អានតួអត្ថបទ
បារាំង-លីបង់

ប្រធានាធិបតីបារាំងចង្អុលមុខគណបក្សនយោបាយលីបង់ទាំងអស់​ពីបទធ្វើឲ្យបរាជ័យនៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី

ប្រធានាធិបតីបារាំងចង្អុលមុខគណបក្សនយោបាយលីបង់ទាំងអស់​ពីបទធ្វើឲ្យបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី
ប្រធានាធិបតីបារាំងចង្អុលមុខគណបក្សនយោបាយលីបង់ទាំងអស់​ពីបទធ្វើឲ្យបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី REUTERS - POOL
១៤ នាទី

នៅ​ថ្ងៃ​អាទិត្យ ទី២៧ កញ្ញា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​បញ្ចេញ​ប្រតិកម្ម​លើ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​នៅ​លីបង់។ ប្រតិកម្ម​របស់​លោក​ម៉ាក្រុង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី​អេលីហ្សេ និង​ក្រោយ​ពី​នាយករដ្ឋមន្រ្តី​លីបង់​លោក​មូស្តាហ្វា អាឌីប​បាន​ប្រកាស​ក្នុង​ថ្ងៃ​សៅរ៍ ទី២៦ កញ្ញា​ពី​ការ​ឈប់​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី។ នៅ​ក្នុង​សន្និសីទកាសែត លោក​ម៉ាក្រុង​បាន​ចាត់​ទុក​ភាព​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​លីបង់​ពេល​នេះ​ជា​ការ​ក្បត់រួម។ តែ​ទន្ទឹម​គ្នា លោក​ម៉ាក្រុង​មិន​ញញើត​ស្តីបន្ទោស និង​ទម្លាក់កំហុស​ដាក់​គណបក្ស​ឈីអ៊ីត​របស់​ពួក​ហេស្បូឡា​ទេ។ គួរ​រម្លឹក​ថា ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ​នៅ​កំពង់ផែ​ក្នុង​ទីក្រុង​បេរូត ប្រទេស​លីបង់​នា​ថ្ងៃទី៤ សីហា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​លីបង់​ក្នុង​ថ្ងៃទី៦ សីហា និង​បាន​ត្រឡប់​ទៅ​ជា​ថ្មី​កាល​ពី​ថ្ងៃទី១ កញ្ញា។ កម្មវត្ថុ​របស់​លោក​ម៉ាក្រុង គឺ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​លីបង់​ដោយ​បាន​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ឲ្យ​រួម​គ្នា​បង្កើត​រដ្ឋាភិបាល​​ថ្មី​មួយ​ឯករាជ្យ និង​មាន​សមត្ថភាព។ លោក​ម៉ាក្រុង​បាន​ទុក​ពេល ២សប្តាហ៍ ពោល​ត្រឹម​ថ្ងៃទី១៥ កញ្ញា​ដើម្បី​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​មូស្តាហ្វា អាឌីប​រៀបចំ​រដ្ឋាភិបាល​ថ្មី។ តែ​នៅ​ទីបំផុត​ក្នុង​ថ្ងៃ​សៅរិ៍ ទី២៧ កញ្ញា លោក​អាឌីប​បាន​សម្រេច​បោះបង់​ចោល​វិញ​ដោយ​ពន្យល់​ថា លោក​ពិបាក​និយាយ​ស្តាប់​គ្នា​បាន​ជាមួយ​ក្រុម​គណបក្ស​ឈីអ៊ីត ពិសេស​ពួក​ហេស្បូឡា។

ផ្សាយពាណិជ្ជកម្ម

« ពួក​គេ​បាន​សម្រេចចិត្ត​ក្បត់​នឹង​កិច្ចសន្យា​ដែល​ពួក​គេ​បាន​សន្យា។ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា រដ្ឋអំណាច និង​កម្លាំង​នយោបាយ​លីបង់​បាន​សម្រេច​ជ្រើស​យក​ផ្លូវ​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍​គណបក្ស​ខ្លួន​ឯង​ដោយ​ធ្វើ​ឲ្យ​អន្តរាយ​នូវ​ប្រយោជន៍​រួម​ទូទៅ​របស់​ប្រទេស។ អ្នក​ទទួលខុសត្រូវ​នយោបាយ​លីបង់​ទាំង​អស់​បាន​ធ្វើ​ឲ្យ​បរាជ័យ​នូវ​ការ​បង្កើត​រដ្ឋាភិបាល បេសកកម្ម​មួយ​ដើម្បី​ធ្វើ​កំណែទម្រង់​ប្រទេស​ឲ្យ​បាន​ល្អ។

គណបក្ស​នយោបាយ​លីបង់​ជា​អ្នក​ទទួលខុសត្រូវ​នៅ​ក្នុង​ភាព​បរាជ័យ​នេះ ហើយ​បរាជ័យ​នេះ​នឹង​ធ្ងន់ធ្ងរ​ណាស់។ ពួក​ហេស្បូឡា​មិន​អាច​ជា​កម្លាំង​ប្រដាប់អាវុធ​ធ្វើ​សង្រ្គាម​ប្រឆាំង​អ៊ីស្រាអែល​ផង ជា​កងជីវពល​ប្រឆាំង​ជនស៊ីវិល​នៅ​ស៊ីរី​ផង និង​ជា​គណបក្សនយោបាយ​គួរ​ឲ្យ​គោរព​នៅ​លីបង់​ផង​បាន​ទេ។ ពួក​ហេស្បូឡា​មិន​ត្រូវ​មាន​ជំនឿ​ថា ពួក​គេ​ខ្លាំង​ដូច​ដែល​ពួក​គេ​បាន​គិត​នោះ​ឡើយ។

គឺ​ពួក​ហេស្បូឡា​ខ្លួន​ឯង​ដែល​ត្រូវ​បង្ហាញ​ថា ពួក​គេ​គោរព​ប្រជាជន​លីបង់​គ្រប់​រូប​ទាំង​អស់។ តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពួក​ហេស្បូឡា​បាន​បង្ហាញ​ជំហរ​ផ្ទុយ​ស្រឡះ​ពី​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ