អានតួអត្ថបទ

អេមីរ៉ាតអារ៉ាប់រួម ដាក់​ដំណើរការ​មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល ដំបូង​គេ​នៅ​ពិភព​អារ៉ាប់​

Les Emirats arabes unis sont entrés samedi dans le club des pays utilisant l'énergie nucléaire civile avec la mise en service de leur centrale de Barakah, la première du monde arabe. -AFP
Les Emirats arabes unis sont entrés samedi dans le club des pays utilisant l'énergie nucléaire civile avec la mise en service de leur centrale de Barakah, la première du monde arabe. -AFP © afp
ដោយ៖ ហេង ឧត្តម
1 នាទី

ថ្ងៃសៅរ៍​​ ទី១សីហា​ នាយករដ្ឋមន្ត្រីអេមីរ៉ាតអារ៉ាប់រួម បញ្ជាក់ថា​ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បាន​សម្រេច​ដាក់​ដំណើរការ ​ដោយជោគជ័យ នូវ​មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល ជាលើកដំបូង​គេ​នៅ​ពិភព​អារ៉ាប់​។ ការ​ប្រកាសនេះ ធ្វើ​ឱ្យ​ប្រទេស ​កាតា ជាគូប្រជែង ខឹង​ និង​ចោទថា មជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែ​រ​របស់​អារ៉ាប់រួម គឺជាគ្រោះថ្នាក់​ដល់​សន្តិសុខ និង​ប៉ះពាល់ដល់​សន្តិភាពក្នុង​តំបន់​ដើមបូព៌ា។

ផ្សាយពាណិជ្ជកម្ម

Hamad Alkaabi មន្ត្រីតំណាងអេមីរ៉ាតអារ៉ាប់រួម ប្រចាំនៅអង្គការថាមពលអន្តរជាតិ AIEA បានគូសបញ្ជាក់ ថា នេះជាជំហានថ្មីមួយទៀតនៃ​ប្រវត្តិ​សាស្ត្រ​របស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការផ្តល់ថាមពលស្អាត សម្រាប់ប្រជាជាតិរបស់ខ្លួន។ ទម្រាំមាន​ថ្ងៃនេះ ប្រទេស​ដ៏​មាន​ប្រភព​ប្រេងនិងឧស្ម័ន ដូច​អេមីរ៉ាតអារ៉ាប់រួម បានត្រៀម​ខ្លួន​ និងអភិវឌ្ឍបច្ចេកទេស ច្រើន​ទសវត្សរ៍ តាំងពី​ឆ្នាំ​១៩៧០មកម្ល៉េះ។

មជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរស៊ីវិល មូលដ្ឋាន​នៅ​ បារ៉ាកាស (Barakah) ​ភាគពាយ័ព្យ​នៃ​ផ្ទៃប្រទេស មាន​ក្បាល​រេអាក់ទ័រ​ចំនួន​៤​ ដែល​អាច​ផលិត​​អគ្គិសនី ៥ ៦០០ ម៉េហ្គាវ៉ាត់ ពោលគឺអាច​​បម្រើ​សេចក្តីត្រូវការ​​របស់ពលរដ្ឋ ​២៥ភាគរយ។​ ដំបូងឡើយ​ គេប្រុង​ប្រកាសដំណើរ​ការ​តាំងតែពីឆ្នាំ​២០១៧មកម្ល៉េះ តែ​ត្រូវ​លើកពេល ដោយ​បញ្ហា​បច្ចេកទេស​ និងសុវត្ថិភាព ទើបតែពេល​នេះ ទើប​សម្រេច​ប្រកាស​ដំណើរការ​ ជា​ផ្លូវការ​ មែនទែន​។​ មជ្ឈមណ្ឌលថាមពលនេះ​ សាងសង់​​ឡើង​ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុម​ហ៊ុនកូរ៉េខាងត្បូង​​ Korea Electric Power Corporation (KEPCO) ក្នុង​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន ប្រហែល ២៤,៤ ពាន់​លាន​ដុល្លារ​។

ក៏ប៉ុន្តែ រោងចក្រថាមពលនេះ ធ្វើឱ្យ​ប្រទេស​គូសត្រូវ ​ក្នុង​តំបន់ មិនសូវ​​សប្បាយ​ចិត្ត​នោះទេ។ កាតា ជា​ប្រជែង​យុទ្ធសាស្ត្រ​ យល់ឃើញថា មជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរ បារ៉ាកាស (Barakah)  នៅកៀកក្បែរជាប់នឹងរបងប្រទេស​ខ្លួនពេក​​ ហើយក៏​គំរាម​ដល់​សន្តិសុខ​នៅក្នុង​តំបន់ ព្រមទាំង​នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថានផង​​។ អេមីរ៉ាតអារ៉ាប់រួម បាន​ថ្លែងការពារខ្លួន​ថា មជ្ឈមណ្ឌលថាមពលនេះ នឹង​បម្រើ​តែ​ផលប្រយោជន៍​ថាមពលស៊ីវិល​ប៉ុណ្ណោះ។

តាំងតែពីឆ្នាំ​២០១០មក អេមីរ៉ាតអារ៉ាប់រួម បាន​បើកចំហបង្ហាញ​តម្លាភាព ដោយទទួល​ស្វាគមន៍​ក្រុម​អធិការកិច្ច​អន្តរជាតិ​ និង​ អង្គការថាមពលអន្តរជាតិ AIEA ឱ្យ​ចុះ​ត្រួតពិនិត្យ ចំនួន​ជាង​៤០ដង​មកហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ