ម និង​ប្រហារជីវិត​ជនស៊ីវិល ព្រម​ទាំង​អ្នកកាសែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ