អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រៀមបញ្ជូនយានទៅកាន់ភពអង្គារ

សំឡេង ០៤:៤៩
ប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រៀមបញ្ជូនយានទៅកាន់ភពអង្គារ
ប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រៀមបញ្ជូនយានទៅកាន់ភពអង្គារ © KARIM SAHIB / AFP
២៩ នាទី

បន្ទាប់​ពី​បាន​បញ្ជូន​អវកាសយានិក​លើកទី១ ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ត្រៀម​បញ្ជូន​យាន​ដែល​មាន​ឈ្មោះ « ក្តីសង្ឃឹម » ទៅ​កាន់​ភពអង្គារ​នៅ​ថ្ងៃ​ពុធ ទី១៥ កក្កដា។ ការ​បញ្ជូន​យាន​ទៅ​កាន់​ភពអង្គារ​ត្រូវ​ធ្វើ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស​ជប៉ុន​តានឺហ្គាស្ហ៊ីម៉ា ហើយ​បើ​អ្វីៗ​មាន​ដំណើរការ​ដូច​ដែល​បាន​គ្រោង​ទុក យាន « ក្តីសង្ឃឹម » នឹង​ទៅ​ដល់​គន្លង​តារាវិធី​របស់​ភពអង្គារ​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២១។ ក្រៅ​ពី​អេមីរ៉ាតអារ៉ាប់រួម ចិន​ក៏​មាន​គម្រោង​បេសកកម្ម​ទៅ​កាន់​ភពអង្គារ​ក្នុង​ខែ​កក្កដា​នេះ​ដែរ។ ហេតុអ្វី​បាន​ជា​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ចាប់​អារម្មណ៍​លើ​ភពអង្គារ និង​ថា តើ​មហិច្ឆិតា​អវកាស​មួយ​នេះ​​នឹង​ទទួល​បាន​ជោគជ័យ​ឬ​អត់ ?។

ផ្សាយពាណិជ្ជកម្ម

បើ​គេ​លើក​ឡើង​ពី​ប្រទេស​អារ៉ាប់​មួយ​ដែល​មាន​អាគារខ្ពស់កប់ពពក​ស្អេកស្កាស់ និង​កោះសិប្បនិម្មិត​ជា​ច្រើន​ដែល​មាន​រាង​ជា​ធាងដូង គេ​ពិត​ជា​ដឹង​ភ្លាម​ថា​ជា​អេមីរ៉ាតអារ៉ាប់រួម​ដែល​មាន​ទីក្រុង​ឈ្មោះ​អាប៊ូដាប៊ី។ មិន​ខុស​ពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ទេ អេមីរ៉ាតអារ៉ាប់រួម​ដែល​ទើប​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៧១ និង​មាន​ទីតាំង​នៅ​ចន្លោះ​ឈូងសមុទ្រ​ពែក្ស និង​ឈូងសមុទ្រ​អូម៉ង់​បាន​ពឹង​លើ​ចំណូល​ពី​ការ​បូមប្រេង​លក់។ តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពោល​តាំង​ពី​តម្លៃ​ប្រេង​បាន​បន្ត​ធ្លាក់​ថ្លៃ​មក អេមីរ៉ាតអារ៉ាប់រួម​បាន​បង្វែរ​ទិសដៅ​សេដ្ឋកិច្ច​ទៅ​រក​វិស័យ​ផ្សេង។ បន្ទាប់​ពី​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​ជា​គោលដៅ​ទេសចរណ៍ ប្រទេស​អារ៉ាប់​អ្នកមាន​មួយ​នេះ​បាន និង​កំពុង​បន្ត​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មី។

តាម​ពិត​ទៅ គម្រោង​បញ្ជូន​យាន « ក្តីសង្ឃឹម » ទៅ​កាន់​ភពអង្គារ​ពេល​នេះ​មិនមែន​ជា​មហិច្ឆតា​អវកាស​លើកទី១ របស់​អេមីរ៉ាតអារ៉ាប់រួម​ទេ។ ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៩ លោក​ហាហ្សា អាល់​មែនស៊ូរី​បាន​ក្លាយ​ជា​អវកាសយានិក​ជនជាតិ​អេមីរ៉ាតអារ៉ាប់រួម និង​ជា​ពលរដ្ឋ​អារ៉ាប់​ទី១ ដែល​បាន​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។ បន្ទាប់​មក ប្រទេស​អារ៉ាប់​មួយ​នេះ​មាន​ផ្កាយរណប​ចំនួន ៩ ដែល​កំពុង​ដំណើរការ និង​គ្រោង​បាញ់​បញ្ជូន​មួយ​ទៀត​នៅ​ឆ្នាំ ២០២១។ ក្រៅ​ពី​នេះ អេមីរ៉ាតអារ៉ាប់រួម​ក៏​ជា​ប្រទេស​អារ៉ាប់​ទី១ ដែល​មាន​បំពាក់​ដោយ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ដែរ។ ចំណែក​បេសកកម្ម​នៃ​យាន « ក្តីសង្ឃឹម » របស់​អេមីរ៉ាតអារ៉ាប់រួម​ទៅ​កាន់​ភពអង្គារ គឺ​ដើម្បី​ថត​យក​រូបភាព​ទាំង​ស្រុង​នៃ​ស្ថានភាព​ឧតុនិយម​របស់​ភពអង្គារ និង​បើក​ផ្លូវ​ឆ្ពោះ​ទៅ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត។

តែ​នេះ​មិនមែន​ជា​មហិច្ឆតា​ចុង​ក្រោយ​ដែល​អេមីរ៉ាតអារ៉ាប់រួម​កំពុង​សម្លឹង​ឃើញ​នោះ​ទេ។ អ្វី​ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​ចង់​បាន​នៅ ១០០ឆ្នាំ​ខាង​មុខ គឺ​សាងសង់​ទីតាំង​មួយ​នៅ​លើ​ភពអង្គារ​សម្រាប់​ឲ្យ​មនុស្ស​រស់នៅ។ អ៊ីចឹង​ហើយ​បាន​ជា​ខណៈ​នេះ គំរូ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ភពអង្គារ​មួយ​ត្រូវ​បាន​រដ្ឋអំណាច​ក្រុង​អាប៊ូដាប៊ី​ផ្តើម​គិតគូរ​សាងសង់​នៅ​លើ​វាលខ្សាច់​ក្រោម​ឈ្មោះ « Science City » ឬ​ទីក្រុង​វិទ្យាសាស្រ្ត​ដោយ​ត្រូវ​ចំណាយ​លុយ​សាងសង់​ជាង ១២០លានអឺរ៉ូ។ មែនទែន​ទៅ អេមីរ៉ាតអារ៉ាប់រួម​បាន​វិនិយោគ​នៅ​ក្នុង​វិស័យ​អវកាស​តាំង​ពី​ជាង ១៥ឆ្នាំ​កន្លង​មក ហើយ​ជម្រើស​នៅ​ក្នុង​វិស័យ​នេះ​ទៀត​សោត​ក៏​មក​ពី​ប្រទេស​អារ៉ាប់​មួយ​នេះ​យល់​ថា អវកាស​គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​អភិវឌ្ឍន៍ និង​ភាព​ឋិតថេរ​របស់​ប្រទេស។

អគ្គនាយក​ទីភ្នាក់ងារ​អវកាស​អេមីរ៉ាតអារ៉ាប់រួម​លោក​ម៉ូហាម៉េដ អាល់ អាបាឌី​បាន​ថ្លែង​ប្រាប់ AFP ថា អវកាស​ជា​ស្ពាន​មួយ​ឆ្ពោះ​ទៅ​អនាគត។ ចំណែក​លោកស្រី​សារ៉ា អាល់ អាមីរី រដ្ឋមន្រ្តី​ក្រសួង​បច្ចេកវិទ្យា និង​ជា​អនុប្រធាន​នៃ​គម្រោង​បញ្ជូន​យាន​ទៅ​កាន់​ភពអង្គារ​បាន​គូសបញ្ជាក់​ប្រាប់ AFP ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ថា គម្រោង​ទៅ​កាន់​ភពអង្គារ​របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ជា​សារ​នៃ​ក្តីសង្ឃឹម​សម្រាប់​តំបន់​និយាយ​ជា​រួម និង​សម្រាប់​ពិភព​អារ៉ាប់ និយាយ​ដោយឡែក។ តាម​លោកស្រី​សារ៉ា អាល់ អាមីរី អេមីរ៉ាតអារ៉ាប់រួម​ចង់​ចែក​រំលែក​ទេពកោសល្យ និង​បទពិសោធន៍​នៅ​ក្នុង​តំបន់​ដោយ​បើក​ទ្វារ​ទទួល​ក្រុម​យុវជន​មក​ពី​គ្រប់​ប្រទេស​អារ៉ាប់​ឲ្យ​ចូលរួម​នៅ​ក្នុង​កម្មវិធី​អវកាស​មួយ​សម្រាប់​រយៈពេល ៣ឆ្នាំ។

លោកស្រី​សារ៉ា អាល់ អាមីរី​បាន​បន្ថែម​ថា ក្រុម​យុវជន​មក​ពី​គ្រប់​ប្រទេស​អារ៉ាប់​អាច​រៀនសូត្រ​បទពិសោធន៍ និង​អាច​ក្លាយ​ជា​ថ្នាល​នៃ​ការ​ផ្លាស់ប្តូរ​សម្រាប់​តំបន់​ទាំង​មូល​ដើម្បី​ចៀសវាង​ពី​ការ​លើក​ឡើង​ជា​តំបន់​គ្មាន​ស្ថិរភាព និង​អសកម្ម។ គួរ​រម្លឹក​ថា អេមីរ៉ាតអារ៉ាប់រួម​ជា​ប្រទេស​ដែល​បាន​ទាក់ទាញ​ក្រុម​យុវជន​បរទេស​មាន​សញ្ញាប័ត្រ​ជា​ច្រើន​លាននាក់​មក​ពី​គ្រប់ជ្រុងជ្រោយ​លើ​លោក ពិសេស​មក​ពី​មជ្ឈិមបូព៌ា និង​អាហ្រ្វិកខាងជើង។ គេ​ត្រូវ​រង់ចាំ​នៅ​ថ្ងៃទី១៥ កក្កដា​ទើប​អាច​ដឹង​ថា តើ​ការ​បាញ់​បញ្ជូន​នាវា​ទៅ​កាន់​ភពអង្គារ​ទទួល​បាន​ជោគជ័យ ឬ​អត់។ បើ​ដំណាក់ការ​ទី១ នេះ​ទទួល​បាន​ជោគជ័យ គេ​ត្រូវ​រង់ចាំ​នៅ​ដំណាក់ការ​ទី២ នា​ខែ​កុម្ភៈ ឆ្នាំ ២០២១ ដើម្បី​ចង់​ដឹង​ថា តើ​យាន​ដែល​បាញ់​បង្ហោះ​នោះ​អាច​ទៅ​ដល់​គន្លង​តារាវិថី​ភពអង្គារ​ដែល​ជា​គោលដៅ​ចុង​ក្រោយ ឬ​អត់។

ដូច្នេះ​នៅ​ពេល​នេះ គេ​នៅ​មិន​ទាន់​អាច​និយាយពី​ជោគជ័យ ឬ​បរាជ័យ​បាន​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​តាម​រយៈ​គម្រោង​ទៅ​កាន់​ភពអង្គារ​ពេល​នេះ អេមីរ៉ាតអារ៉ាប់រួម​សង្ឃឹម​ចូលរួម​នៅ​ក្នុង​ក្លិប​មួយ​ដែល​នៅ​មាន​គ្នា​តិច​នៅ​ឡើយ។ មាន​គ្នា​តិច ព្រោះ​បច្ចុប្បន្ន​នេះ គឺ​ទើបតែ​មាន​សហរដ្ឋអាមេរិក ឥណ្ឌា អតីត​សហភាព សូវៀត និង​ទីភ្នាក់ងារ​អវកាសអឺរ៉ុប​ដែល​បាន​បញ្ជូន​យាន​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពអង្គារ​បានដោយ​ជោគជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ