អានតួអត្ថបទ

រដ្ឋមន្ត្រីការបរទេស​លីបង់ សុំលាចុះ​ពីតំណែង ព្រោះខ្វែងគំនិតគ្នា​ចំពោះ​កំណែទម្រង់ជាតិ

រដ្ឋមន្ត្រីការបរទេស​លីបង់ សុំ​លាឈប់​ពីតំណែង ក្រោយ​ដំណើរ​ទស្សនកិច្ចរបស់ប្រមុខការទូត​បារាំង ចំនួន​១០ថ្ងៃ។​
រដ្ឋមន្ត្រីការបរទេស​លីបង់ សុំ​លាឈប់​ពីតំណែង ក្រោយ​ដំណើរ​ទស្សនកិច្ចរបស់ប្រមុខការទូត​បារាំង ចំនួន​១០ថ្ងៃ។​ JOSEPH EID / AFP
ដោយ៖ ហេង ឧត្តម
១៤ នាទី

នៅតំបន់​ដើមបូព៌ាពីថ្ងៃ​ចន្ទ ប្រមុខការ​ទូត​លីបង់ លោក ណាស៊ីវ ហ៊ីទី (Nassif Hitti) ដែលទើបតែ​កាន់តំណែង​បានជាងកន្លះឆ្នាំ បាន​សម្រេច​សុំ​លាចុះពី​មុខ​តំណែង។ លោករដ្ឋមន្ត្រី​ការបរទេស​លីបង់​ អះអាងថា ការលាឈប់​នេះ ពីព្រោះតែ​លោក​ពុំអាច​បំពេញ​មុខងារ​ឱ្យ​បាន​ល្អ​សម្រាប់ប្រទេស​ជាតិ នៅក្នុង​កាលៈទេសៈ​មួយ​ដ៏​លំបាក​តឹងតែង​បំផុត ហើយ​ថ្នាក់ដឹកនាំនយោបាយ មានច្រើន​និន្នាការ មាន​គំនិត​មិនចុះសម្រុងគ្នា ហើយ គ្មាន​ឆន្ទៈ​កែទម្រង់​ស៊ីជម្រៅ ទៅ​តាមការចង់បាន​របស់ប្រជា​​ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ​។ 

ផ្សាយពាណិជ្ជកម្ម

ការ​លាឈប់​ពីតំ​ណែង​របស់​រដ្ឋមន្ត្រីការបរទេសរូបនេះ ​បង្ហាញពីភាព​ធ្លាក់​ដុប​ដាប​កាន់តែខ្លាំង​របស់ ​លីបង់។ ប្រទេស​នេះ ជួប​បញ្ហា​សេដ្ឋកិច្ចនិងនយោបាយ  ច្រើន​ឆ្នាំមកហើយ ដោះស្រាយ​មិនចេញ។ ពលរដ្ឋ​ចុះផ្លូវតវ៉ា ចោទរដ្ឋថាពុករលួយ។ វិបត្តិ​សេដ្ឋកិច្ច​រ៉ាំរៃ ហើយត្រូវជួប​វិបត្តិ​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​កាន់​តែ​ទ្រុឌទ្រោម។ ទំនិញ​ឡើងថ្លៃ លុយ​កាក់​ចុះថោក ជាន់​លើ​វិបត្តិអត់ការងារ​កើនកាន់ខ្ពស់។ ​ពលរដ្ឋលីបង់​​៣៥ភាគរយ​គ្មានការ​​ងារធ្វើ ហើយ​ប្រជាជន​ជាង​ពាក់កណ្តាល ​រស់​នៅក្នុង​ភាពក្រីក្រ​។ ដង្ហើម​សេដ្ឋកិច្ច​របស់ ​លីបង់ ​ត្រូវការ​កែទម្រង់ ជាចាំបាច់។ តាំងតែពី​ឧសភាមក លីបង់ បាន​ទទូច​សុំ​ជំនួយនិងសុំខ្ចីលុយ១០ពាន់លានដុល្លារ ពី​​អង្គការ​រូបិយវត្ថុ​អន្តរជាតិ ដើម្បីស្តារ​សេដ្ឋកិច្ច​។

ការ​សុំ​ដកខ្លួន​របស់ប្រមុខការទូត​​ ដែល​ជាតំណាងឱ្យ​បុគ្គលចង់កែទម្រង់​ នយោបាយ​និង​សេដ្ឋកិច្ច រូបនេះ គឺត្រូវគេឃើញ​ថា ធ្វើ​ឡើងក្រោយពី​​ដំណើរ​ទស្សនកិច្ច​ ថ្ងៃទី​២៣កក្កដា របស់​រដ្ឋមន្ត្រីការបរទេស​បារាំង ទៅ​លីបង់។ បារាំង ដែលអះអាងថា​ចង់​ជួយលីបង់ គឺចង់ឃើញ​ លីបង់ កែទម្រង់​សេដ្ឋកិច្ច​ ពិសេស​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​សហគ្រាស ក្រុមហ៊ុន​ឯកជន និងការ​ជួយ​ទ្រទ្រង់​ដល់​សហគ្រាសធនតូចនិងធម្យម។ ក៏ប៉ុន្តែ បារាំង​ហាក់​កាត់​សម្គាល់ថា ថ្នាក់ដឹកនាំនយោបាយ​​លីបង់ ហាក់​គ្មាន​យន្តការ​កែទម្រង់​ស៊ីជម្រៅសោះ ត្រង់វិស័យ​នេះ។

រដ្ឋមន្ត្រី​ការទូតលីបង់ដែល​សុំ​លាឈប់ ​ដឹង​យ៉ាង​ច្បាស់​ពីចំណុច​នេះ។ លោក ណាស៊ីវ ហ៊ីទី សរសេរក្នុងសេចក្តីថ្លែងការណ៍​សុំ​លាឈប់ពីតំណែង ថា ពីមុនមក លោក​សម្រេចចិត្ត​ជួរ​រដ្ឋាភិបាល​ព្រោះ​ចង់​បម្រើជាតិ តែ​ពេល​នេះ ជាតិ​មានមនុស្ស​ដឹកនាំ​ច្រើន​គ្នា​ពេក មាន​ផលប្រយោជន៍​បក្សពួក​ខ្វែង​គ្នា​ពេក ធ្វើឱ្យ​រូប​លោក​មិន​អាចធ្វើការ​បាន​ល្អ តាមការ​ចង់​បាន​នោះ ហេតុនេះ​លោក​សុំដើរចេញហើយ។

ដោយឡែក ចំពោះនយោបាយ​ការបរទេសវិញ ​អ្នក​វិភាគនយោបាយលីបង់ បញ្ជាក់ដែរថា លោករដ្ឋមន្ត្រី ហាក់​មាន​គោលជំហរ​ខ្វែង​គ្នានឹងនាយករដ្ឋមន្ត្រីលីបង់ Hassan Diab ចំពោះ​បន្ទាត់​នយោបាយ​អន្តរជាតិ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ