អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល និង អេមីរ៉ាតអារ៉ាប់រួម យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ចង​ស្ពាន​​មេត្រី​ជា​ប្រវតិ្តសាស្ត្រ

សំឡេង ០៧:២៣
ប្រជាជនប៉ាឡេស្ទីន ធ្វើបាតុកម្មដុតរូបព្រះអង្គម្ចាស់រាជទាយាទ  Mohammed bin Zayed រូបលោកណេតាន់យ៉ាហ៊ូ និងរូបលោកដូណាល់ ត្រាំ បន្ទាប់ពីបានដឹងដំណឺង កិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីស្រាអែល និង អេមីរ៉ាតអារ៉ាប់រួម។ ណាប៊្លូស ស៊ីហ្សកដានី ថ្ងៃទី​១៤ សីហា ២០២០
ប្រជាជនប៉ាឡេស្ទីន ធ្វើបាតុកម្មដុតរូបព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Zayed រូបលោកណេតាន់យ៉ាហ៊ូ និងរូបលោកដូណាល់ ត្រាំ បន្ទាប់ពីបានដឹងដំណឺង កិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីស្រាអែល និង អេមីរ៉ាតអារ៉ាប់រួម។ ណាប៊្លូស ស៊ីហ្សកដានី ថ្ងៃទី​១៤ សីហា ២០២០ REUTERS - RANEEN SAWAFTA
ដោយ៖ ម៉ម ពិសី
៣៧ នាទី

ដំណឹងដ៏ធំមួយ ត្រូវបាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ប្រកាសឲ្យដឹង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៣សីហា នោះគឺ អ៊ីស្រាអែល និង អេមីរ៉ាតអារ៉ាប់រួម បានសុខចិត្តយល់ព្រមចុះហត្ថលេខា ចងស្ពានមេត្រី កសាងសន្តិភាព​ជាមួយគ្នា។ នេះគឺជាការត្រូវរ៉ូវគ្នា ជាប្រវត្តិសាស្ត្រ រវាងអ៊ីស្រាអែល ជាមួយ​នឹងប្រទេសអារ៉ាប់ ក្នុងតំបន់ដើមបូព៌ា។ វាគឺជាដំណឹងល្អ សម្រាប់អ្នកខ្លះ តែវាក៏ជាដំណឹងមិនល្អ និងគួរឲ្យ​សោកស្តាយដែរ សម្រាប់ភាគីមួយចំនួនផ្សេងទៀត

ផ្សាយពាណិជ្ជកម្ម

ដំណឹងនេះ បានធ្វើឲ្យ​គ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង​ណាស់។ ភ្ញាក់ផ្អើលដោយសារ វាជារឿងជាប្រវត្តិសាស្ត្រ ព្រោះថា អ៊ីស្រាអ៊ែល ដែលស្ថិតនៅតំបន់ដើមបូព៌ា គឺសឹងតែក្បាលមួយតែម្នាក់ឯង មិនមានប្រទេសអារ៉ាប់ណាគាំទ្រ និងទទួលស្គាល់ជាផ្លូវការទេ។ បញ្ហានេះគឺវាជាប់ពាក់ព័ន្ធ ទៅនឹងដែនដីប៉ាឡេស្ទីន។ ក្នុងតំបន់នេះ មានតែអេហ្ស៊ីបនិងហ្សកដានីទេ ដែលមាន​សន្ធិសញ្ញាសន្តិភាព​ជាមួយអ៊ីស្រាអែល ព្រោះប្រទេសទាំង២នេះ សុទ្ធតែធ្លាប់ធ្វើសង្រ្គាមជាមួយ​អ៊ីស្រាអែល។ ដោយឡែក អេមៀរ៉ាត់អារ៉ាប់រួម មិនធ្លាប់ធ្វើសង្រ្គាម ជាមួយអ៊ីស្រាអែលទេ។ ដូច្នេះ បើនិយាយថា ជា​សន្ធិសញ្ញាសន្តិភាព ក៏វាហាក់ដូចជាមិនត្រូវដែរ។

ដំណឹងនៃការត្រូវរ៉ូវគ្នា រវាងអ៊ីស្រាអែល និង អេមៀរ៉ាត់អារ៉ាប់រួមនេះ គឺរដ្ឋាភិបាលអាមេរិក ជាអ្នកចេញ​លិខិតប្រកាសកាលពីថ្ងៃទី​១៣សីហា។ នៅក្នុង​លិខិតប្រកាសនេះ សេតវិមានអាមេរិក បានលើកឡើងថា ភាគីទាំង២ បានព្រមព្រៀងគ្នា បើ​កស្ថានទូតទាំងសងខាង ក្នុងពេលដ៏ឆាប់ និងធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ចំណងសហប្រតិបត្តិការ​សំខាន់ៗ ក្នុងវិស័យជាច្រើន មានទាំងកងទ័ព សន្តិសុខ ថាមពល សុខាភិបាល វប្បធម៌ និងការដឹកជញ្ជូនផ្លូវអាកាសជាដើម។

កិច្ចព្រមព្រៀងចាប់ដៃកសាងសន្តិភាពជាផ្លូវការ រវាងអ៊ីស្រាអែល និងអេមៀរ៉ាត់អារ៉ាប់រួម នេះ ត្រូវបាន​សហរដ្ឋអាមេរិក ស្នើដាក់ឈ្មោះហៅថា កិច្ចព្រមព្រៀងអាប្រាហាំ ហើយលោកដូណាល់ត្រាំ បានប្រកាសថា ភាគីទាំងពីរនឹងមកចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន ក្នុងរវាង៣សប្តាហ៍ទៀត។

សត្រូវរួមតែមួយ ឈ្មោះអ៊ីរ៉ង់

យើងឃើញថា កិច្ចព្រមព្រៀងនេះ គឺរដ្ឋាភិបាលរបស់​លោកដូណាល់ ត្រាំ បានដើរតួយ៉ាងសំខាន់ណាស់​។ សម្រាប់សហរដ្ឋអាមេរិក វាគឺជាយុទ្ធសាស្រ្ត ប្រមូលសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់ ឲ្យត្រូវរ៉ូវគ្នា។ ត្រូវរ៉ូវ​គ្នា ទីមួយគឺដើម្បី​ឲ្យ​សហរដ្ឋអាមេរិក អាចដកកម្លាំង ដកការចំណាយ ចេញពីតំបន់នេះ ទុកឲ្យ​គ្នាគេដែលត្រូវគ្នាចាត់ចែងម្តង។

យ៉ាងណាមិញ លោកដូណាល់ ត្រាំ ក៏បាននិយាយដែរ ថាលោកសង្ឃឹមថា ប្រទេសផ្សេងទៀត នឹងយកគំរូតាម​អេមៀរ៉ាត់អារ៉ាប់រួម ចាប់ដៃជាមួយអ៊ីស្រាអែលដែរ។ សំដីនេះ គឺសំដៅដល់មហាអំណាចអារ៉ាប់មួយទៀត នោះគឺ អារ៉ាប៊ីសាអូឌីត។ សម្ព័ន្ធមិត្តទាំងរបស់អាមេរិកត្រូវរ៉ូវគ្នា ក៏​គឺជាយុទ្ធសាស្ត្ររបស់អាមេរិកដែរ ដើម្បី​ធ្វើឲ្យអ៊ីរ៉ង់ កាន់តែភ័យខ្លួន ថាប្រទេសក្នុងតំបន់ គេរួមកម្លាំងគ្នាជាមួយអាមេរិក និងអ៊ីស្រាអែល​ ដើម្បីទប់ទល់ជាមួយ​អ៊ីរ៉ង់។

ស្នាដៃលោកណេតាន់យ៉ាហ៊ូ

សម្រាប់​អ៊ីស្រាអែល ដឹកនាំដោយរដ្ឋាភិបាលលោកណេតាន់យ៉ាហ៊ូ វាគឺជាកិត្តិនាមស្នាដៃមួយយ៉ាងសំខាន់ ដែល​អ៊ីស្រាអែលកសាងសន្តិភាព ជាមួយ​ប្រទេសផ្សេងទៀតក្នុងតំបន់។ អ៊ីស្រាអែលមានសត្រូវជុំទិសក្នុងតំបន់អារ៉ាប់នេះ។ មានកិច្ចព្រមព្រៀងសន្តិភាពជាមួយ​​ប្រទេសអារ៉ាប់ ដូចជា​អេមៀរ៉ាត់អារ៉ាប់រួមនេះ គឺវាមានន័យថា អ៊ីស្រាអែលកាន់តែថយសត្រូវ។ ដូច្នេះលោកណាតាន់យ៉ាហ៊ូ នឹង​ជាប់​ស្នាដៃក្នុង​ប្រវត្តិសាស្ត្រ ដូចលោក Yitzhak Rabin ដែលនាំកិច្ចព្រមព្រៀងសន្តិភាពជាមួយអេហ្ស៊ីបនៅឆ្នាំ១៩៧៩  និងលោក Menahem Begin ដែលនាំសន្តិភាព​ជាមួយ​ហ្សកដានី នៅឆ្នាំ១៩៩៤។

អ៊ីស្រាអែល កាន់តែអស់សត្រូវ ហើយអ៊ីស្រាអែលប្រមូលមិត្តក្នុងតំបន់ ដើម្បីរួមកម្លាំងគ្នា ​ទប់ទល់ជាមួយ​អ៊ីរ៉ង់។ សេដ្ឋកិច្ចពាណិជ្ជកម្មក៏ជាកម្មវត្ថុធំដែរសម្រាប់អ៊ីស្រាអែល។ បើស្តាប់សំដីលោកណេតាន់យ៉ាហ៊ូ កាលពីថ្ងៃម្សិលមិញ គឺគាត់លើកឡើងអំពីចំណងសហការផ្នែកសេដ្ឋកិច្ច ដែលជាមូលដ្ឋាននៃ​កិច្ចព្រមព្រៀងជាមួយ​អេមៀរ៉ាត់អារ៉ាប់រួមនេះ។ លោកថា សន្តិភាព​យូរអង្វែង គឺវាកើតចេញ​​ពី​កម្លាំង និងអំណាចសេដ្ឋកិច្ចនេះឯង។

អាមីរ៉ាតអារ៉ាប់រួម ចង់ធ្វើជាស្នូលនៃតំបន់ដើមបូព៌ា

សម្រាប់​អាមីរ៉ាតអារ៉ាប់រួមវិញ វាគឺជាជោគជ័យមួយដ៏ធំ របស់​​ព្រះអង្គម្ចាស់ រាជទាហាទ ​Mohammed Ben Zayed។ ​អាមីរ៉ាតអារ៉ាប់រួម​ មានមហិច្ឆិតាធំណាស់ ចង់ឲ្យខ្លួនដើរតួសំខាន់ ក្នុងការចាត់ចែងកិច្ចការតំបន់ដើមបូព៌ា។ អេមៀរ៉ាត់អារ៉ាប់រួម ចង់ប្រជែងឥទ្ធិពលជាមួយ​តួកគី ហើយ​ចង់រកកម្លាំង ដើម្បី​ទប់ជាមួយ​តួកគីផង ជាមួយអ៊ីរ៉ង់ផង។ យ៉ាងណាមិញ យើងឃើញហើយ ថាអាមីរ៉ាតអារ៉ាប់រួម បានចូលធ្វើអន្តរាគមន៍នៅលីប៊ី គាំទ្រ​ក្រុមខាងកើត ដើម្បីវាយ​ដណ្តើមអំណាចជាមួយក្រុមខាងលិច ដែលមានតួកគីនៅពីក្រោយ។

មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គម្ចាស់ រាជទាហាទ ​Mohammed Ben Zayed ចង់ធ្វើឲ្យ​អេមៀរ៉ាត​អារ៉ាប់រួម ក្លាយជាស្នូលសេដ្ឋកិច្ច វប្បធម៌ និងបច្ចេក​វិទ្យាទំនើបក្នុងតំបន់តែម្តង។ តួយ៉ាង ថ្មីៗនេះ អាមីរ៉ាតអារ៉ាប់រួម បានបើកសម្ភោធស្ថានីយផលិតថាមពល ដើរដោយប្រព័ន្ធនុយក្លេអ៊ែរ មុនគេនៅតំបន់ឈូងសមុទ្រពែក្ស ហើយបានបង្ហោះយានអវកាស ទៅកាន់ភពព្រះអង្គារទៀត​។ ឥឡូវមកថែម កិច្ចព្រមព្រៀងសន្តិភាព ជាប្រវត្តិតសាស្ត្រជាមួយអ៊ីស្រាអែលមួយទៀត។​

“ក្បត់នឹងការតស៊ូរបស់ប៉ាឡេស្ទីន”

បើយើងនិយាយឲ្យខ្លី គឺប៉ាឡេស្ទីន ហាក់ដូចជាត្រូវបានគេបំភ្លេចចោល នៅក្នុងរឿងនេះ។ វាសនាអនាគតរបស់ដែនដីប៉ាឡេស្ទីន គឺនៅតែស្រពេចស្រពិលដដែល។ តាំងតែពីដើមមក ក្រុមប្រទេសអារ៉ាប់ ធ្លាប់បាន​ប្រកាសរួមគ្នាថា គេអាចចាប់ដៃទទួលស្គាល់អ៊ីស្រាអែលបាន ល្គិកណាប៉ាឡេស្ទីន បានឯករាជ្យពេញលេញ។ ក៏ប៉ុន្តែពេលនេះ ការសន្យានេះ បានរលាយបណ្តើរៗហើយ។ ប្រធានាធិបតីតួកគី បានចេញ​ប្រតិកម្មថា អាមីរ៉ាតអារ៉ាប់រួម យល់ព្រម​ចុះកិច្ចព្រមព្រៀងសន្តិភាព​ជាមួយអ៊ីស្រាអែល វាគឺជាទង្វើ​ក្បត់ ក្បត់នឹងប្រជាជនក៏ដូចជាដែនដីប៉ាឡេស្ទីន។

ចំណែកក្រុមហាម៉ាស ប៉ាឡេស្ទីនវិញ បានប្រតិកម្មថា កិច្ចព្រមព្រៀងនេះ គឺវាហាក់ដូចជាអាមីរ៉ាតអារ៉ាប់រួម បានដកកាំបិតចាក់ខ្នងប៉ាឡេស្ទីនពីក្រោយ។ ប៉ុន្មានម៉ោងក្រោយមក​ រដ្ឋបាលកណ្តាល​ប៉ាឡេស្ទីន នៅក្រុង​រ៉ាម៉ាឡា បានចេញលិខិតប្រកាស ដោយ​ចាត់ទុកកិច្ចព្រមព្រៀងនេះ ថាជាអំពើក្បត់ នឹងការតស៊ូរបស់​ប៉ាឡេស្ទីន។ ប្រមុខដឹកនាំប៉ាឡេស្ទីន បានស្នើសុំឲ្យ​ក្រុមសម្ព័ន្ធអារ៉ាប់ ត្រូវបើកការ​ប្រជុំជាបន្ទាន់។

តែយ៉ាងណា កិច្ចព្រមព្រៀងសន្តិភាព​រវាង​អ៊ីស្រាអែល និងអាមីរ៉ាតអារ៉ាប់រួម នេះវាមានចំណុចវិជ្ជមានតូចមួយដែរ សម្រាប់ប៉ាឡេស្ទីន នោះគឺ អ៊ីស្រាអែល បានសុខចិត្តព្យួរ ការអនុវត្តផែនការច្បាមយកដែនដីនៅតំបន់ស៊ីសហ្សកដានី មកជា​របស់អ៊ីស្រាអែល។ បើតាមស្មាន នេះគឺជាការទាមទារ របស់អាមីរ៉ាតអារ៉ាប់រួម ហើយដែលលោកដូណាល់ ត្រាំ បានបញ្ចុះបញ្ចូលឲ្យ​អ៊ីស្រាអែលយល់ព្រម។ តែយ៉ាងណា លោកណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា វាជាការព្យួរសិន មិនមែនលប់ចោលទេ។

យ៉ាងណាក៏ដោយ មហាអំណាចអឺរ៉ុប មានបារាំង និងអង់គ្លេស​​ជាដើម អបអរចំពោះការខិតចាប់ដៃគ្នារវាងប្រទេស២នេះ។ លោកម៉ាក្រុង និង​លោកបូរីស ចនសុន សុទ្ធតែបាន​លើកឡើងថា គេសង្ឃឹមថា អ៊ីស្រាអែលនឹងប្តូរ​ចិត្ត លប់ចោលផែនការ​ច្បាមយកដែនដីស៊ីសហ្សកដានី មកធ្វើជារបស់ខ្លួនទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ