អានតួអត្ថបទ

តុលាការ​កំពូលអ៊ីស្រាអែល​ សម្រេច​ឱ្យ​កម្ទេច​លំនៅដ្ឋានអាណានិគម​កិច្ចខុសច្បាប់លើដីប៉ាឡេស្ទីន​

ទិដ្ឋភាព​មើល​ពីចម្ងាយ ឆ្ពោះទៅកន្លែង Mitzpe Kramim​ ថ្ងៃទី​២៩ សីហា​២០២០។
ទិដ្ឋភាព​មើល​ពីចម្ងាយ ឆ្ពោះទៅកន្លែង Mitzpe Kramim​ ថ្ងៃទី​២៩ សីហា​២០២០។ THOMAS COEX / AFP
ដោយ៖ ហេង ឧត្តម
១៣ នាទី

ថ្ងៃ​សុក្រ ទី​២៨សីហា​​ តុលាការ​កំពូលរបស់​អ៊ីស្រាអែល​ បាន​ចេញ​សេចក្តី​សម្រេច​ឱ្យ​កម្ទេច​ចោល​លំនៅដ្ឋានអាណានិគម​កិច្ច ដែល​អ៊ីស្រាអែល​សាងសង់​ខុសច្បាប់ លើទឹកដីកម្មសិទ្ធ​ឯកជន​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​។ លំនៅដ្ឋាន​នោះ ឋិត​ក្នុង​តំបន់​ជ្រលងភ្នំ​ហ្សកដង់​ ដែល​រងការ​ប្តឹងតវ៉ា​គ្នា​ ជាច្រើន​ឆ្នាំមកហើយ​។ សេចក្តីសម្រេច​ឱ្យ​កម្ទេចចោលលំនៅ​ដ្ឋាន​នេះ គឺជា​សាលដីកា​ជាប្រវត្តិសាស្ត្រ​ សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន តែវា​​បា​នធ្វើ​ឱ្យ​អ្នក​នយោបាយ​អ៊ីស្រាអែល​ មិន​សប្បាយ​ជាខ្លាំង។​

ផ្សាយពាណិជ្ជកម្ម

តាម​​តុលាការ​កំពូលអ៊ីស្រាអែល ប្រសិនបើជា​​ផ្នែក​លើ​ច្បាប់​ជាតិ​អ៊ីស្រាអែល និង​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ ការ​សាងសង់​លំនៅដ្ឋាន​អាណានិគមនកិច្ច​នោះ គឺ​ខុស​ច្បាប់។​

ក្នុង​ដីកា​សម្រេចឱ្យកម្ទេចចោល​លំនៅដ្ឋានអាណានិគមកិច្ចនេះ​ គឺ​តុលាការកំពូលអ៊ីស្រាអែល បាន​ទុក​រយៈ​ពេល​ឱ្យ​៣ឆ្នាំ ដើម្បី​អាជ្ញាធរ​អ៊ីស្រាអែល សម្រុះ​សម្រួលប្រជា​ពលរដ្ឋ​នៅកន្លែង ឱ្យ​រើសចាក​ចេញ​តាម​សម្រួល​​ និង​រក​ទីតាំង​ស្នាក់​នៅ​ថ្មី​។ ពលរដ្ឋ​អ៊ីស្រាអែល ដែល​បាន​ទៅ​វាតទី​សាងសង់ផ្ទះសម្បែង​ផ្តុំគ្នា នៅក្នុង​តំបន់វាល​ជ្រលងភ្នំ​ហ្សកដង់ នៅត្រង់កន្លែង Mitzpe Kramim គឺ​បា​នចាប់ផ្តើមសង់​​តាំងតែពីឆ្នាំ​១៩៩៩មក ហើយ​ពួក​គេ​មានគ្នាតែ​ប្រមាណ​៤០គ្រួសារ​តែប៉ុណ្ណោះ។​​ ​ នេះបើតាម​អ្ន​ក​ឆ្លើយ​​ឆ្លង​ព័ត៌មាន​របស់វិទ្យុ​បារាំងអន្តរជាតិ Guilhem Delteil ដែល​ឈរជើង​នៅ​ក្រុង Jérusalem។

​អង្គការ​សមាគម​ស៊ីវិល​ដែល​ធ្វើ​កិច្ច​ការ​ដើម្បីសន្តិភាពនិង​ដើម្បី​ការពារ​សិទ្ធរបស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ តួយ៉ាង​ដូចជាអង្គការ La Paix maintenant បាន​សាទរ​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​ដ៏​មា​នសុភវិនិច្ឆ័យ​របស់​អង្គ​ចៅក្រម​តុលាការ​កំពូល​អ៊ីស្រាអែល។ ចំពោះអង្គការ​សង្គមស៊ីវិល​មួយ​នេះ ក្រុម​គ្រួសារ​អ៊ីស្រាអែល​ទាំងជាង​៤០គ្រួ​នោះ បាន​ទន្ទ្រាន​ វាតទី ​លួច​យក​ដីកម្មសិទ្ធឯកជន​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន ពិត​មែន​។

​សាលដីកាសម្រេចរបស់​តុលាការ​កំពូល​អ៊ីស្រាអែលនេះ​ គឺ​ធ្វើឱ្យអ្នកនយោបាយអ៊ីស្រាអែល ខឹង​សម្បារ​ជាខ្លាំង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ Benyamin Netanyahu ដែល​ជា​មនុស្ស​ជាតិ​និយមជ្រុល បាន​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​នេះ ថា«មានការ​ភ័ន្តច្រឡំ​ និង​ជា​​កំហុស​ឆ្គង»។ លោក​នាយករដ្ឋមន្ត្រី Netanyahu ក៏​បាន​ប្តេជ្ញាថា​នឹងរកវិធីនិង​​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​ឱ្យ​ពលរដ្ឋ​អ៊ីស្រាអែល​ទាំងជាង​៤០គ្រួសារ​នោះ អាច​បន្ត​រស់​នៅ​ទីកន្លែង​ដដែលនោះ តទៅទៀត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ