អានតួអត្ថបទ

ផ្ទុះនៅកំពង់ផែបេរូត៖ ក្រុមជួយសង្គ្រោះ​នៅបន្តរុករក​អ្នកបាត់ខ្លួន​ជាង​៦០នាក់

រូបភាព​ទូទៅ​នៅតំបន់​ក្បែរ​កំពង់ផែលីបង់​ដែលមានហេតុការណ៍​ផ្ទុះកាលពីថ្ងៃ​អង្គារទី​៤សីហា ២០២០
រូបភាព​ទូទៅ​នៅតំបន់​ក្បែរ​កំពង់ផែលីបង់​ដែលមានហេតុការណ៍​ផ្ទុះកាលពីថ្ងៃ​អង្គារទី​៤សីហា ២០២០ REUTERS - HANNAH MCKAY
ដោយ៖ ឈាង បុប្ផា
១៨ នាទី

៤ថ្ងៃ​ក្រោយ ហេតុការណ៍​ផ្ទុះ​នៅ​កំពង់ផែ​បេរូត ដែល​បាន​សម្លាប់​មនុស្ស​១៥៤នាក់ និង​របួស ជាង​៥ពាន់ ប្រជាជន​លីបង់ រាប់ពាន់​នាក់ កំពុង​ត្រៀមខ្លួន ចូលរួម​មហាបាតុកម្ម នៅល្ងាច​ថ្ងៃ​សៅរ៍នេះ​ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល ដែល​ពួកគេ​ចោទប្រកាន់​ថា ជាអ្នកទទួល​ខុសត្រូវ នៃ​ហេតុការណ៍ផ្ទុះគ្រាប់ កាលពី​ថ្ងៃ​អង្គារ។ ជាបាតុកម្ម​ដើម្បី​សងសឹក និង​ស្វែងរក​យុត្តិធម៌​ឲ្យជនរងគ្រោះ។ ប្រធានាធិបតី លីបង់ លោក មីស្ហែល អ៊ូន បាន​បដិសេធ កាលពី​ថ្ងៃ​សុក្រ មិន​ឲ្យ​មាន​ការស៊ើបអង្កេត​អន្តរជាតិ ទៅតាមការអំពាវនាវ​របស់​ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង ដែល​បាន​ទៅ​ធ្វើទស្សនកិច្ច ​ទីក្រុង​បេរូត កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ផ្សាយពាណិជ្ជកម្ម

នៅ​៤ថ្ងៃ​ក្រោយ​ហេតុការណ៍ផ្ទុះ នៅកំពង់ផែ​បេរូត ក្រុម​ជួយសង្រ្គោះ​អន្តរជាតិ មកពី​ប្រទេស​បារាំង រុស្ស៊ី អ៊ីតាលី អាល្លឺម៉ង់ និង​បណ្តា​ប្រទេស​ជាច្រើន នៅ​បន្ត​រុករក​ជនរងគ្រោះ ដែល​កំពុង​បាត់ខ្លួន នៅក្រោម​គំនរ​ថ្មបាក់បែក។ តាម​ក្រសួងសុខាភិបាល​លីបង់ មនុស្ស​ច្រើនជាង​៦០នាក់ កំពុង​បាត់ខ្លួន នៅឡើយ។ ថ្ងៃសៅរ៍ នេះជាថ្ងៃ​ចុងក្រោយ ដែល​រាល់​ជនរងគ្រោះ នៅ ​ជាប់ក្រោម​គំនរថ្ម អាច​នៅ​មាន​សង្ឃឹម នៅ​មាន​ជីវិត។

ចាប់តាំង​ពី​ហេតុការណ៍ផ្ទុះ ដ៏ធំសម្បើម មិនធ្លាប់​មាន​នៅកំពង់ផែ​បេរូត កាលពី​ថ្ងៃ​អង្គារ លីបង់​បាន​ទទួល​ជំនួយអន្តរជាតិ​ជា​បន្តបន្ទាប់។ ប៉ូលិស​អាំងទែរប៉ូល​បញ្ជូន​អ្នកជំនាញ​ខាង​កំណត់អត្តសញ្ញាណ​ជនរងគ្រោះ ទៅប្រទេស​លីបង់ ចំណែក អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​សន្យា​ផ្តល់​ជំនួយ​ដល់​ក្រុមគ្រួសារ​ដែល​រងគ្រោះ ​និងបញ្ជូន​ម្សៅស្រូវសាលី ទៅជំនួស​ស្តុក​ក្នុង​ឃ្លាំង ដែល​ត្រូវ​បំផ្លាញ ខ្ទេច ដោយសារ​ហេតុការណ៍​ផ្ទុះ នៅកំពង់ផែ។ ទីភ្នាក់ងារជំនួយអាមេរិកាំង​បាន​សន្យា​ផ្តល់ជំនួយស្បៀងអាហារ និង​ថ្នាំពេទ្យ​តម្លៃ​១៥លាន​ដុល្លារ សម្រាប់​ជួយ​ប្រជាជន លីបង់។ ចំណែក ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​សន្យាចូលរួមជាមួយ​ប្រធានាធិបតី​បារាំង ក្នុង​សន្និសីទស្វែងរកជំនួយ​សម្រាប់​លីបង់ ដែលត្រូវ​រៀបចំ​នៅថ្ងៃ​អាទិត្យ ស្អែក ក្រោមការចាត់ចែង​របស់​អង្គការ​សហប្រជាជាតិ។

រដ្ឋាភិបាល​លីបង់​ដែល​ធ្លាប់​បាន​លើកឡើង​ពី​ការខូចខាត​ដែល​មាន​តម្លៃ ជាង ៣ពាន់​លាន​ដុល្លារ ដោយសារ​ហេតុការណ៍​ផ្ទុះនៅ​កំពង់ផែ សង្ឃឹម​ទទួល​បានជំនួយ​អន្តរជាតិ សម្រាប់​ស្តារ​កសាង​លីបង់​ឡើងវិញ ក៏ដូចជា​ស្តារមុខមាត់​របស់​រដ្ឋាភិបាល នៅចំពោះមុខ​ប្រជាជន​ដែលកំពុង​មាន​កំហឹងក្រេវក្រោធ ដោយសារ​វិបត្តិមិនចេះចប់​នៅលីបង់។ នៅ​ថ្ងៃ​សុក្រ ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​លីបង់​បានលើកឡើង​ពីការធ្វេសប្រហែស ឬ​ការវាយប្រហារ​មីស៊ីល​ពីខាងក្រៅ។ រដ្ឋាភិបាល​លីបង់​បាន​សន្យា​ការស៊ើបអង្កេត ថ្នាក់ ជាតិ ប៉ុន្តែ បដិសេធ​ការស៊ើបការអង្កេត​អន្តរជាតិ ដែល​លោកប្រធានាធិបតី លីបង់ មីស្ហែល អ៊ូន​វាយតម្លៃថា នឹង​ធ្វើ​ឲ្យ​”ការពិត​មាន​ចំនួន​តិច”។

ការសន្យា​របស់​រដ្ឋាភិបាល និង​ការចាប់ឃាត់ខ្លួន មនុស្ស​២១នាក់ នៅក្រោយ​ហេតុការណ៍​ផ្ទុះ​នៅ​កំពង់ផែ មិនបាន​ធ្វើ​ឲ្យ​ប្រជាជន​លីបង់​ស្ងប់ចិត្ត​នោះទេ។ នៅ​ថ្ងៃ​សៅរ៍នេះ ប្រជាជន​លីបង់​រាប់ពាន់​នាក់ បាន​សន្យា ធ្វើ​មហាបាតុកម្ម​មួយ ដើម្បី​ពិន័យ ទាមទារ​ឲ្យ ផ្លាស់ប្តូរ រដ្ឋាភិបាល ដែល​ពួកគេ​ចោទប្រកាន់​ថា ពុករលួយ គ្មានសមត្ថភាព​ដឹកនាំ​លីបង់ និង​ធ្វើ​ឲ្យ​លីបង់​កាន់តែធ្លាក់ជ្រៅ ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​ប្រាក់បំណុល និង​ចុងក្រោយ គឺ​ការផ្ទុះនៅកំពង់ផែ ដែល​សម្លាប់មនុស្ស​១៥៤នាក់ របួស ៥ពាន់នាក់ និង​ធ្វើ​ឲ្យមនុស្ស​៣សែននាក់​បាត់បង់ជំរក។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ