អានតួអត្ថបទ
អ៊ីស្រាអែល បារ៉ែន

អ៊ីស្រាអែល និងបារ៉ែនប្រកាសភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងគ្នា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ (រូបឆ្វេង) និង​ព្រះមហាក្សត្យ​នៃ​ប្រទេស​បារ៉ែន Hamad bin Isa Al Khalifa
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ (រូបឆ្វេង) និង​ព្រះមហាក្សត្យ​នៃ​ប្រទេស​បារ៉ែន Hamad bin Isa Al Khalifa AFP - ABIR SULTAN,MANDEL NGAN
១៦ នាទី

នៅ​ថ្ងៃ​សុក្រ ទី១១ កញ្ញា ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​បារ៉ែន​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា។ ដំណឹង​មួយ​នេះ​ក៏​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​នៅ​សេតវិមាន​នា​សប្តាហ៍​ក្រោយ។ គួរ​បញ្ជាក់​ថា ក៏​ដូច​ជា​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​អ៊ីស្រាអែល និង​អេមីរ៉ាតអារ៉ាប់រួម​កាល​ពី ១ខែ​មុន​ដែរ កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​អ៊ីស្រាអែល និង​បារ៉ែន​ពេល​នេះ​បាន​ធ្វើ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម និង​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋបាល​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

« គឺ​ជា​សករាជ​ថ្មី​នៃ​សន្តិភាព។ សន្តិភាព​ជា​ថ្នូរ​នឹង​សន្តិភាព។ សេដ្ឋកិច្ច​ជាថ្នូរ​នឹង​សេដ្ឋកិច្ច។ យើង​បាន​វិនិយោគ​នៅ​ក្នុង​សន្តិភាព​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ ឥឡូវ​នេះ គឺ​សន្តិភាព​ដែល​នឹង​វិនិយោគ​សម្រាប់​យើង។ សន្តិភាព​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​វិនិយោគ​ជា​ច្រើន​នៅ​អ៊ីស្រាអែល។ គឺ​វា​សំខាន់​ខ្លាំង​ណាស់ » នេះ​ជា​ការ​ថ្លែង​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ។ « គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​មែនទែន » នេះ​ជា​ការ​ថ្លែង​សាទរ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ពី​សេតវិមាន។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​តែ ១ខែ និង​ក្រោម​គំនិត​ផ្តួចផ្តើម ជួយ​ជ្រោមជ្រែង​របស់​អាមេរិក មាន​ប្រទេស​អារ៉ាប់​ចំនួន​ពីរ គឺ​អេមីរ៉ាតអារ៉ាប់រួម និង​បារ៉ែន​បាន​ព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​អ៊ីស្រាអែល។

តែ​លោក​ត្រាំ​បាន​ប្រាប់​រួច​ហើយ​ពី​ការ​មាន​កិច្ចព្រមព្រៀង​របស់​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ជាមួយ​អ៊ីស្រាអែល។ « នៅ​ពេល​ខ្ញុំ​ឡើង​កាន់​តំណែង តំបន់​មជ្ឈិមបូព៌ា​បាន​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ខ្លាំង។ យើង​បាន​កសាង​ទំនុកចិត្ត​ជាមួយ​ប្រទេស​ដៃគូ​របស់​យើង​នៅ​ក្នុង​តំបន់​ឡើង​វិញ។ ឃើញ​ថា វា​មាន​រឿង​កើត​ឡើង​នៅ​ដើមបូព៌ា​ដែល​គ្មាន​នរណា​គិត​ថា​ទៅ​រួច​ឡើយ។ យើង​គិត​ថា ប្រទេស​ផ្សេង​ទៀត​នឹង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​នា​ពេល​ឆាប់ៗ​ខាង​មុខ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ដូណាល់ ត្រាំ។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ក៏​បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​នៃ​ការ​វិវឌ្ឍន៍​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ប្រតិកម្ម​ពី​ប្រទេស​អេហ្ស៊ីប ប្រធានាធិបតី​លោក​អាល់ស៊ីស៊ី​បាន​សាទរ​លើ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​រវាង​អ៊ីស្រាអែល និង​បារ៉ែន រួច​ថា វា​ជា​ជំហាន​សំខាន់​សម្រាប់​ស្ថិរភាព និង​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ដែល​នឹង​អនុញ្ញាត​ស្វែង​រក​ដំណោះស្រាយ​ត្រឹមត្រូវ និង​អចិន្ត្រៃយ៍​ចំពោះ​បុញវហេតុ​ប៉ាឡេស្ទីន។ តែ​ប៉ាឡេស្ទីន​មិន​បាន​ត្រេកត្រអាល​ចំពោះ​កិច្ចព្រមព្រៀង​អ៊ីស្រាអែល បារ៉ែន​ពេល​នេះ​ទេ។ រដ្ឋអំណាច​ប៉ាឡេស្ទីន និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​អ៊ីស្រាអែល បារ៉ែន​នេះ​ថា​ជា​ការ​ចាក់​មួយ​កាំបិត​លើ​កណ្តាលខ្នង​នៃ​បុព្វហេតុ​ប៉ាឡេស្ទីន និង​ពលរដ្ឋ​ប៉ាឡេស្ទីន។ ចំណែក​ប្រទេស​អ៊ីរ៉ង់​បាន​ចោទ​បារ៉ែន​ពី​បទ​ផ្សំគំនិត​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ជាមួយ​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ