អានតួអត្ថបទ

អ៊ីស្រាអែល​លែងផ្តល់​ទិដ្ឋាការ​ដល់មន្រ្តី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បង្ហាញ​ផែនទី ដែនអាណានិគមកិច្ច​ដែល​អ៊ីស្រាអែល​គ្រោង​នឹង​បង្កើត​នៅ​ទឹកដី​ប៉ាឡេស្ទីន នៅឆ្នាំ ២០១៩
នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បង្ហាញ​ផែនទី ដែនអាណានិគមកិច្ច​ដែល​អ៊ីស្រាអែល​គ្រោង​នឹង​បង្កើត​នៅ​ទឹកដី​ប៉ាឡេស្ទីន នៅឆ្នាំ ២០១៩ AP - Oded Balilty
ដោយ៖ ឈាង បុប្ផា
១៨ នាទី

ខឹង​នឹង​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​ចេញរបាយការណ៍ រិះគន់ ក្រុមហ៊ុន ដែល​ធ្វើជំនួញ នៅតំបន់​អាណានិគម​អ៊ីស្រាអែល រដ្ឋាភិបាល​អ៊ីស្រាអែល បាន​បែរខ្នង លែងផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តីអន្តរជាតិ​របស់​​អង្គការ​សហប្រជាជាតិ។ តាមអ្នកនាំពាក្យ​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស ដែលមានទីស្នាក់ការ​នៅទីក្រុង​ហ្សឺណែវ តាំង​ពីខែ​មិថុនា អ៊ីស្រាអែល​បាន​ឆ្លើយទេ សម្រាប់ ពាក្យសុំពន្យារទិដ្ឋាការ ក៏ដូចជា ការស្នើសុំ​ទិដ្ឋាការ​ថ្មី សម្រាប់​បុគ្គលិក​អន្តរជាតិ ដែល​ត្រូវ​បំពេញ​បេសកកម្ម នៅ​អ៊ីស្រាអែល។

ផ្សាយពាណិជ្ជកម្ម

ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃសុក្រទី ១៦ តុលា បាន​អះអាងថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ អ៊ីស្រាអែល​មិន​បាន​ផ្តល់​ទិដ្ឋាការ​ថ្មី ឬ យល់ព្រម​ពន្យារ​ទិដ្ឋាការ​ឲ្យ​មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ​ទេ ។

គិត​ត្រឹម​ចុងខែ​សីហា មន្រ្តី​អន្តរជាតិ​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស ៩នាក់ ដែល​ក្នុងនោះ មាន​ផងដែរ ប្រធាន​ក្រុមបេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពីទឹកដី​អ៊ីស្រាអែល ដោយសារ​តែ ទិដ្ឋាការ ត្រូវ​ផុតកំណត់ មិន​បាន​ទទួល​ការពន្យា​បន្ត​ពី​អាជ្ញាធរ​អ៊ីស្រាអែល។ ដោយសារ​តែ​អ៊ីស្រាអែល បដិសេធ មិនផ្តល់​ទិដ្ឋការ ​អង្គការ​សហប្រជាជាតិ ត្រូវ​ខកខាន មិន​អាច​បញ្ជូន បុគ្គលិក ថ្មី ៣រូប ឲ្យ​ទៅធ្វើការ​នៅទឹកដី​អ៊ីស្រាអែល។

រហូតមកដល់​ពេលនេះ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅអ៊ីស្រាអែល នៅតែ​អាច​បើក​ទ្វារ ដំណើរការ ជាមួយ មន្រ្តី​អន្តរជាតិ​ដែល​នៅ​សល់​៣រូប ហើយ​និង​បុគ្គលិក ក្នុង​ស្រុក ជាតិ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ២៦នាក់​ផ្សេងទៀត។

សម្រាប់​អ្នកនាំពាក្យ​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស នយោបាយ​របស់​អ៊ីស្រាអែល បាន​រំខាន ប៉ះពាល់​ដល់​អាណត្តិការងារ​របស់​អង្គការ​សហប្រជាជាតិ​នៅ​អ៊ីស្រាអែល។

ក្រសួងការបរទេស​អ៊ីស្រាអែល កាលពី​ថ្ងៃ​សុក្រ មិន​បាន​ពន្យល់​ពីហេតុផល ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នោះទេ។ ប៉ុន្តែ ក្រសួង​បាន​លើកឡើង​ថា អ៊ីស្រាអែល នៅតែ​រក្សា​ជំហរ ដែលមាននៅ​ក្នុង​សេចក្តីប្រកាស កាលពី​ខែ​មិថុនា ដែលនៅក្នុង​នោះ អ៊ីស្រាអែល បាន​គំរាម​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស លោកស្រី Michelle Bachelet និង​ក្រុមការងារ​របស់​លោកស្រី។ អ៊ីស្រាអែល បាន​ចាប់ផ្តើម​ដំឡើង​សំឡេង សងសឹក នឹង​ឧត្តមស្នងការ​សិទ្ធិមនុស្ស នៅក្រោយ របាយការណ៍​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស កាលពីខែ កុម្ភៈ បាន​បញ្ចេញ​បញ្ជីឈ្មោះ​ក្រុមហ៊ុន អ៊ីស្រាអែល និង​ក្រុមហ៊ុន​បរទេស ប្រមាណ ១១២​ដែលធ្វើជំនួញ នៅ​តំបន់​អាណានិគមកិច្ច ក្នុង​ទឹកដី ​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល បាន​ចូល រំលោភ កាន់កាប់​ដោយ​ខុសច្បាប់​អន្តរជាតិ។ សម្រាប់​អ៊ីស្រាអែល របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ គឺ​ជារបាយការណ៍​គួរឲ្យ​ខ្មាស់អៀន ព្រោះវា នឹង​ញុះញង់​ឲ្យ​ប្រទេស​ដទៃ  ធ្វើពហិកា  មិនទិញ ផលិតផល ឬ​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន ដែល​មានវត្តមាន​នៅដែន​អាណានិគមកិច្ច​អ៊ីស្រាអែល។

នៅមុន​មន្រ្តី​អង្គការ​សហប្រជាជាតិ អ៊ីស្រាអែល ធ្លាប់​បាន​បណ្តេញ​អ្នកស្រាវជ្រាវ​ម្នាក់ របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch។ នៅ​ឆ្នាំ ២០១៩ អ៊ីស្រាអែល ​បដិសេធ មិន​ពន្យារ​ទិដ្ឋាការ​ដល់​ក្រុមការងារ​របស់​អង្គការ ការពារ​សិទ្ធិមនុស្ស ដែល​ធ្វើការស៊ើបអង្កេត​លើ​ការរំលោភ​សិទ្ធិ​ប្រជាជន​ប៉ាឡេស្ទីន ពី​សំណាក់ សហគមន៍ ជ្វីហ្វ ជ្រុលនិយម នៅ​តំបន់​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ