អានតួអត្ថបទ
អ៊ីរ៉ង់-អេមីរ៉ាត

អ៊ីរ៉ង់​ចាប់​នាវា​អេមីរ៉ាត ក្រោយមានហេតុការណ៍​ហិង្សា​ស្លាប់​​អ្នក​នេសាទពីរនាក់

លោក Mohammad Javad ZARIF​រដ្ឋមន្ត្រីក្រសួងការបរទេស​៊អ៊ីរ៉ង់
លោក Mohammad Javad ZARIF​រដ្ឋមន្ត្រីក្រសួងការបរទេស​៊អ៊ីរ៉ង់ REUTERS/Evgenia Novozhenina/File Photo
ដោយ៖ អៀង សុខម៉ិញ
១៧ នាទី

រដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ីរ៉ង់លោក​ Mohammad Javad Zarif បាន​ប្រកាស​ជូន​ដំណឹង​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២០​សីហា ២០២០​នេះ​ថា បាន​ចាប់​នាវា​របស់់​អេមីរ៉ាត​អារ៉ាប់រួម​មួយ​គ្រឿង​តាំង​ពីថ្ងៃ​ចន្ទ​ទី ១៧​ សីហា មក។ ជា​ការ​ឃាត់​ទូកនិង​ចាប់ខ្លួន​នាវិក ក្រោយ​ពីមាន​ហេតុការណ៍​ប៉ះទង្គិច​នៅក្នុង​ឈូង​សមុទ្ទ​បណ្តាល​ឱ្យ​ស្លាប់​អ្នកនេសាទ​អ៊ីរ៉ង់​ពីរ​នាក់។ អ៊ីរ៉ង់​បាន​ថែម​កោះ​ហៅ​មន្ត្រី​ទូត​អេមីរ៉ាត​មក​ជួប​តវា​ទៀត​ផង។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលអេមីរ៉ាត បាន​ចេញកំណត់​ហេតុ​ផ្លូវការ​ សម្តែង​ការ​សោកស្តាយ​ចំពោះឧប្បត្តិហេតុ​នៅក្នុង​ឈូង​សមុទ្ទ និងបានប្រកាសឆន្ទៈ​ចង់​សង​រាល់​គ្រប់​ការខូច​ខាតទាំងឡាយ​ រួច​ហើយដែរ ​នៅ​ថ្ងៃ​ពុធ​ទី ១៩​សីហា២០២០។ ប៉ុន្តែ​អ៊ីរ៉ង់​មិន​ស្ងប់​ចិត្តទេ។

អ៊ីរ៉ង់​បានសម្រេច​បើក​អង្កេត​​ហេតុការណ៍​ប៉ះទង្គិចហិង្សាកាលពី​ថ្ងៃទីចន្ទទី​១៧​សីហា​​ ដែលកងកម្លាំង​ឆ្មាំ​សមុទ្ទ​អេមីរ៉ាត​បាន​បាញ់​រះ​មក​លើ​​ទូក​នេសាទ​អ៊ីរ៉ង់​ជា​ច្រើន​គ្រឿង រហូត​បង្ក​ឱ្យ​អ្នកនេសាទ​អ៊ីរ៉ង់​ពីរ​នាក់​បាត់​បង់​ជីវិត​។ ហើយ​ក្នុង​ថ្ងៃ​តែ​មួយ​ដដែល​នោះ នាវាឆ្មាំសមុទ្ទ​អេមីរ៉ាត​មួយ​គ្រឿង ព្រមទាំង​នាវិក​ ត្រូវ​បាន​អ៊ីរ៉ង់​ឃាត់​ចាប់​ពី​បទ​បើក​ចូល​ដែនទឹកអ៊ីរ៉ង់​ដោយ​ខុស​ច្បាប់។ នេះបើតាម​សេចក្តី​ថ្លែងការណ៍របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់ ដោយបញ្ជាក់​ថា​បាន​កោះ​ហៅ​មន្ត្រី​ទូត​អេមីរ៉ាត​មក​តវាប្រឆាំងទៀត។

សូម​បញ្ជាក់​ថា ជា​គូប្រជែង​ក្នុង​តំបន់​នឹង​គ្នា​ស្រាប់ ឧប្បត្តិហេតុ​ចាប់​ទូក​អេមីរ៉ាត​ ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​អ៊ីរ៉ង់​ទើប​បាន​ធ្វើការ​បរិហារ​យុទ្ធសាស្ត្រ​​ “ឆោតល្ងង់” របស់​អេមីរ៉ាត ដែលក្រោមការ​បញ្ចុះបន្ស៊ី​របស់​សហរដ្ឋ​អាមេរិក​ ​ព្រមទៅ​ចុះកិច្ចព្រមព្រៀង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ជាមួយអតីត​គូសត្រូវ​ក្នុង​តំបន់​អ៊ីស្រាអែល​។​ ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ូហានី បានចាត់​ទុកសេចក្តី​របស់​អេមីរ៉ាត​ព្រម​ទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​ ថា​ជាកំហុស​ដ៏ធ្ងន់ធ្ងរ និងព្រមាន​អំពី​ហានិភ័យ​នៃ​ការ​បើក​ផ្លូវ​ឱ្យ​អ៊ីស្រាអែល​ចូលមក​លុកលុយ​ក្នុង​តំបន់។

តាំង​ពី​ខែ​មករា​ឆ្នាំ​២០១៦​មក អាប៊ូដាប៊ី បានកាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​ក្រុង​តេហេរ៉ង់ ដោយ​ហេតុ​តែ​ប្រទេស​ដ៏​មាន​ឥទ្ធិពលបំផុត​ប្រចាំ​តំបន់ ពីរ​ គឺ​អ៊ីរ៉ង់​និង​ អារ៉ាប៊ីសាអូឌីត សម្ព័ន្ធ​មិត្ត​ដ៏​ជំនិត​របស់​អេមីរ៉ាត មាន​ភាព​តានតឹងនឹង​គ្នា។ តែនៅ​ពី​ក្រោយ​​ភាព​តាន​តឹង​នយោបាយ​ ប្រទេស​ជិតខាង​ជាប់​របង​គ្នា​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្យ​ ជា​ដៃគូពាណិជ្ជកម្មនឹងគ្នា​យ៉ាង​សំខាន់។ កាលពី​ដើមខែ​សីហា ជាករណី​កម្រ ប្រមុខ​ការទូត​អ៊ីរ៉ង់ បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​សមភាគី​អេមីរ៉ាត ដើម្បី​ជជែកអំពីកិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹងកូវីដ១៩ផង។

ម្យ៉ាង​វិញ​ទៀត សេចក្តី​ប្រកាស​របស់​អ៊ីរ៉ង់​ចាប់​ទូក​អេមីរ៉ាតនេះ ធ្លាក់​មកតែមួយ​ថ្ងៃក្រោយ​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច​ថា​អាមេរិក​នឹង​ដាក់​ឱ្យ​ដំណើរការ​សំណុំបែបបទ​​ដ៏​ចម្រូងចម្រាសនៅ​អង្គការសហប្រជាជាតិ ស្តី​ពី​ទណ្ឌកម្ម​អន្តរជាតិ​លើអ៊ីរ៉ង់។ សេតវិមានងាក​ទៅ​ដាក់​ទណ្ឌកម្មអន្តរជាតិ​លើ​អ៊ីរ៉ង់​ឡើង​វិញ បន្ទាប់​ពី​បរាជ័យរកការគាំទ្រផែនការ​ពន្យារពេល​ដាក់​ទណ្ឌកម្ម​អាវុធលើ​អ៊ីរ៉ង់​​​នៅក្រុមបឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ