អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បាតុកម្ម​​នៅ​អ៊ីស្រាអែល ​ទារ​ឱ្យនាយករដ្ឋមន្ត្រី​ចុះ​ពី​តំណែង ព្រោះ​តែ​ពុករលួយ​ និង​វិបត្តិ​កូវីដ

សំឡេង ០៦:៥៤
Des dizaines de milliers de personnes étaient rassemblées samedi 1er août à Jérusalem pour protester contre le Premier ministre Netanyahu, soupçonné de corruption.
Des dizaines de milliers de personnes étaient rassemblées samedi 1er août à Jérusalem pour protester contre le Premier ministre Netanyahu, soupçonné de corruption. REUTERS/Ronen Zvulun
ដោយ៖ ហេង ឧត្តម
៣៣ នាទី

បាតុកម្មខ្លាំងឡើងៗ និងច្រើនឡើងៗ នៅអ៊ីស្រាអែល  ទាមទារឱ្យលោកនាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ ចុះចេញពីតំណែង ដោយសារតែលោករងការចោទប្រកាន់ដោយតុលាការពីបទពុករលួយផង និងដោយសារតែវិបត្តិកូវីដផង។ ក្នុងប្រទេសដែលមានប្រជាជនប្រមាណ៩លាននាក់ អ៊ីស្រាអែលមានអ្នកឆ្លងរោគកូវីដ១៩ ចំនួនផ្លូវការ គឺជាង ៧ម៉ឺន ២ពាន់នាក់  ហើយស្លាប់ជាង ៥២០ នាក់។ នៅពេលនេះ អ៊ីស្រាអែលក៏​ជាប់ជាប្រទេសមួយនៅក្នុងចំណោមប្រទេស១៥ផ្សេងទៀត ដែល បារាំង បានចេញវិធានការត្រួតពិនិត្យនិងធ្វើតេស្តយ៉ាងតឹងតែងចំពោះអ្នកដំណើរតាមយន្តហោះ ដែលចេញពីអ៊ីស្រាអែល ឬធ្វើដំណើរឆ្លងកាត់តាមប្រទេសនេះ។

ផ្សាយពាណិជ្ជកម្ម

បាតុកម្មនៅអ៊ីស្រាអែល ​ មានមនុស្សចូលរួម​​ច្រើន​រាប់​ពាន់នាក់ និងធ្វើ​ឡើង​​ ជាច្រើនសប្តាហ៍​មកហើយ តែ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ មាន​មនុស្ស​ចូលរួម​ ច្រើន​ជាងសព្វដង គឺ​រហូត​ដល់ទៅ​ច្រើនជាង​​​១ម៉ឺននាក់ឯណោះ​។​ តើ​មូល​ហេតុអ្វី​?​

តាម​ការ​ប៉ាន់ប្រមាណ​របស់​កាសែត​ក្នុងស្រុក ថ្ងៃ​សៅរ៍ ទី​១សីហា គឺមនុស្ស​ច្រើន​ជាង​១ម៉ឺន ដែល​ផ្តុំ​គ្នា​នៅ​មុខ​និវេសនដ្ឋាន​​នាយករដ្ឋមន្ត្រី​ នេតាន់យ៉ាហ៊ូ នៅ​ក្រុង​ហ្សេរុយសាឡិម។ ក្រុង​ធំ​ៗ​ជាច្រើន​ផ្សេងទៀត ក៏​មាន​បាតុកម្មសន្ធឹកសន្ទាប់​ដែរ ដូចជានៅ​​ក្រុង​តេឡាវី ជាដើម។ មុខ​ផ្ទះ​ឯកជនផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តី​ នៅជាប់​ឆ្នេរសមុទ្រឯណោះ​ ក៏​បាតុករ​ប្រមូល​ផ្តុំគ្នា​តវ៉ា ធ្វើបាតុកម្ម​ស្រែកទាមទារ​ឱ្យ​ប្រមុខរដ្ឋាភិបាល​រូបនេះ ចុះចេញពី​តំណែង​ដែរ​។ ទិដ្ឋភាពបាតុករ​យ៉ាង​រស់រវឹក​ និងសម្រែក​ហោដោយ​កំហឹង​នេះ កើត​មាន​ច្រើន​សប្តាហ៍​មកហើយ។

មូលហេតុ​ មាន​ពីរ​ធំ​ចម្បង ដែល​ទាក់ទង​គ្នា។ ទី១ នាយករដ្ឋមន្រ្តី​លោក ​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ បានជាប់ចោទបទ​ឧក្រិដ្ឋព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងសំណុំរឿង ពុករលួយ ស៊ីសំណូកសូកប៉ាន់​ និងរំលោភទំនុកចិត្ត។​​តុលាការ​បើក​សវនាការ​ជនុំជម្រះ​ ចំនួន​ពីរលើកហើយ​។ អ្នក​តវ៉ាខ្លះស្រែក​ថា ​មិន​ចង់​បាន​នាយករដ្ឋមន្ត្រី​ ដែល​ពុក​រលួយ ដឹកនាំ​ប្រទេស​​នោះទេ។

បញ្ហាទី២ គឺ ​វិបត្តិ​សេដ្ឋកិច្ច​ ដរចេញពី​មេរោគ​កូវីដ១៩។ ផលវិបាកកូវីដ១៩ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​សេដ្ឋកិច្ចអ៊ីស្រាអែលធ្ងន់ធ្ងរ​​ ពិសេសធ្វើ​ឱ្យ​មាន​​វិបត្តិ​អត់​ការងារ​ធ្វើ​តែម្តង។​ ​កំណើន​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ ក្នុង​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយ។ ខែ​កុម្ភៈ អ្នក​អត់​ការធ្វើ មានតែ​៣,៤ភាគរយ​ប៉ុណ្ណោះ តែពេល​នេះ វាកើន​លើស​២០ភាគរយទៅ​ហើយ​ ក្នុង​ចំណោម​ប្រជាជន​​ ប្រហែល​​៩លាន​នាក់​។

ហ្វូងបាតុករ​ បាន​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​អ៊ីស្រាអែល​ និងនាយករដ្ឋ​មន្ត្រី​នេតាន់យ៉ាហ៊ូ​ ដែ​ល​ជាប់ឈ្មោះពុក​រលួយ​ផង និងដែល​ចាត់ការ​ដោះស្រាយ​វិបត្តិ​កូវីដ​១៩ មិនទាន់​បាន​ប្រសើរ នាំឱ្យ​ជាតិ​ធ្លាក់​ក្នុងសភាព​បែបនេះ​។

ប្រឈម​មុខ​នឹង​បញ្ហា​ដូច្នេះ តើ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល ប្រុង​​ដោះស្រាយរក​ច្រកចេញ​​យ៉ាងណា?​

​កន្លង​មក  ដើម្បី​រំងាប់កំហឹង​មហាជន នាយករដ្ឋមន្ត្រី ​នេតាន់យ៉ាហ៊ូ​ បាន​ដាក់​​ផែនការ​ជំនួយសម្រាប់​ពលរដ្ឋ​ទាំង​អស់ ​ដែល​មាន​ទឹកប្រាក់​ប្រមាណ ២២ ៥០០ លានអឺរ៉ូ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ពលរដ្ឋ​ ៦១% នៅតែ​មិន​ពេញ​ចិត្ត​នឹង​ការ​គ្រប់គ្រង​វិបត្តិ​កូវីដ-១៩ របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ នោះ​ទេ។

ករណី​ចលនាបាតុកម្មវិញ​ ​នគរបាល​បានបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និងបាញ់ទឹកបំពេញ​បាតុករ តែពេលខ្លះ ក៏ប៉ូលិស​សំពង​នឹង​ដំបង​ដែរ។ បាតុករ​ច្រើន​នាក់ត្រូវចាប់ខ្លួន ពីបទ​បង្ករឱ្យ​ខូស​សណ្តាប់ធ្នាប់​សាធារណៈនិងប្រើ​ហិង្សា​លើ​សមត្ថកិច្ច។  ទន្ទឹមនឹងគ្នា​ អគ្គស្នងការនគរបាល​ជាតិ​អ៊ីស្រាអែល បោះពាក្យ​សម្តី​ថា មិនអត់ឱ្យ​ដាច់ខាត​ចំពោះ​បាតុកម្ម​ហិង្សា។ ជាក់ស្តែង ក្រុម​ប៉ូលិស​អ៊ីស្រាអែល បាន​វាយ​សំពង​បាតុកម្មខ្លះ យប់​ថ្ងៃអង្គារកន្លងទៅ ខ្លះ​បែកក្បាល បែកមុខ​ ហូរ​ឈាម​។​ ក្រុមអ្នក​នយោបាយ​ប្រឆាំង​ កាន់តែបាន​ឱកាស​ស្តីឱ្យ​​លោក​នាយករដ្ឋមន្ត្រីថា មានបាតដៃប្រឡាក់ឈាម​។

យ៉ាងណាក៏ដោយ គណបក្ស​លីគូដ (Likoud) របស់​​នេតាន់យ៉ាហ៊ូ​ បាន​ចោទ​ប្រកាន់​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរទស្សន៍​ក្នុងស្រុក ថា​ចេះតែ​ផ្សាយ​បំបោង​ការពិត និង​ឈ្មុសឈ្មុលផ្សាយ​រូបភាព​បាតុករឱ្យ​ឃើញ​ច្រើនៗ ថា​សម្បើមណាស់ ក្នុង​ចេតនាអាក្រក់ ចង់​ទាញ​ទម្លាក់នាយករដ្ឋមន្ត្រី​ដ៏​ខ្លាំង​មួយរូប ឱ្យធ្លាក់​​ទឹក​។ ចំពោះលោក ​​​​នេតាន់យ៉ាហ៊ូផ្ទាល់ លោក​ចង់ឱ្យ​គេ​ពិនិត្យ​ផង​ពី​អំពើហិង្សារ​បស់​បាតុករ​ ដែល​អំពាវនាវដោយ​កំរោល​​ ​ដោយ​ហិង្សា​ផង និងហាក់ដូចមាន​ចេតនា​ ចង់​សម្លាប់​រូប​លោក​និងគ្រួសារ​ ទៀតផង។​

អ្នក​វិភាគស្ថានការណ៍​ខ្លះ ​​ជឿជាក់ថា អ៊ីស្រាអែល អាច​នឹង​ឆ្លង​ផុត​ពីវិបត្តិ​បាតុកម្ម​នៅលើកនេះ ហើយ​អាច​ស្តារ​ប្រជាប្រិយភាព​របស់​លោក ​​នេតាន់យ៉ាហ៊ូ​ បា​នមកវិញ?​

បើ​និយាយ​ពីតួអង្គលោក នេតាន់យ៉ាហ៊ូ ហាក់ដូច​ជា​ ឆ្អឹងអណ្តែទឹក ជាមនុស្ស​មាន​សំណាង មានឆ្អឹងមាស បាន​ឆ្លង​គ្រោះ​ថ្នាក់​នយោបាយ​និង​វិបត្តិ​ច្រើនណាស់ តែ​លោកនៅតែ​បន្ត​នៅដឹកនាំប្រទេស​បាន​តែរហូតមក ហើយ​ជាប់ឈ្មោះ​ជានាយករដ្ឋមន្ត្រី​យូរជាងគេ​ក្នុងប្រវត្តិ​ប្រទេស​របស់ខ្លួន។

ចំពោះ​សភាពការណ៍លើកនេះ អ្នក​វិភាគ ​គិតថា លោកអាច​នឹង​ទាញប្រជាប្រិយភាព តាមរយៈ​​កម្លាំងស្នេហាជាតិ គឺរឿង​ព្រំដែន​ និងទឹក​ដី។ មិនថ្មីទេ គេដឹងស្រាប់ពីរឿង​កេងចំណេញ​នយោបាយ​វាតទីនិយម ទៅលើ​តំបន់​កាហ្សា និង​ហ្សកដង់ ហើយ​និងបំពានដីធ្លី​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន។

​នៅពេល​នេះទៀត ភាព​តាន់តឹង​នៅព្រំដែន​ រវាង​អ៊ីស្រាអែលនិងក្រុម​ឧទ្ទាម​ Hezbollahលីបង់គាំទ្រអ៊ីរ៉ង់ គឺ​កំពុង​តែ​មាន​សន្ទុះ​ខ្លាំងឡើង។ ព្រោះមាន​ការប៉ះទង្គិច​សម្តី​គ្នា​ខ្លាំងផង។​ កាលពីឆ្នាំ២០០៦ ជម្លោះរវាង ​​អ៊ីស្រាអែល និង​ Hezbollah បាន​សម្លាប់​មនុស្ស​ជាង​១ពាន់​៣រយ នាក់។ នៅពេលនេះ អ៊ីស្រាអែ​ល ថា Hezbollah លីបង់ កំពុងតែ​ប្រលែង​លេង​ភ្លើង​ទៀត​ហើយ!​

ហេតុនេះ​  ថ្នាក់ដឹកនាំ​នយោបាយ​អ៊ីស្រាអែល អាច​នឹង​បង្ហាញ​ចំណាត់ការថ្មី​ ដើម្បីបង្វែរ​សាធារណមតិ​ឱ្យ​មើលទៅ​បញ្ហាព្រំដែន ហើយ​បំភ្លេច ឬធ្វើ​ឱ្យ​ស្ងាត់ ការ​តវ៉ារឿងពុករលួយរបស់​នាយករដ្ឋមន្ត្រី និង​ចន្លោះ​ប្រហោង​របស់រដ្ឋាភិបាលចំពោះ​ចំណាត់​ការ​ដោះស្រាយ​កូវីដ​១៩។

ផ្ទុយទៅវិញ ការបាតុកម្ម​កាន់តែ​ខ្លាំង និងកាន់តែ​ហិង្សា អាច​នឹងធ្វើ​ឱ្យ​ស្ថានការណ៍​ ខុស​ពីការគិត​ខាងលើនេះផង​ ក៏​អាច​ទៅរួច​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ