អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖ អង្គការសហប្រជាជាតិបោះឆ្នោតបន្តប្រើច្រកទ្វារមនុស្សធម៌ ទោះបីនៅសល់តែមួយទីតាំង

ទិដ្ឋភាពក្រុង Nairab តំបន់ Idlib ភាគខាងជើងស៊ីរី ថ្ងៃទី​១៧ មេសា ២០២០
ទិដ្ឋភាពក្រុង Nairab តំបន់ Idlib ភាគខាងជើងស៊ីរី ថ្ងៃទី​១៧ មេសា ២០២០ REUTERS - Khalil Ashawi
ដោយ៖ ម៉ម ពិសី
4 នាទី

ទីបំផុតទៅ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតបន្តប្រើប្រាស់ច្រកទ្វារមនុស្ស​​ធម៌ ដើម្បីដឹកស្បៀងអាហារជួយប្រជាជនស៊ីរី តែច្រកទ្វារនោះគឺនៅអាចបើកដំណើរការបានតែមួយទីតាំងប៉ុណ្ណោះ។ ខណៈដែលប្រទេសសមាជិកខ្លះ បានសម្តែងការសោកស្តាយចំពោះការកាត់បន្ថយច្រកទ្វារមនុស្សធម៌ ប្រទេសសមាជិកខ្លះទៀត បាន​លើកឡើងថា រុស្ស៊ីជាអ្នកសម្រេច​ចាត់ចែងដាក់សំពាធសព្វបែបយ៉ាង ទៅលើក្រុមប្រឹក្សាសន្តិសុខ ទាក់ទិននឹង​សំណុំរឿងស៊ីរីនេះ។

ផ្សាយពាណិជ្ជកម្ម

ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន​១២ បានបោះឆ្នោតទទួលយក​សំណើរបស់អាល្លឺម៉ង់ និង​បែលហ្ស៊ិក ដើម្បីបន្តប្រើប្រាស់១ឆ្នាំទៀត នូវច្រកទ្វារមនុស្សធម៌ ស្ថិតនៅ​​ព្រំដែនខាងជើងស៊ីរី។ ដោយឡែក​ រុស្ស៊ី ចិន និងសាធារណៈរដ្ឋដូមីនីកេន បានបោះឆ្នោតអនុបវាទ។

ក៏ប៉ុន្តែច្រកទ្វារមនុស្សធម៌ចំនួន​២ ដែលស្ថិតនៅតំបន់នេះ នឹងនៅសល់តែ១ប៉ុណ្ណោះ​ដែលអាចដំណើរការបាន គឺច្រកទ្វារ Bab al-Hawa ដែលស្ថិតនៅក្បែរតំបន់ Idleb។ ចំណែកច្រកទ្វារ Bab al-Salam ដែលជាច្រកចូលទៅក្រុង Alep ដែលមានប្រជាជនស៊ីរីរស់នៅប្រមាណ​១លាន៣សែន​នាក់នោះ នឹងត្រូវបិទ។

សូមរំលឹកថា ច្រកទ្វារមនុស្សធម៌ ត្រូវបានសម្រេចបង្កើត កាលពីឆ្នាំ២០១៤ ដើម្បីអាចដឹកជញ្ជូនស្បៀង​ជំនួយមនុស្សធម៌​ ទៅជួយប្រជាជនស៊ីរី ដោយមិនចាំបាច់ឆ្លងកាត់​ការអនុញ្ញាតរបស់រដ្ឋាភិបាល​​​ស៊ីរី បាឆាអាល់អាសាដទេ។ លោក Richard Gowan អ្នកជំនាញនៅ International Crisis Group បានលើកឡើងថា រុស្ស៊ីគឺជាមេចាត់ចែង ចង់បើកឬបិទច្រកទ្វារទាំងនោះ តាមចិត្តចង់របស់ខ្លួន។ នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិុសុខ រុស្ស៊ី និងចិនបានប្រើសិទ្ធិវេតូ ដើម្បីបោះឆ្នោតប្រឆាំងរារាំង ការបន្តបើក​ច្រកទ្វារទាំងនោះ។

ភាគីរុស្ស៊ីបានលើកឡើងថា ច្រកទ្វារមនុស្សធម៌ខ្លះ មិនចាំបាច់បើកដំណើរការទៀតទេ ព្រោះមិនសូវមានការឆ្លងកាត់។ ការដឹកជញ្ជូនស្បៀងមនុស្សធម៌ ត្រូវត្រលប់មកធ្វើឲ្យ​ប​ានច្រើន ដោយ​ឆ្លងកាត់រដ្ឋាភិបាលក្រុងដាម៉ាសវិញ។​ តែយ៉ាងណា អ្នកជំនាញអង្គការមនុស្សធម៌ ព្រមទាំងប្រទេសមួយជំនួន​បានអះអាងថា រដ្ឋាភិបាល​ក្រុងដា​ម៉ាស មិនអាចធ្វើឲ្យ​គេទុកចិត្តបានទេ ហើយ​ជាមួយ​នឹង​អំពើពុករលួយ បក្សពួកនិយម គឺមិនអាចធ្វើឲ្យ​គេសង្ឃឹមថា ជំនួយមនុស្សធម៌នឹងអាចទៅដល់ដៃប្រជាជនស៊ីរីឡើយ។

គួរកត់សំគាល់ថា ច្រកទ្វារមនុស្សធម៌ដែលមាន៤ទីតាំងនៅឆ្នាំមុន តែពេលនេះ គឺសល់តែ១តែប៉ុណ្ណោះ។ អង្គការ Oxfarm និង Human Rights Watch បានថ្លែងព្រួយបារម្ភថា ច្រកទ្វារមនុស្សធម៌ដែលដំណើរការតែ១នេះ នឹងមិនគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនស្បៀងទេ។ អេស្តូនី និងបែកហ្ស៊ីក ថ្វីបើត្រកអរចំពោះការបោះឆ្នោតយល់ព្រមនេះ តែបានសម្តែងការសោកស្តាយ​ ដែលឃើញចំនួន​ច្រកទ្វារមនុស្ស​ធម៌ ត្រូវបិទម្តងមួយៗ ហើយក្រុមប្រឹក្សាសន្តិសុខគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីទទួលធ្វើតាមការទាមទារ​របស់រុស្ស៊ី៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ