អានតួអត្ថបទ
អាល់កៃដា-បារាំង

អាល់កៃដាគំរាមប្រធានាធិបតីបារាំង និងអំពាវនាវឲ្យសម្លាប់អ្នកដែលជេរប្រមាថព្យាការីអ៊ីស្លាម

អាល់កៃដាគំរាមប្រធានាធិបតីបារាំង និងអំពាវនាវឲ្យសម្លាប់អ្នកដែលជេរប្រមាថព្យាការីអ៊ីស្លាម
អាល់កៃដាគំរាមប្រធានាធិបតីបារាំង និងអំពាវនាវឲ្យសម្លាប់អ្នកដែលជេរប្រមាថព្យាការីអ៊ីស្លាម Al-Andalus/AFP/Archivos
១០ នាទី

សង្រ្គាម​ពាក្យសម្តី​ហាក់​មិន​ទាន់​ស្ងប់ស្ងាត់​រវាង​ប្រទេស​បារាំង និង​អ្នកកាន់សាសនា​អ៊ីស្លាម។ នៅ​ថ្ងៃ​ចន្ទ ទី២ វិច្ឆិកា ក្រុមជីហាត​នៃ​អង្គការ​ភេរវនិយម​អាល់កៃដា​ក្នុង​តំបន់​ម៉ាក្រេប Aqmi បាន​អំពាវនាវ​ឲ្យ​សកម្មជន​របស់​ខ្លួន​សម្លាប់​អ្នក​ណា​ដែល​ជេរ​ប្រមាថ​ព្យាការី​អ៊ីស្លាម​ម៉ាហូម៉េត និង​គំរាម​សងសឹក​ប្រឆាំង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ដែល​បាន​ថ្លែង​ការពារ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​គូរ​រូប​ថ្លុក។

ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់ Aqmi បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ថា សម្លាប់​អ្នក​ដែល​ប្រមាថ​ព្យាការី​ជា​សិទ្ធិ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម​គ្រប់រូប។ តាម​រយៈ​ការ​អំពាវនាវ​នេះ ក្រុមជីហាត​នៃ​អង្គការ​ភេរវនិយម​អាល់កៃដា​ក្នុង​តំបន់​ម៉ាក្រេប Aqmi ចង់​ឆ្លើយ​តប​នឹង​ការ​ថ្លែង​របស់​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង។ នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​គ្រូបង្រៀន​ម្នាក់​លោក​ Samuel Paty ដែល​ត្រូវ​បាន​ភេរវជន​កាត់ក្បាល​ក្នុង​ថ្ងៃទី១៦ តុលា​ក្រោយ​ពី​បាន​បង្ហាញ​រូបថ្លុក​ព្យាការី​ម៉ាហូម៉េត​ដល់​កូនសិស្ស លោក​ម៉ាក្រុង​បាន​បញ្ជាក់​ថា ប្រទេស​ក្នុង​នាម​សេរីភាព​បញ្ចេញ​មតិ​នឹង​មិន​បោះបង់​រូបថ្លុក​ទេ។

ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក​ម៉ាក្រុង​បាន​បំផុស​ឲ្យ​មាន​ការ​រិះគន់​ខ្លាំងក្លា និង​កំហឹង​ពី​ពិភព​អ្នកកាន់​សាសនា​អ៊ីស្លាម រួម​ទាំង​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​លើ​ផលិផល​បារាំង។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​នៅ​ក្នុង​ប្រទេស​អ៊ីស្លាម​ជា​ច្រើន​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​បារាំង។ ជា​ថ្មី​ម្តង​ទៀត​ក្នុង​ថ្ងៃ​ចន្ទ ទី២ វិច្ឆិកា មាន​ប្រជាជន​បង់ក្លាដែស​ប្រមាណ ៥០ ០០០នាក់​បាន​ធ្វើ​បាតុកម្ម​ដោយ​ដុត​ទង់ជាតិ​បារាំង និង​រូបថត​លោក​ម៉ាក្រុង។ សេចក្តីប្រកាសព័ត៌មាន​របស់ Aqmi បាន​បញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​ពហិការ​លើ​ផលិផល​បារាំង​ជា​កាតព្វកិច្ច​មួយ តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។

នៅ​ក្នុង​ន័យ​នេះ Aqmi បាន​អំពាវនាវ​ឲ្យ​មាន​ការ​សងសឹក​ប្រឆាំង​នឹង​លោក​ម៉ាក្រុង​ដោយ​សរសេរ​គំរាម​ថា « យើង​នឹង​មិន​ភ្លេច​សកម្មភាព​ដ៏ឃោរឃៅ​របស់​អ្នក​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ