អានតួអត្ថបទ
លីបង់

លីបង់៖នាយករដ្ឋមន្រ្តីបានប្រកាស​បោះបង់ការព្យាយាមបង្កើតរដ្ឋាភិបាលថ្មី

នាយករដ្ឋមន្រ្តីលីបង់ លោកមូស្តាហ្វា អាឌីប
នាយករដ្ឋមន្រ្តីលីបង់ លោកមូស្តាហ្វា អាឌីប REUTERS - MOHAMED AZAKIR
១៩ នាទី

នៅ​ក្នុង​ប្រទេស​លីបង់ នាយករដ្ឋមន្រ្តី​លោក​មូស្តាហ្វា អាឌីប​ដែល​បាន​តែងតាំង​កាល​ពី​ជិត ១ខែ​មុន​បាន​ប្រកាស​នា​ថ្ងៃ​សៅរ៍ ទី២៦ កញ្ញា​ថា លោក​ឈប់​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយសារ​តែ​គ្មាន​កុងសង់ស៊ុស​រួម​ពី​គ្រប់​ភាគី​ជម្លោះ​ផ្ទៃក្នុង។ គួរ​រម្លឹក​ជូន​ថា ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ​នៅ​កំពង់ផែ​ក្នុង​ថ្ងៃទី៤ សីហា និង​បន្ទាប់​ពី​ការ​លា​ចុះ​ពី​តំណែង​របស់​នាយករដ្ឋមន្រ្តី​មុន លោក​មូស្តាហ្វា អាឌីប​មាន​តួនាទី​រៀបចំ​សមាសភាព​រដ្ឋាភិបាល​ថ្មី​ដើម្បី​ស្រោចស្រង់​ប្រទេស​ពី​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​លីបង់​លោក​មីសែល អាអ៊ូន​ក្នុង​ថ្ងៃ​សៅរ៍ ទី២៦ កញ្ញា​ដែល​ជា​លើកទី២ ក្នុង​រយៈពេល​មិន​ដល់ ២៤ម៉ោង នាយករដ្ឋមន្រ្តី​លោក​មូស្តាហ្វា អាឌីប​បាន​សម្រេច​បោះបង់​ការ​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី។ « ខ្ញុំ​សុំទោស​ដែល​មិន​អាច​បន្ត​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី » នេះ​ជា​ការ​ថ្លែង​ក្នុង​សម្តី​ធ្ងន់​របស់​លោក​អាឌីប​នៅ​ក្នុង​សន្និសីទកាសែត​នៅ​វិមាន​ប្រធានាធិបតី រួច​បន្ថែម​ថា « សូម​ឲ្យ​ព្រះ​ជួយ​ការពារ​លីបង់ »។ គឺ​បរាជ័យ​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​គណបក្ស​ឈីអ៊ីត គឺ​ពួក​ហេស្បូឡា និង​ចលនា​អាម៉ាល់​ដែល​បាន​ជំរុញ​ឲ្យ​លោក​អាឌីប​មិន​អាច​បន្ត​ការងារ​រៀបចំ​សមាសភាព​រដ្ឋាភិបាល​ថ្មី​បាន។

អ្វី​ដែល​ក្រុម​គណបក្ស​ឈីអ៊ីត​បាន​ទាមទារ​ចង់​បាន គឺ​តំណែង​នៅ​ក្រសួង​ហិរញ្ញវត្ថុ និង​ចង់​ឲ្យ​មាន​ការ​តែងតាំង​ពួក​គេ​នៅ​ក្នុង​អំណាច​នីតិប្រតិបត្តិ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រុម​អតីត​នាយករដ្ឋមន្រ្តី​ក៏​មាន​ចំណែក​នៅ​ក្នុង​រឿង​នេះ​ដែរ ព្រោះ​ពួក​គេ​បាន​ដាក់​សម្ពាធ​លើ​លោក​អាឌីប​កុំ​ឲ្យ​ធ្វើ​សម្បទាន​អ្វី​ទាំង​អស់​ដល់​ក្រុម​គណបក្ស​ឈីអ៊ីត។ ឃើញ​ថា អ្វី​ដែល​កំពុង​កើត​ឡើង​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បង្ហាញ​ពី​ការ​បន្ត​មិន​ទុកចិត្តគ្នា​យ៉ាងជ្រាលជ្រៅ​រវាង​ក្រុម​គណបក្ស​ប្រពៃណី​ដែល​គ្រប់គ្រង​រដ្ឋាភិបាល។ ពួក​ឈីអ៊ីត​ចោទ​ពួក​ស៊ុយនីត​ពី​បទ​ចង់​ទាត់​ចោល​ពួក​ឈីអ៊ីត​ចេញ​ពី​អំណាច​នីតិប្រតិបត្តិ ខណៈ​ដែល​ពួក​ស៊ុយនីត​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា។

ចំណែក​ពួក​ស៊ុយនីត​បាន​ចោទ​ពួក​ឈីអ៊ីត​ពី​បទ​ចង់​បំផ្លាញ​គំនិត​ផ្តួចផ្តើម​របស់​បារាំង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សំណាង​ចុង​ក្រោយ​ដើម្បី​ស្រោចស្រង់​លីបង់​ពី​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច។ គឺ​រម្លឹក​ថា គឺ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ដែល​បាន​ចូលរួម​ផ្ទាល់​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​លីបង់។ លោក​ម៉ាក្រុង​បាន​ធ្វើ​ដំណើរ​ទៅ​លីបង់​ក្នុង​ថ្ងៃទី៦ សីហា ពោល ២ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ​នៅ​កំពង់ផែ​ក្នុង​ថ្ងៃទី៤ សីហា រួច​បាន​ត្រឡប់​ទៅ​ជា​លើកទី២ នៅ​ថ្ងៃទី១ កញ្ញា។ នៅ​ក្នុង​ទីក្រុង​បេរូត លោក​ម៉ាក្រុង​បាន​ជួប​សន្ទនា​ជាមួយ​គណបក្សនយោបាយ​ទាំង​អស់ និង​ជំរុញ​ពួក​គេ​ឲ្យ​រៀបចំ​រដ្ឋាភិបាល​ថ្មី​មួយ​ឯករាជ្យ និង​មាន​សមត្ថភាព​ដូច​ការ​ចង់​បាន​របស់​ប្រជាជន​លីបង់។

នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង​ទុក​ពេល ២សប្តាហ៍ ពោល​ត្រឹម​ថ្ងៃទី១៥ កញ្ញា​ដើម្បី​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​មូស្តាហ្វា អាឌីប​រៀបចំ​រដ្ឋាភិបាល​ថ្មី។ តែ​នៅ​ទីបំផុត លោក​អាឌីប​បាន​សម្រេច​បោះបង់​ចោល​ដោយ​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ជាមួយ​ក្រុម​គណបក្ស​ឈីអ៊ីត។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា សម្ពាធ​របស់​បារាំង​ទៅ​លើ​ក្រុម​គណបក្សនយោបាយ​លីបង់​ជា​ថ្នូរ​នឹង​ជំនួយ​សម្រាប់​លីបង់​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គំនិត​ផ្តួចផ្តើម​របស់​បារាំង​ក៏​ហាក់​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន​ដែរ។ ជាក់ស្តែង អាមេរិក​មិន​បាន​សាទរ​ដែល​បាន​ឃើញ​លោក​ម៉ាក្រុង​និយាយ​ជាមួយ​ពួក​ហេស្បូឡា​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ និង​ជា​សត្រូវ​របស់​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ