អានតួអត្ថបទ
អ.ស.ប-ជម្លោះ​ប្រដាប់​អាវុធ​

អ.ស.ប ថា​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយ​វិបត្តិ​កូវីដ​អាចនឹង​ធ្វើ​ឲ្យ​ជម្លោះ​ប្រដាប់​អាវុធ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក

រូបភាពបង្ហាញពីកងទ័ពស្មោះត្រង់នឹងរដ្ឋាភិបាលលីប៊ីដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ត្រៀមខ្លួនមុនពេលធ្វើដំណើរទៅក្រុង Sirte ប្រទេសលីប៊ីកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។
រូបភាពបង្ហាញពីកងទ័ពស្មោះត្រង់នឹងរដ្ឋាភិបាលលីប៊ីដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ត្រៀមខ្លួនមុនពេលធ្វើដំណើរទៅក្រុង Sirte ប្រទេសលីប៊ីកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។ REUTERS - Ayman Al-Sahili
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

ជំងឺរាតត្បាត​សកល​កូវីដ១៩​ មិន​ត្រឹមតែ​កំពុង​ធ្វើឲ្យ​ស្ថានភាព​មនុស្សធម៌​កាន់តែ​យ៉ាប់យ៉ឺន​ក្នុង​តំបន់​មានជម្លោះ​នៅ​ទូទាំង​ពិភពលោក​នោះទេ​ ក៏ប៉ុន្តែ​បើតាម​ អ.ស.ប ផល​ប៉ះពាល់​សេដ្ឋកិច្ច​បង្ក​ដោយ​វិបត្តិ​កូវីដ​ក៏​អាចនឹង​ធ្វើឲ្យ​អំពើហិង្សា​កាន់តែ​កើនឡើង​ខ្លាំង​ផងដែរ​។

ផ្សាយពាណិជ្ជកម្ម

មន្ត្រី​អ.ស.ប​ បាន​លើកឡើង​ថា​ មេរោគ​កូវីដ១៩​ កំពុង​តែ​បិទ​ផ្លូវ​កម្មវិធី​ជំនួយ​នានា​នៅក្នុង​តំបន់​មានជម្លោះ​នៅទូទាំង​ពិភពលោក​ ពីព្រោះតែ​ប្រទេស​មហាអំណាច​ដែលជា​ម្ចាស់​ជំនួយ​ បាន​បង្វែរ​ការយក​ចិត្តទុកដាក់​ និង​ធនធាន​របស់​ពួកគេ​ យកទៅ​ប្រយុទ្ធប្រឆាំង​ទល់នឹង​ជំងឺកូវីដ​ដែលជា​រោគ​ធ្វើឲ្យសេដ្ឋកិច្ច​ប្រទេស​​ទាំងនោះ​ត្រូវ​ដើរ​អូស​ជើង​។

“មានការ​ព្រួយបារម្ភ​ខ្ពស់​ដែលថា​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយ​វិបត្តិកូវីដ​ នឹង​បង្កឲ្យមាន​ភាព​ច្របូកច្របល់​និង​ជម្លោះ​ប្រដាប់​អាវុធ​កាន់តែច្រើន​និង​មានសភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​”​។​ នេះ​គឺជា​ប្រសាសន៍​របស់​លោក រីឆាត​ ហ្គូវវ៉ាន​ អ្នក​ជំនាញ​របស់​អ.ស.ប ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មានបារាំង​ AFP​។

គួរគូសបញ្ជាក់ជូនថា​ អគ្គលេខាធិការ​ អ.ស.ប​ លោក អង់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) ធ្លាប់​បាន​អំពាវនាវឲ្យ​មាន​បទឈប់បាញ់​ជា​សកលមួយ​ជាច្រើនខែ​មកហើយ​ ពោល​គឺ​តាំង​ពីខែមីនា​មកម្ល៉េះ​។ ក៏ប៉ុន្តែ​សេចក្តី​អំពាវនាវ​នេះ​មិនត្រូវបានគេ​យកចិត្ត​ទុកដាក់​ឡើយ​ ដោយការ​វាយប្រយុទ្ធ​នៅតែ​បន្តផ្ទុះឡើង​នៅក្នុង​ចំណុចក្តៅៗ​ដូចជា​នៅ​យេម៉ែន​ លីប៊ី​ និង​ស៊ីរី​ជាដើម​។ល។

នៅក្នុង​ប្រទេស​យេម៉ែន​ដែលជា​កន្លែង​ជនស៊ីវិល​រាប់ម៉ឺននាក់​បាន​ស្លាប់​តាំងពី​ឆ្នាំ​ ២០១៥ បើតាម​ការ​ពិពណ៌នា​របស់​មន្ត្រី​ អ.ស.ប​ វិបត្តិ​មនុស្សធម៌​នៅទីនោះ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​គេបំផុត​ដោយសារ​ការ​វាយ​ប្រយុទ្ធគ្នា​កាន់តែ​មាន​សន្ធឹក​ខ្លាំងឡើងៗ​។

លោកម៉ាក ឡូខុក (Mark Lowcock) ប្រធានផ្នែក​ជំនួយ​សង្គ្រោះ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​និយាយថា​ “ភាព​អត់ឃ្លាន​ជាថ្មីម្តងទៀត​កំពុង​ស្ថិត​ចំណុចដ៏គ្រោះថ្នាក់​មួយ​។ ជម្លោះ​ប្រដាប់អាវុធ​ កំពុងតែ​បន្ត​កើន​ឡើង។ រីឯ​ សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ជាច្រើន​ក៏​ត្រូវ​ជាប់គាំង​លែងអាច​ដើរទៅមុខ​រួចបាន​ ហើយទីភ្នាក់ងារមនុស្សធម៌វិញ​ក៏​ត្រូវ​ជិត​ដួល​រលំ​សាជាថ្មីម្តងទៀតដែរ​”។

បន្ថែមពីនេះ​ លោក ម៉ាក​ ឡូខុក​ បាន​លើកឡើង​ថា​ ជំងឺ​រាតត្បាត​សកល​ដ៏​កាចសាហាវ​-កូវីដ១៩​ បាននិងកំពុង​បង្កើតជា​បញ្ហាថ្មីៗ​ជាច្រើន​ ដែល​គេ​ពិបាក​នឹង​គ្រប់គ្រង​ ឬក៏​ដោះស្រាយ​វា​បានខ្លាំងណាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ