អានតួអត្ថបទ
កាតា-សិទ្ធិមនុស្ស

Human Rights Watch៖ពលករអន្តោប្រវេសន៍នៅកាតាតែងជាជនរងគ្រោះនៃការរំលោភបំពាន

លោក Kenneth Roth អគ្គនាយក​អង្គការ Human Rights Watch
លោក Kenneth Roth អគ្គនាយក​អង្គការ Human Rights Watch REUTERS/Carlo Allegri
១៧ នាទី

នៅ​ថ្ងៃ​ចន្ទ ទី២៤ សីហា អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​ពលករ​អន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​កាតា។ នៅ​ក្នុង​របាយការណ៍ Human Rights Watch បាន​បរិហារ​ពី​ការ​រំលោភបំពាន​លើ​សិទ្ធិ​ពលករ​អន្តោប្រវេសន៍​ពី​ក្រុម​និយោជក ដូច​ជា​ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម គំរាម​បណ្តេញ​ចេញ​ពី​ការងារ និង​មិន​បាន​ប្រាក់ខែ​ឲ្យ ឬ​រក្សា​ទុក​ប្រាក់ខែ​ជា​ដើម។ គួរ​រម្លឹក​ថា កាតា​តែង​ទទួល​រង​ការ​រិះគន់​ស្តីពី​លក្ខខណ្ឌ​ការងារ​របស់​ពលករ​អន្តោប្រវេសន៍ ពិសេស​ទាក់ទង​នឹង​ការងារ​សាងសង់​ពហុកីឡាដ្ឋាន​ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួតកីឡាបាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ ២០២២។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​កាតា ចំនួន​ពលករ​អន្តោប្រវេសន៍​តំណាង​ឲ្យ​ជាង ៩០% នៃ​ចំនួន​ពលរដ្ឋ​សរុប​ទាំង ២ ៧៥០ ០០០នាក់។ Human Rights Watch បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថា ទោះ​បី​ជា​មាន​ការ​ធ្វើ​កំណែទម្រង់​លើ​ច្បាប់​ការងារ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ​ក៏​នៅ​មាន​ក្រុម​និយោជក និង​ក្រុមហ៊ុន​យ៉ាង​តិច ៦០ បាន​បន្ត​អនុវត្តន៍​លើ​ការ​រក្សា​ទុក​ប្រាក់ខែ មិន​បើក​ប្រាក់ខែ និង​ប្រាក់បំណាច់​ផ្សេងៗ​ទៀត​របស់​ពលករ​បរទេស។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ Human Rights Watch បាន​ធ្វើ​ការ​សាកសួរ​លើ​ពលករ​បរទេស​ចំនួន ៩៣នាក់។ « ខ្ញុំ​ស្លាប់​ដោយ​​អត់ឃ្លាន គ្រួសារ​ខ្ញុំ​នៅ​ផ្ទះ​ស្លាប់​ដោយ​អត់ឃ្លាន » នេះ​ជា​សម្តី​របស់​ឆ្មាំសន្តិសុខ​ជនជាតិ​អ៊ូហ្កង់ដា​ម្នាក់​ប្រាប់ Human Rights Watch។ តាម​រូប​ឆ្មាំសន្តិសុខ​ជនជាតិ​អ៊ូហ្កង់ដា​ដដែល នៅ​ក្នុង​ចន្លោះ​ខែ​កញ្ញា និង​ខែ​ធ្នូ​ឆ្នាំ ២០១៩ រូប​គេ​បាន​ទទួល​ប្រាក់ខែ​តែ​មួយ​ខែ​គត់​ចំនួន ៣២៩ដុល្លារ។

ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​ក្នុង​លោក វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាតា​ធ្លាក់​ចុះ និង​បាន​ធ្វើ​ឲ្យ​និយោជក រួម​ទាំង​ក្រុមហ៊ុន​ជា​ច្រើន​គ្មាន​លទ្ធភាព​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​របស់​ខ្លួន។ ក្នុង​ខែ​មីនា​កន្លង​ទៅ រដ្ឋាភិបាល​ទីក្រុង​ដូហា​បាន​បញ្ចេញ​លុយ​ចំនួន ៦៣ ៥០០លានអឺរ៉ូ​ដើម្បី​ជួយ​ក្រុមហ៊ុន រោងចក្រ ក្នុង​នោះ មាន ៣ ០០០លានអឺរ៉ូ​សម្រាប់​ធានា​ឲ្យ​ពួក​គេ​បន្ត​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក។ តែ Human Rights Watch បាន​គូសបញ្ជាក់​ថា ការ​បំពាន​លើ​ប្រាក់ខែ ឬ​ប្រាក់បំណាច់​ផ្សេង​ទៀត​មាន​កាន់​តែ​អាក្រក់​ទៅ​តាំង​ពី​ពេល​ផ្ទុះ​វិបត្តិ​កូវីដ-១៩ ហើយ​មាន​និយោជក​ខ្លះ​បាន​ប្រើ​កូវីដ-១៩ ជា​លេស​ដក​ប្រាក់ខែ ឬ​មិន​បើក​ប្រាក់ខែ​ជំពាក់​ពលករបរទេស​ដែល​កំពុង​ឃុំខ្លួន និង​ត្រូវ​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

នៅ​ក្នុង​ន័យ​នេះ Human Rights Watch បាន​អំពាវនាវ​ឲ្យ​រដ្ឋអំណាច​កាតា​អនុវត្ត​នូវ​អនុសាសន៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ពិសេស​ពន្លឿន​ការវិនិច្ឆ័យទោស​លើ​ករណី​មិន​បើក​ប្រាក់ខែ។ ចម្លើយ​បក​វិញ​ភ្លាមៗ រដ្ឋាភិបាល​ទីក្រុង​ដូហា​បាន​ចាត់​ទុក​របាយការណ៍​របស់​ Human Rights Watch ថា​មាន​ចេតនា​បំភាន់​មតិមហាជន និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​បច្ចុប្បន្ន។ ចំណែក​ស្ថាប័ន​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ស្ទើរ​តែ​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​មក​ធ្វើ​ការ​នៅ​កាតា​បាន​ទទួល​រង​នូវ​ការ​រំលោភបំពាន​លើ​ប្រាក់ខែ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ