អានតួអត្ថបទ

អ៊ីស្រាអែល និងលីបង់ព្រមព្រៀងចរចាគ្នាផ្ទាល់ស្តីពីជម្លោះព្រំដែនសមុទ្រក្រោមអន្តរការីអាមេរិក

ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ
ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ POOL/AFP/File
២០ នាទី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ តុលា សហរដ្ឋអាមេរិក​បាន​ប្រកាស​សាទរ​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ដែល​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​លីបង់​បាន​ប្រកាស​ពី​ការ​ព្រម​ចរចា​គ្នា​ដោយ​ផ្ទាល់​ស្តីពី​ជម្លោះ​ព្រំដែនសមុទ្រ។ ប្រមុខ​ការទូតអាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ថ្លែង​ថា ភាព​ត្រូវរ៉ូវ​គ្នា​រវាង​អ៊ីស្រាអែល និង​លីបង់​លើ​សំណុំរឿង​វិវាទ​មួយ​នេះ​ជា​លទ្ធផល​នៃ​ការ​ប្រឹងប្រែង​ការទូត​យ៉ាង​មមាញឹក​របស់​រដ្ឋបាល​អាមេរិក។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ថ្ងៃ​ខែ​ជួប​ចរចា​ពិត​ប្រាកដ​រវាង​អ៊ីស្រាអែល និង​លីបង់​ក្រោម​អន្តរការី​របស់​អាមេរិក​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន នេះ​ជា​លើកទី១ ក្នុង​រយៈពេល ៣០ឆ្នាំ​ដែល​អ៊ីស្រាអែល និង​លីបង់​យល់ព្រម​ចរចា​គ្នា​ដោយ​ផ្ទាល់​ក្នុង​កម្រិត​ស៊ីវិល​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្រ។

ផ្សាយពាណិជ្ជកម្ម

ការ​សាទរ​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីប្រកាសព័ត៌មាន​មួយ​របស់​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ។ ក្រៅ​ពី​ចាត់​ទុក​ការ​ព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​លីបង់​ពេល​នេះ​ជា​លទ្ធផល​នៃ​ការ​ប្រឹងប្រែង​ផ្លូវទូត​យ៉ាង​សកម្ម​របស់​អាមេរិក​ជិត ៣ឆ្នាំ លោក​ប៉ុមប៉េអូ​ក៏​បាន​លើក​ឡើង​ថា ភាព​ត្រូវរ៉ូវ​គ្នា​រវាង​អ៊ីស្រាអែល និង​លីបង់​ជា​ជំហាន​ដ៏​សំខាន់​ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​លីបង់ អ៊ីស្រាអែល សហរដ្ឋអាមេរិក និង​ផលប្រយោជន៍​តំបន់។ ម្យ៉ាង​ទៀត និង​បើ​តាម​លោក​ប៉ុមប៉េអូ ការ​ចរចា​រវាង​អ៊ីស្រាអែល និង​លីបង់​ស្តីពី​ជម្លោះ​ព្រំដែន​សមុទ្រ​ក៏​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​ពីរ​ផ្តើម​ជជែក​គ្នា​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ស្ថិរភាព សន្តិសុខ និង​ភាព​សំបូររុងរឿង​បន្ថែម​ទៀត​សម្រាប់​ប្រជាជន​លីបង់​ក៏​ដូច​ជា​ប្រជាជន​អ៊ីស្រាអែល។

ប្រមុខ​ការទូត​អាមេរិក​មិន​បាន​បញ្ជាក់​ពី​ថ្ងៃខែ​នៃ​ការ​ផ្តើម​កិច្ចចរចា​ទេ តែ​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ការ​ចរចា​នឹង​ចាប់​ផ្តើម​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ជនជាតិ​ជ្វីហ្វ​ដែល​នឹង​បិទបញ្ចប់​នៅ​ថ្ងៃទី១០ តុលា។ ចំណែក​ទីកន្លែង​ចរចា​នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​នៃ​កម្លាំង​រក្សាសន្តិភាព​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​លីបង់។ ពី​ខាង​លីបង់​វិញ ប្រធាន​រដ្ឋសភា​លោក​ណាប៊ី បេរី​បាន​បញ្ជាក់​ដូច​គ្នា​នេះ និង​ថា ការ​ចរចា​ដែល​នឹង​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ និង​មាន​អាមេរិក​ធ្វើ​ជា​អន្តរការី​ជា​សំណើ​របស់​ភាគី​អ៊ីស្រាអែល និង​លីបង់។ ក្នុង​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ អ៊ីស្រាអែល និង​លីបង់​បាន​ទាក់ទង​គ្នា​ដោយ​ប្រយោល​តាម​រយៈ​ភាគី​អាមេរិក​ស្តីពី​ជម្លោះ​ព្រំដែន​សមុទ្រ។

ក្នុង​ឆ្នាំ ២០១៨ លីបង់​បាន​ចុះ​ហត្ថលេខា​ទី១ លើ​កុងត្រា​ខួង​យក​ប្រេង និង​ឧស្ម័ន​នៅ​ដែនទឹក​របស់​ខ្លួន។ តែ​មាន​ប្លុក​ខ្លះ​មាន​ជាប់​ជម្លោះ​ជាមួយ​អ៊ីស្រាអែល។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៩ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ថ្លែង​ពី​ការ​បើក​ភ្លើងខៀវ​ឲ្យ​ផ្តើម​ចរចា​ជាមួយ​លីបង់​ដោយ​មាន​អាមេរិក​ធ្វើ​ជា​អាជ្ញាកណ្តាល។ ក្រៅ​ពី​ជម្លោះ​ព្រំដែនសមុទ្រ អ៊ីស្រាអែល និង​លីបង់​ក៏​កំពុង​មាន​បញ្ហា​ព្រំដែនគោក ពិសេស​ពាក់ព័ន្ធ​នឹង​ខ្សែបន្ទាត់ព្រំដែន​ដែល​គេ​ហៅ « ខ្សែខៀវ »។ ក្នុង​បញ្ហា​នេះ​ត្រូវ​បាន​ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​យល់​ថា កិច្ចចរចា​ដាច់​ដោយឡែក​ក្នុង​កម្រិត​អ្នកជំនាញ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​បាន​ដើម្បី​ស្ថិរភាព​តំបន់។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ជម្លោះ​ព្រំដែន​ទឹក និង​ព្រំដែន​គោក​រវាង​លីបង់ និង​អ៊ីស្រាអែល អាមេរិក​បាន​ប្រឹងប្រែង​ជិត ១០ឆ្នាំ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​កិច្ចចរចា​ដោយផ្ទាល់​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ។

សូម​បញ្ជាក់​ថា​ជា​លក្ខណៈ​បច្ចេកទេស និង​ក្រោយ​ពី​បាន​ប្រឈម​មុខ​ដាក់​គ្នា​ច្រើន​ដង អ៊ីស្រាអែល និង​លីបង់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម។ ក្រោយ​សង្រ្គាម​ឆ្នាំ ២០០៦ រវាង​អ៊ីស្រាអែល និង​ពួក​ហេស្បូឡា​លីបង់ មាន​កម្លាំង​មួកខៀវ​ប្រមាណ​ជា ១០ ៥០០នាក់​កំពុង​ឈរ​ជើង​លើ​ទឹកដី​លីបង់​ដើម្បី​ឃ្លាំមើល​តាម​ព្រំដែន និង​ការ​អនុវត្តន៍​សេចក្តីសម្រេចចិត្ត​លេខ ១៧០១ របស់​ក្រុមប្រឹក្សាសន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ