អានតួអត្ថបទ
លីបង់ អ.ស.ប.

បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់ត្រូវបានពន្យារពេល ១ឆ្នាំទៀត

បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់ត្រូវបានពន្យារពេល ១ឆ្នាំទៀត
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់ត្រូវបានពន្យារពេល ១ឆ្នាំទៀត AFP/STR
១៥ នាទី

នៅ​ក្នុង​ប្រទេស​លីបង់ បេសកកម្ម​រក្សា​សន្តិភាព​របស់​កម្លាំង​មួកខៀវ​នៃ​អង្គការសហប្រជាជាតិ​ត្រូវ​បាន​ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​ពន្យារពេល ១ឆ្នាំ​ទៀត។ តែ​ទំរាំ​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​ពន្យារ​ពេល និង​បន្ទាប់​ពី​មាន​ការ​គំរាម​ប្រើ​សិទ្ធិវ៉េតូ​របស់​សហរដ្ឋអាមេរិក មាន​ការ​បន្ថែម និង​ការ​ប្រែ​តិចតួច​លើ​ចំណុច​ខ្លះ​ទាក់ទង​នឹង​សមាសភាព និង​កម្មវត្ថុ​នៃ​បេសកកម្ម​របស់​កម្លាំងមួកខៀវ​តាម​សំណើ​របស់​ប្រទេស​បារាំង។ គួរ​រម្លឹក​ថា កម្លាំង​មួកខៀវ​នៅ​លីបង់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្រោយ​សង្រ្គាម​រវាង​លីបង់ និង​អ៊ីស្រាអែល​កាល​ពី​ឆ្នាំ ២០០៦។

ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ពន្យារ​បេសកកម្ម​រក្សា​សន្តិភាព​របស់​កម្លាំង​មួកខៀវ​នៅ​លីបង់ ១ឆ្នាំ​បន្ថែម​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​លីបង់​កំពុង​បន្ត​ឡើង ពិសេស​ការ​ប៉ះទង្គិច​ថ្មីៗ​ចុង​ក្រោយ​នៅ​តាម​ព្រំដែន​នៅ​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី២៦ សីហា។ តែ​ដើម្បី​អាច​អនុម័ត​លើ​ការ​ពន្យារ​ពេល​នេះ​បាន ក្រុមប្រឹក្សាសន្តិសុខ​យល់ព្រម​កែប្រែ​លើ​ចំណុច​មួយ​ចំនួន​តាម​ការ​ទាមទារ​ចង់​បាន​របស់​ភាគី​ពាក់ព័ន្ធ​ខ្លះ ពិសេស​អ៊ីស្រាអែល សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​លីបង់។ ឧទាហរណ៍​ជាក់ស្តែង សេចក្តីសម្រេច​ដែល​ទើប​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​អនុញ្ញាត​ឲ្យ​កម្លាំង​មួកខៀវ​មាន​លទ្ធភាព​ចូល​ទៅ​ពិនិត្យ​ទីតាំង​មួយ​ចំនួន​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត និង​ដើម្បី​ធានា​ថា ទីតាំង​នោះ​មិន​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង ឬ​មួយ​ក៏​ជីក​រូងដី​នៅ​តាម​ព្រំដែន​ដើម្បី​ឆ្លង​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ឡើយ។

នេះ​ជា​ការ​ចង់​បាន​របស់​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក។ តែ​ជា​សម្បទាន​ឲ្យ​លីបង់​វិញ អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​បាន​យល់ព្រម​បោះបង់​គំនិត​ដែល​ចង់​ពន្យារ​បេសកកម្ម​របស់​កម្លាំង​មួកខៀវ​តែ ៦ខែ កាត់​បន្ថយ​ចំនួន​កម្លាំងមួកខៀវ​បន្តិចម្តងៗ និង​ផ្តល់​សិទ្ធិអំណាច​បន្ថែម​ឲ្យ​កម្លាំងមួកខៀវ​នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន។ ឧទាហរណ៍ អ៊ីស្រាអែល​ចង់​ឲ្យ​កម្លាំងមួកខៀវ​អាច​ចូលឆែកឆេរ​ដោយ​មិន​បាច់​ប្រាប់​មុន​នៅ​គ្រប់​ទីកន្លែង​ដែល​សង្ស័យ​មាន​លាក់​អាវុធ​របស់​កម្លាំង​ហេស្បូឡា​លីបង់​នៅ​ប៉ែកខាងត្បូង​ទម្លេ​លីតានី។ នៅ​ទីបំផុត សេចក្តីសម្រេច​មិន​អនុញ្ញាត​ឲ្យ​​ចូល​ឆែកឆេរ​មិន​ប្រាប់​មុន​នៅ​តាម​ស្រុក ភូមិ ហើយ​រាល់​ការ​រឹបអូស​នឹង​ត្រូវ​មាន​ការ​សហការណ៍​ពី​កម្លាំងទ័ព​លីបង់។

ទន្ទឹម​គ្នា​នេះ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសខ​ក៏​បាន​បដិសេធ​លើ​សំណើ​មួយ​ចំនួន​របស់​កម្លាំងនយោបាយ​លីបង់​ដែល​ប្រឆាំង​នឹង​ចលនា​ហេស្បូឡា​ដែល​ចង់​ឲ្យ​មាន​ការ​ពង្រីក​ការ​ដាក់​ពង្រាយ​កម្លាំងមួកខៀវ​នៅ​ព្រំដែនខាងកើត​លីបង់។ គឺ​នៅ​ទីនោះ​ឯង​ដែល​ចលនា​ហេស្បូឡា​បាន​ជាប់​សង្ស័យ​ពី​បទ​នាំ​ចូល​អាវុធ និង​គ្រឿង​ផ្ទុះ​ពី​ប្រទេស​ស៊ីរី​ក្បែរខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ