អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើមានមូលហេតុ​អ្វីខ្លះ នៅពីក្រោយ​ការ​កែប្រែ​ព្រះវិហារ​សាំងសូហ្វ៊ី នៅក្រុង​អ៊ីស្តង់ប៊ូល ​ជា​វិហារ​ឥស្លាម?

សំឡេង ០៦:៤៦
ព្រះវិហារ សាំងសូហ្វ៊ី នៅទីក្រុង​អ៊ីស្តង់ប៊ូល អតីតរាជធានី កុងស្តង់ទីណូប នៃអាណាចក្រប៊ីហ្សង់តាំង។
ព្រះវិហារ សាំងសូហ្វ៊ី នៅទីក្រុង​អ៊ីស្តង់ប៊ូល អតីតរាជធានី កុងស្តង់ទីណូប នៃអាណាចក្រប៊ីហ្សង់តាំង។ REUTERS - Murad Sezer
ដោយ៖ ម៉ម ពិសី
៣៨ នាទី

លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី​២កក្កដាកន្លងទៅ ដើម្បី​កែប្រែ ព្រះវិហារសាំងសូហ្វ៊ី ពីទីតាំង​សារៈមន្ទីរ ឲ្យ​ក្លាយជាវិហារឥស្លាម។ នៅថ្ងៃទី១០កក្កដា ក្រុមប្រឹក្សារដ្ឋតួកគី បានសម្រេចធ្វើតាមការស្នើសុំនេះ។ ការកែវិហារបុរាណ​ ចំណាស់​១៥សតវត្សនេះ ពីសារៈមន្ទីរ ទៅជាវិហារឥស្លាម បានបង្កឲ្យ​មាន​ការ​​​​​​​​​​រិះគន់តវ៉ា និងខកចិត្តជាខ្លាំងពីសំណាក់ប្រទេសជាច្រើន ក្នុងនោះមាន​បារាំង ក្រិក សហរដ្ឋអាមេរិក និងជាពិសេសគឺរុស្ស៊ី​តែម្តង។ តើព្រះវិហារសាំងសូហ្វ៊ី នៅទីក្រុងអ៊ីស្តង់ប៊ូលនេះ មានអ្វីពាក់ព័ន្ធនឹងរុស្ស៊ី បាន​ជារុស្ស៊ីសម្តែងការឈឺឆ្អាល តវ៉ាចំពោះការសម្រេចរបស់តួកគី? ហើយថាតើ វាមានមូលហេតុអ្វីខ្លះ ដែលជំរុញឲ្យ​លោកអ៊ែរដូហ្កាន់ សម្រេចធ្វើដូច្នេះ?​​​​​​​

ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី១០កក្កដា លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានថ្លែងសន្ទរកថា ប្រកាសជាឱឡាឫកថា ព្រះវិហារសាំងសូហ្វ៊ី (Sainte Sophie) នឹងមែនមែន​ជាសារៈមន្ទីរទៀតឡើយ។ ព្រះវិហារនេះ​ នឹងត្រូវប្រែក្លាយជា​វិហារឥស្លាម។ តែយ៉ាងណា លោកបានបញ្ជាក់ថា ព្រះវិហារសាំងសូហ្វ៊ី នឹងនៅតែបើកទ្វារ ស្វាគមន៍ភ្លៀវទេសចរណ៍ទាំងអស់ ទោះអ្នកនោះកាន់ ឬមិនសាសនាឥស្លាមក្តី។ ដើម្បីបើកសម្ភោធលក្ខខន្តិកៈថ្មីនៃព្រះវិហារនេះ លោកប្រធានធិបតីតួកគី បានប្រកាសបើក​ពិធីសូត្រធម៌ឥស្លាមដ៏ធំមួយនៅទីនោះ នៅថ្ងៃទី​២៤​កក្កដា។

ក្រិក និង រុស្ស៊ីខឹងខ្លាំង

ព្រះវិហារសាំងសូហ្វ៊ី ត្រូវក្លាយជា​វិហារសាសនាអ៊ីស្លាម បានធ្វើឲ្យ​សហគមប្រទេសកាន់សាសនាគ្រិស្ត ជាពិសេសក្រុមនិកាយ​អកតូដុក្ស មានការរិះគន់ និងខកចិត្តជាខ្លាំង។ សម្តេចប៉ាប ប្រមុខសង្ឃកាតូលិក បាន​ថ្លែកថា​ព្រះអង្គខកចិត្តរកអ្វីមកផ្ទឹមពុំបានទេ។ រដ្ឋាភិបាលក្រិក បានថ្កោលទោស​ចំពោះការសម្រេចនេះ ដោយ​បានចាត់ទុកថា លោកអ៊ែរដូហ្កាន់ កំពុងងុបងុលនឹងគំនិតជាតិនិយមជ្រុល។ ចំណែកថ្នាក់ដឹកនាំនិកាយសាសនាអកតូដុក្សនៅរុស្ស៊ីវិញ បានមានប្រតិកម្មខឹងសម្បារ យ៉ាងខ្លាំង ចំពោះការសម្រេចរបស់លោកប្រធានាធិបតីតួកគី ដែលគេចាត់ទុកថា មិនគោរព​ចំពោះប្រវត្តិសាស្ត្រ និងការគោរពរបស់អ្នកកាន់និកាយអកតូដុក្ស។

ព្រះវិហារសាំងសូហ្វ៊ីជាទីសក្ការៈ កេរតំណែលនៃអាណាចក្រប៊ីហ្សង់តាំង

តាមពិតទៅ ភាពចម្រូងចម្រាស ទាក់ទិន​នឹងនិម្មិតរូប នៃព្រះវិហារសាំងសូហ្វ៊ីនេះ គឺមាន​ជាយូរមក​ហើយ។ ព្រះវិហារសាំងសូហ្វ៊ី ស្ថិតនៅទីក្រុងអ៊ីស្តង់ប៊ូលបច្ចុប្បន្ន អតីតក្រុងកុងស្តង់ទីណូប (Constantinople) គឺជាស្នាដៃស្ថាបត្យកម្ម​ដ៏ល្អវិចិត្រ កសាងឡើងនៅសតវត្សទី​៦ ក្នុងសម័យអាណាចក្រប៊ីហ្សង់តាំង។ ព្រះវិហារនេះ ជាទីសក្ការៈមានតម្លៃនិម្មិតរូប​សំខាន់ណាស់ សម្រាប់អ្នកកាន់សាសនាគ្រិស្ត និកាយ​អកតូដុក្ស។ គឺទីនេះហើយ​ ដែល​ជាទីរៀបចំពិធីឡើងសោយរាជ្យ​ នៃស្តេចគ្រប់អង្គរបស់អាណាចក្រប៊ីហ្សង់តាំង ក្នុងសម័យបុរាណ។

នៅឆ្នាំ១៤៥៣ អាណាចក្រអូតូម៉ង់ដែលកាន់សាសនាអ៊ីស្លាម បានវាយដណ្តើមយកបានទីក្រុងកុងស្តង់ទីណូប ហើយ​បាន​ធ្វើការកែប្រែព្រះវិហារសាំងសូហ្វ៊ី ទៅ​ជាវិហារអ៊ីស្លាម។ គឺអាណាចក្រអូតូម៉ង់ នេះហើយ ដែលក្លាយ​មកជាប្រទេសតួកគីបច្ចុប្បន្ន។ ហើយ​នៅឆ្នាំ១៩៣៤ លោក Mustafa Kemal Atatürk ស្ថាបនិកប្រទេសតួកគី​ទំនើប បានសម្រេច​ដាក់ព្រះវិហារសាំងសូហ្វ៊ី ធ្វើជាសារៈ មន្ទីរ ដើម្បីធ្វើជាអំណោយ​ដល់​មនុស្សជាតិទាំងអស់។ ព្រះវិហារសាំងសូហ្វ៊ី ត្រូវបានចាត់បញ្ចូលជាសម្បត្តិបិតិកភណ្ឌនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ។ ទេសចរណ៍ជិត៤លាននាក់ ចូលទស្សនាព្រះវិហារដ៏ធំស្កឹមស្កៃនេះ ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ព្រះវិហារសាំងសូហ្វ៊ី មានតម្លៃនិម្មិតរូបធំណាស់ សម្រាប់ប្រជាជនរុស្ស៊ី​ ដែលភាគច្រើន​ជា​អ្នក​កាន់និកាយអកតូដុក្ស។ អតីតរាជធានីកុងស្តង់ទីណូប នៃអាណាចក្រប៊ីហ្សង់តាំង គឺជាបង្អែកគ្រិះវប្បធម៌ ក្នុងការកសាងអាណាចក្ររុស្ស៊ី តាំងតែពីសម័យយុគកណ្តាល​។ ក្រោយ​ការ​ដួលរលំនៃអាណាចក្រប៊ីហ្សង់តាំង រុស្ស៊ីបានតាំងខ្លួនថាគឺជាទាយាទស្នងបន្ត រក្សាការពារវប្បធម៌អរិយធម៌របស់អាណាចក្រ​ប៊ីហ្សង់តាំង។ នេះបើផ្អែកតាមប្រសាសន៍របស់លោក Nikola Mirkovic អ្នកជំនាញអរិយធម៌អឺរ៉ុបខាងកើត។ ក្រោយការសម្រេចរបស់តួគី ដែល​កែប្រែព្រះវិហារ​នេះ ឲ្យទៅជាវិហារ​អ៊ីស្លាម លោកសង្ឃ Kirill ដែលជាប្រធានគណៈសង្ឃអកតូដុក្សធំបង្អស់នៅរុស្ស៊ី បានលើកថា​ ការសម្រេចនេះបានធ្វើឲ្យ​ប្រជាជនរុស្ស៊ី ឈឺចិត្តខ្លាំងណាស់ ព្រោះ​វា​ជា​ការគំរាមដោយផ្ទាល់ មកលើអរិយធម៌សាសនាគ្រិស្ត អកតូដុក្ស។

មហិច្ឆិតានយោបាយ​យកសាសនាឥស្លាមជានុយ របស់​លោក​អ៊ែរដូហ្កាន់

តាមពិតទៅ វាមានហេតុផលន​យោបាយ និងភូមិសាស្ត្រនយោបាយ​ជាច្រើនចំណុច ដែលជំរុញឲ្យ​លោក​អ៊ែរដូហ្កាន់ សម្រេច​ប្តូរលក្ខន្តិកៈនៃ​ព្រះវិហារសាំងសូហ្វ៊ី នៅពេល​នេះ។ ជាបឋម បើយើងពិនិត្យ​​មើលលើទស្សនវិស័យនយោបាយ របស់លោកអ៊ែរដូហ្កាន់ គឺការសម្រេចនេះ មិនមានអ្វីគួរឲ្យចម្លែកទេ ព្រោះវាស្ថិតលើផ្លូវដែលលោកអ៊ែរដូហ្កាន់ដើរ ពោលគឺជាមហិច្ឆិតារបស់លោក ក្នុងការកសាង និងរំលឹកអតីតកាលដ៏អស្ចារ្យ របស់អតីតអាណាចក្រអូតូម៉ង់ឡើងវិញ។

លោកអ៊ែរដូហ្កាន់ កំពុងតែយក​សាសនាឥស្លាម ធ្វើជាកម្មវត្ថុនយោបាយ ដើម្បីអូសទាញបង្កើនការគាំទ្រ មិនថាក្នុងកិច្ចការនយោបាយ​ក្នុងស្រុក និង​ក្រៅស្រុក។​ លោកស្រី Elise Massicard អ្នក​ស្រាវជ្រាវ​ នៅមជ្ឈមណ្ឌល CNRS របស់បារាំង បានអះអាងថា លោកអ៊ែរដូហ្កាន់ កំពុងសម្រេចកម្មវត្ថុរបស់លោកគឺ ការពង្រីកឥទ្ធិពល​​​នយោបាយ​តួកគី តាមរយៈការប្រើសាសនាឥស្លាម។ តួកគីក្រោមការដឹកនាំរបស់​លោកអ៊ែរដូហ្កាន់ បាន​តាំងខ្លួន​ជាប្រទេសឥស្លាមដ៏ធំមួយ ដើរតួនាទីចាត់ចែងកិច្ចការក្នុងតំបន់ ពាក់ព័ន្ធជាមួយ​ប្រទេសជិតខាង។ ក្នុងចំណោមនោះគឺមានប្រទេសកាន់សាសនាឥស្លាមមួយចំនួន​ ហើយ​ដែលពីមុនមក ធ្លាប់ស្ថិតក្រោមក្រញ៉ាំ​នៃអតីរ​សហភាពសូវៀត។ ត្រង់នេះ​ហើយ ដែលធ្វើឲ្យរុស្ស៊ីក្តៅក្រហាយក្នុងចិត្ត ដែលឃើញ​តួកគីមកប្រជែងនឹងខ្លួន ដោយយក​​សាសនាឥស្លាមធ្វើជានុយបែបនេះ។

ប្រការមួយទៀតដែលធ្វើឲ្យ​លោកអ៊ែរដូហ្កាន់ សម្រេចកែប្រែព្រះវិហារសាំងសូហ្វ៊ី ជាវិហារឥស្លាម គឺលោកអ៊ែរដូហ្កាន់ ត្រូវការកសាងមុខមាត់ឲ្យ​​ សហគម​អ្នកកាន់សាសនអ៊ីស្លាមទាំងមូល ស្រលាញ់គាំទ្រ​​រូបលោក។ ជាមួយនឹងសកម្មភាព​វាទទីក្នុងតំបន់ដើមបូព៌ា និងមេឌីទែរ៉ាណេ នាពេលកន្លងមកនេះ ​លោកអ៊ែរដូហ្កាន់ ត្រូវបានក្រុមប្រទេសអារ៉ាប់ កាន់សាសនា​ឥស្លាម​មួយចំនួន មើល​បំណាំ​​រិះគន់មិនតិចទេ​។ ដូច្នេះ នេះជាឱកាសមួយសម្រាប់លោកអ៊ែរដូហ្កាន់ ក្នុងការអូសទាញទឹក​ចិត្ត​គាំទ្រលោកមកវិញ ក្នុងនាម​​ជាអ្នកការពារ​កេរតំណែល ​នៃសាសនាអ៊ីស្លាមនិកាយ​ស៊ូនីត។

ចំណុចមួយទៀតនោះ គឺ​លោកអ៊ែរដូហ្កាន់ ត្រូវការ​ប្រមូល​កម្លាំងឡើងវិញ នៅទីក្រុងអ៊ីស្តង់ប៊ូលតែម្តង​។ ការបោះឆ្នោត​ឃុំសង្កាត់នៅឆ្នាំ២០១៩ គណបក្សរបស់​លោកអ៊ែរដូហ្កាន់ បានចាញ់ឆ្នោតយ៉ាងអាម៉ាស នៅក្រុងអ៊ីស្តង់ប៊ូល។ តាមរយៈ​ការសម្រេចប្តូរលក្ខខន្តិកៈ នៃវិហារសម្បត្តិ​បិតិកភណ្ឌ និម្មិតរូប​ដ៏សំខាន់នៃទីក្រុងអ៊ីស្តង់ប៊ូលនេះ គឺវាជាឱកាសបើកផ្លូវ​ ឲ្យ​លោក​អ៊ែរដូហ្កាន់ មានកម្លាំងចាត់​ចែង​​ឥទ្ធិពល និងអូសទាញ​ការគាំទ្រ​​ក្នុងទីក្រុងដ៏ធំនេះ។

គួរកត់សំគាល់ថា វិហារសាំងសូហ្វ៊ី មានចំណាស់​ប្រមាណ​១៥០០ឆ្នាំហើយ តែទីបំផុត សម្បតិ្តបិតិភណ្ឌមួយនេះ នៅតែត្រូវបាន​​អ្នកនយោបាយ​ យកមក​ធ្វើជា​កម្មវត្ថុបង្កឲ្យ​មានជម្លោះ បែកចែកបក្សពួក ប្រកាន់សាសនាស្អប់គ្នាទៅវិញទៅមក។ អង្គការយូណេស្កូ បានត្រឹមតែសម្តែងការខកចិត្ត ដែលភាគីតួកគី បានសម្រេចធ្វើដូឆ្នេះ​ ដោយគ្មាន​ពិភាក្សាដោះដូរយោបល់មុនទាល់តែសោះ។ នេះសរបញ្ជាក់ថា ដើម្បីសម្រេចមហិច្ឆិតាសួនតួ ជាតិនិយមឥស្លាម​នយោបាយ គឺលោកអ៊ែរដូហ្កាន់ មិនខ្វល់ មិនគោរពនរណាទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ