អានតួអត្ថបទ

លីបង់​នៅតែ​មិនអាច​ជៀសផុត​រួច​ពីការដឹកនាំ​របស់​នាយករដ្ឋមន្រ្តី Saad Al Hariri

ប្រធានាធិបតី​លីបង់ គ្មាន​ជម្រើស​ថ្មី ក្រៅតែ​ពីរត់រក លោក ហារីរី ឲ្យ​មកធ្វើ​ជា​នាយករដ្ឋមន្រ្តី​ដឹកនាំ​លីបង់ ជាលើកទី៣។ នៅថ្ងៃ​ទី ២២​ តុលា ២០២០ ពោល​គឺ​នៅ​១ឆ្នាំ ក្រោយ លោកហារីរី ប្រកាស​ចុះ​ចេញពីតំណែង ដោយសារ​បាតុកម្ម​ប្រឆាំង​របស់​ប្រជាជន​លីបង់ លោកប្រធានាធិបតី លីបង់​បាន​ហៅ​លោក​ហារីរី ឲ្យ​មក​បង្កើតរដ្ឋាភិបាល​ថ្មី នៅក្រោយ ហេតុការណ៍​ផ្ទុះឆេះនៅកំពង់ផែបីរូត នៅថ្ងៃ​ទី ២២​តុលា ២០២០
ប្រធានាធិបតី​លីបង់ គ្មាន​ជម្រើស​ថ្មី ក្រៅតែ​ពីរត់រក លោក ហារីរី ឲ្យ​មកធ្វើ​ជា​នាយករដ្ឋមន្រ្តី​ដឹកនាំ​លីបង់ ជាលើកទី៣។ នៅថ្ងៃ​ទី ២២​ តុលា ២០២០ ពោល​គឺ​នៅ​១ឆ្នាំ ក្រោយ លោកហារីរី ប្រកាស​ចុះ​ចេញពីតំណែង ដោយសារ​បាតុកម្ម​ប្រឆាំង​របស់​ប្រជាជន​លីបង់ លោកប្រធានាធិបតី លីបង់​បាន​ហៅ​លោក​ហារីរី ឲ្យ​មក​បង្កើតរដ្ឋាភិបាល​ថ្មី នៅក្រោយ ហេតុការណ៍​ផ្ទុះឆេះនៅកំពង់ផែបីរូត នៅថ្ងៃ​ទី ២២​តុលា ២០២០ AP - Hussein Malla
ដោយ៖ ឈាង បុប្ផា
១៨ នាទី

មួយឆ្នាំ​ក្រោយ​សុំ​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្រ្តី​លីបង់ ដោយសារ​បាតុកម្ម​ប្រឆាំង​របស់​មហាជន​លីបង់ លោក​ Saad Al Hariri បាន​ត្រលប់​មក​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​លីបង់​សាជាថ្មី។ នៅថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ លោក​Saad Al Hariri ត្រូវ​បាន​លោកប្រធានាធិបតី មីស្ហែល អាអ៊ូន​Michel Aoun ជ្រើសតាំង​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី សម្រាប់​លីបង់ ដែល​គ្មាន​រដ្ឋាភិបាល ដឹកនាំច្បាស់លាស់ នៅក្រោយ​ហេតុការណ៍​ផ្ទុះនៅកំពង់ផែ ដែល​បាន​សម្លាប់ មនុស្ស​ជាង ២០០នាក់។

ផ្សាយពាណិជ្ជកម្ម

ស្ថិតក្រោម​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ ដែល​ទាមទារ​ឲ្យ​លីបង់​បង្កើត​រដ្ឋាភិបាល​ថ្មី ជាថ្នូរ​នឹង​ប្រាក់ជំនួយ រាប់ពាន់​លាន​ដុល្លារ ប្រធានាធិបតី​លីបង់ លោក​មីស្ហែល អាអ៊ូន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​ប្រញាប់ ជ្រើសរើស​លោក​សាអាដ អាល់ ហារីរី ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី លីបង់ នៅបន្ទាប់​ពី​នាយករដ្ឋមន្រ្តី មុន គឺ លោក​មូស្តាហ្វា អាឌីប បរាជ័យ​មិនអាច​បង្កើត​រដ្ឋាភិបាល​រួបរួម​ ជាតិ កាលពីខែ​ចុងខែ​កញ្ញា កន្លងទៅ។

ដោយ​ជ្រើសរើស លោក​សាអាដ អាល់ ហារីរី ឲ្យ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី ប្រធានាធិបតី លីបង់​ ជៀស​មិនរួច ពី​ត្រូវ​ហៅ​កូនប្រុស​របស់​មេដឹកនាំ​ដ៏ល្បី​ឈ្មោះ របស់​លីបង់ Rafic Hariri។ សាអាដ អាល់ ហារីរី ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្រ្តី លីបង់ ពីរ​អាណត្តិ រហូត​ដល់​ឆ្នាំ ២០១៩។ ដោយ​ជ្រើសរើស​លោក​សាអាដ ហារីរី ឲ្យ​មក​បង្កើត​រដ្ឋាភិបាល​ថ្មី ថ្នាក់ដឹកនាំ នយោបាយ​របស់​លីបង់ កំពុង​សើចចំអក​ដាក់​ប្រជាជន​លីបង់ ព្រោះថា គិត​ត្រឹម​ខែ​តុលា គឺ​មានរយៈពេល ១ឆ្នាំ គត់ ដែល លោក​សាអាដ ហារីរី បាន​ចុះចេញពីតំណែង ដោយសារ​មហាបាតុកម្ម​ប្រឆាំង ដ៏ធំ​របស់​ប្រជាជន​លីបង់។

នៅលីបង់​ជាទី​ដែល​ប្រជាជន​ពាក់កណ្តាល​មានជីវភាពក្រីក្រ គ្មានទឹកភ្លើង ប្រើប្រាស់​គ្រប់គ្រាន់ ប្រជាជន​លីបង់​បាន​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​មានការផ្លាស់ប្តូរ​សមាសភាព​អ្នកនយោបាយ​លីបង់ ដែល​គេ​ឃើញ​នៅតែ​ដដែលៗ ពុករលួយ និង អសមត្ថភាព។ លីបង់​ដែលរួបរឹត​ដោយ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច អស់ជាច្រើន​ឆ្នាំ​បាន​ធ្លាក់ខ្លួន ដុនដាប មួយជាន់ទៀត ដោយសារ​ហេតុការណ៍​ផ្ទុះនៅកំពង់ផែ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០នាក់ និង​បាន​បំផ្លាញ​សំណង់​អគារ ទីក្រុង ការងារ គិតជាប្រាក់ ជាង ១៥ពាន់លាន​ដុល្លារ។

នៅថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ ប្រកាសតែងតាំង របស់​ប្រធានាធិបតី​ លោក​នាយករដ្ឋមន្រ្តី ហារីរី បាន​សន្យា​បង្កើតរដ្ឋាភិបាល​ថ្មីមួយប្លែក ដែល​គ្មាន​ការចូលរួម​របស់​អ្នកនយោបាយ ប៉ុន្តែ ដែល​សំបូរ​ដោយ ក្រុមអ្នកជំនាញ ទៅតាម​មតិយោបល​របស់​រដ្ឋាភិបាល​បារាំង ដែល​ទាមទារ​ចង់​បាន​រដ្ឋាភិបាល​ ​ឯករាជ្យ​មួយ​នៅ លីបង់។ ផ្ទុយពី​បេក្ខជន​នាយករដ្ឋមន្រ្តី​លីបង់ ពីររូប មុន លោក​ហារីរី អ្នកនយោបាយ​ជើងចាស់ ដែល​មាន​ខ្សែបណ្តាញ និង​គាំទ្រ​ពី គណបក្ស​ភាគច្រើន​ នៅលីបង់ សង្ឃឹម​អាច​បានសំឡេង គាំទ្រ​ពី​គ្រប់​និន្នាការ​នយោបាយ ដោយរួម​មានទាំងក្រុម​អេស្បូឡា លីបង់ ដែល​មានដើរតួនាទី​សំខាន់​នៅ​លីបង់។

លោក​អាល់ ហារីរី អាច​មានសង្ឃឹម​បង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​គ្មាន​ឧបសគ្គ​ច្រើន។ រដ្ឋាភិបាលថ្មី​របស់​លីបង់ ដឹកនាំ ដោយ​អ្នកនយោបាយ​ចាស់ មុខ​ដដែល បានសន្យា​ធ្វើ​កំណែទម្រង់ លុបបំបាត់​អំពើពុករលួយ​ដើម្បី បាន​ជំនួយ​អន្តរជាតិ រាប់ពាន់​លាន​ដុល្លារ។ ប៉ុន្តែ ចំណោទ​នៅត្រង់ថា តើ​ប្រជាជន​លីបង់ ដែល​ធ្វើ​បាតុកម្ម ប្រឆាំង ដាច់ខាត ចង់​ឲ្យមាន​ការផ្លាស់ប្តូរ​សមាសភាព​នយោបាយ នៅលីបង់ យល់ព្រម ទទួល​យក​នាយករដ្ឋមន្រ្តី ដែល​ពួកគេ​បាន​ធ្វើ​បាតុកម្ម បណ្តេញ​ចេញពី​តំណែង កាលពី​ឆ្នាំមុន​ដែរឬក៏យ៉ាងណា?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ