អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

G២០ រួមប្រជុំគ្នាដើម្បីគិតគូរពីវិធានការស្រោចស្រង់សេដ្ឋកិច្ចសកលនៅក្រោយវិបត្តិកូវីដ-១៩

សំឡេង ០៦:០០
មហាក្សត្រអារ៉ាប៊ីសាអូឌីតព្រះចៅបិន សាន​នៅ​ក្នុង​កិច្ចប្រជុំ G២០ តាម​video conference ថ្ងៃទី១៨ កក្កដា ២០២០
មហាក្សត្រអារ៉ាប៊ីសាអូឌីតព្រះចៅបិន សាន​នៅ​ក្នុង​កិច្ចប្រជុំ G២០ តាម​video conference ថ្ងៃទី១៨ កក្កដា ២០២០ Saudi Royal Palace/AFP/File
៣១ នាទី

នៅ​ថ្ងៃ​សៅរ៍ ទី១៨ កក្កដា​នេះ ប្រទេស​អារ៉ាប៊ីសាអូឌីត​រៀបចំ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារកណ្តាល​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម និង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​ហៅ​កាត់ G២០។ កិច្ចប្រជុំ​តាម Video conference នេះ​បាន​រៀបចំ​ឡើង ខណៈ​ដែល​ពិភពលោក​កំពុង​បន្ត​ញាំញី​ដោយ​ជំងឺ​កូវីដ-១៩ ពិសេស​នៅ​ក្នុង​ប្រទេស​សមាជិក G២០ មួយ​ចំនួន​ដូច​យ៉ាង​សហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិចស៊ិក ឬ​ប្រទេស​ឥណ្ឌា។ អ្វី​ជា​ការ​កត់សម្គាល់ វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង​ដល់​វិស័យ​សេដ្ឋកិច្ច។ តែ​នៅ​ចំពោះ​មុខ ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ព្រមាន G២០ ពី​វិបត្តិ​ប្រាក់បំណុល​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​ក្នុង​លោក។

ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​សំខាន់​នៃ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារកណ្តាល​នៃ​ក្រុម​ប្រទេស G២០ គឺ​ពិភាក្សា​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក និង​សម្របសម្រួល​ឲ្យ​មាន​សកម្មភាព​រួម​ក្នុង​ការ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ពិភពលោក​រឹងមាំ និង​យូរអង្វែង​នៅ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។ ដូច​យើង​បាន​ដឹង​រួច​ហើយ​ថា កូវីដ-១៩ បាន​ធ្វើ​ឲ្យ​គ្រប់​ប្រទេស​ក្នុង​លោក មិន​ថា​ប្រទេស​អ្នក​មាន ឬ​ប្រទេស​អ្នក​ក្រ​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​មាន​ដោយសារ​តែ​វិធានការ​បិទខ្ទប់ប្រទេស​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ អ្វី​ជា​ការ​កត់សម្គាល់ វិបត្តិ​សេដ្ឋកិច្ច​សកល​បង្ក​ឡើង​ដោយ​វិបត្តិ​កូវីដ-១៩ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​បង្ក​ឡើង​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ ២០០៨ ទៅ​ទៀត។

ប្រទេស​សឹង​ទាំង​អស់​ក្នុង​លោក​កំពុង​ស្គាល់​អត្រា​កំណើន​សេដ្ឋកិច្ច​ក្រោម​សូន្យ។ ពិត​ណាស់ គំនាប​សេដ្ឋកិច្ច និង​ភាព​ធូរស្រាល​នៃ​ការ​ឆ្លង​កូវីដ-១៩ បាន​បង្ខំ​ឲ្យ​ប្រទេស​ជា​ច្រើន​លើក​ចេញ​វិញ​នូវ​វិធានការ​បិទខ្ទប់​ទាំង​ស្រុង​របស់​ខ្លួន។ តែ​ចំណោទ​នៅ​ត្រង់​ថា វីរុស​ហាក់​នៅ​មិន​ទាន់​ទៅ​ណា និង​ហាក់​កំពុង​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​បារម្ភ​ពី​រលកឆ្លង​ទី២ ទៀត​ផង។ ក្នុង​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់ IMF បាន​ព្យាករ​ពី​ការ​ធ្លាក់​ចុះ​ផលិតសរុប​ក្នុង​ស្រុក​លើ​លោក​ចំនួន ៤,៩% សម្រាប់​ឆ្នាំ ២០២០ និង​បាន​សម្គាល់​ឃើញ​ពី​សញ្ញា​នៃ​ការ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សកល។ តែ​ឥឡូវ​នេះ IMF បាន​សម្លឹង​ឃើញ​បញ្ច្រាស់​មក​វិញ​ដោយសារ​តែ​ពិភពលោក​ហាក់​កំពុង​ប្រឈម​នឹង​រលក​ឆ្លង​ជំងឺ​កូវីដ-១៩ លើកទី២។

កូវីដ-១៩ កំពុង​ជំរុញ​ឲ្យ​មាន​កំណើន​ភាព​ក្រីក្រ និង​វិសមភាព នេះ​ជា​សារ​របស់​អគ្គនាយិកា IMF លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ G២០។ លោកស្រី​ហ្សកជីវ៉ា​បាន​យល់​ឃើញ​ថា រដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស​សមាជិក G២០ បាន​ចំណាយ​លុយ​ប្រមាណ ១១ ០០០ ០០០លានដុល្លារ​ដើម្បី​ជួយ​ពលរដ្ឋ និង​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ក្នុង​ពេល​បិទខ្ទប់​ប្រទេស​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ-១៩។ ជំនួយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចៀស​ផុត​ពី​ស្ថានភាព​មហន្តរាយ​សេដ្ឋកិច្ច​ក្រោម​ទ្រង់ទ្រាយ​ធំ។ នៅ​ក្នុង​ន័យ​នេះ លោកស្រី​ហ្សក ជីវ៉ា​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស G២០ បន្ត​អនុវត្ត​វិធានការ​ដូច​គ្នា​នេះ​ជា​បន្ត​ទៀត។

ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​លុបចោល​បំណុល​ពី​ក្រុមប្រទេស​ក្រក្រី​ខ្លាំង

ក្រៅ​ពី​គិតគូរ​ស្វែង​រក​យុទ្ធសាស្រ្ត​រួម​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​សកល​នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩ ប្រាក់បំណុល​របស់​ក្រុម​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​លោក​ក៏​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំ G២០។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទាមទារ​ឲ្យ​លុបចោល​ប្រាក់​បំណុល​ពី​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​ទាំង ៧៣ប្រទេស។ ការ​ទាមទារ​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ក៏​ជា​ការ​ចង់​បាន​របស់​កូនបំណុល​ដែល​ចង់​ឃើញ​ម្ចាស់បំណុល​លុបបំណុល​ចោល​ទាំង​ប្រាក់ដើម ទាំង​ការប្រាក់​សម្រាប់​ឆ្នាំ ២០២០។ ចូរ​កុំ​ភ្លេច​ថា​ក្នុង​សម័យ​កូវីដ-១៩ ក្រុម​ប្រទេស​ដែល​វេទនា​ខ្លាំង​ជាង​គេ គឺ​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ ព្រោះ​នៅ​ម្ខាង ត្រូវ​ចំណាយ​លុយ​ទប់ស្កាត់​លើ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ និង​គិតគូរ​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ ហើយ​នៅ​ម្ខាង​ទៀត ត្រូវ​យក​លុយ​ទៅ​សង​ម្ចាស់បំណុល។

ផ្អែក​តាម​របាយការណ៍​របស់​អង្គការ Oxfam ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ កក្កដា មាន​ទឹកប្រាក់​សរុប​ដល់​ទៅ ៣៣ ៧០០លានដុល្លារ​ដែល​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​ទាំង ៧៣ប្រទេស​ត្រូវ​សង​ម្ចាស់បំណុល​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២០។ តាម​ពិត ក្រុម​ប្រទេស G២០ ធ្លាប់​បាន​ឯកភាព​គ្នា​ក្នុង​ខែ​មេសា​ដោយ​យល់​ព្រម​ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ​ខ្លាំង​ពន្យារ​ពេល​សង​បំណុល​រយៈពេល ១ឆ្នាំ។ តាម​អង្គការ Oxfam មាន ៤១ប្រទេស​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ខ្លាំង​ជាង​គេ​ទាំង ៧៣ប្រទេស​ទទួល​បាន​គំនិត​ផ្តួចផ្តើម​មួយ​នេះ។ តែ​អ្វី​ដែល Oxfam ចង់​បាន គឺ​លុបបំណុល​ចោល​តែ​ម្តង​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​មនុស្សជាតិ​រាប់រយ​លាននាក់។

ការ​ទាមទារ​ដូច​គ្នា​នេះ​ក៏​មាន​ពី​អង្គការ Amnesty International ដោយ​អំពាវនាវ​ឲ្យ​លុបចោលបំណុល​សម្រាប់ ២ឆ្នាំ​ខាង​មុខ ពោល​មិនមែន​សម្រាប់​តែ​ឆ្នាំ ២០២០ ទេ។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាហ្សង់ទីន​បាន​អំពាវនាវ G២០ ឲ្យ​បង្កើត​មូលនិធិសាមគ្គីសកល​មួយ​សម្រាប់​ជួយ​ក្រុមប្រទេស​ក្រីក្រ​ខ្លាំង​ដែល​រងគ្រោះ​ដោយ​កូវីដ-១៩។ ឃើញ​ថា​មក​ទល់​ពេល​នេះ រឿង G២០ លុបចោល​ប្រាក់បំណុល​ប្រហែល​ជា​ពិបាក តែ​បើ​រឿង​ពន្យារ​ពេល​សងប្រាក់បំណុល​ដល់​ឆ្នាំ ២០២១ ប្រហែល​ជា G២០ អាច​ស្រុះស្រួល​គ្នា។ ចូរ​កុំ​ភ្លេច​ថា ក្រុម​ប្រទេស G២០ ខ្លួន​ឯង​ក៏​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែល​ញាំញី​ដោយ​កូវីដ-១៩ ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ