អានតួអត្ថបទ
អាមេរិក-មជ្ឈិមបូព៌ា

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ថ្នាក់ដឹកនាំក្នុងតំបន់ឈូងសមុទ្រពែក្សជ្រើសលោកដូណាល់ ត្រាំ

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ថ្នាក់ដឹកនាំក្នុងតំបន់ឈូងសមុទ្រពែក្សជ្រើសលោកដូណាល់ ត្រាំ
បោះឆ្នោតប្រធានាធិបតីអាមេរិក៖ថ្នាក់ដឹកនាំក្នុងតំបន់ឈូងសមុទ្រពែក្សជ្រើសលោកដូណាល់ ត្រាំ Saudi Press Agency/Handout via REUTERS
១៥ នាទី

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក​ជា​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ធ្វើ​ឱ្យ​ពិភពលោក​ទាំងមូល​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ក្រៅ​ពី​ពលរដ្ឋ​អាមេរិក ប្រទេស​នីមួយៗ​ក្នុង​លោក​ក៏​មាន​ជម្រើស​បេក្ខជន​របស់​ខ្លួន​ដែរ​រវាង​លោក​ចូ បៃដិន​មក​ពី​គណបក្សប្រជាធិបតេយ្យ និង​ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​មក​ពី​គណបក្ស​សាធារណរដ្ឋ។ តែ​សម្រាប់​ថ្នាក់ដឹកនាំ​នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស ពួក​គេ​ចង់​ឃើញ​លោក​ត្រាំ​បន្ត​អង្គុយ​កៅអី​ប្រធានាធិបតី​អាមេរិក​ចំនួន ៤ឆ្នាំ​បន្ថែម​ទៀត។

ផ្សាយពាណិជ្ជកម្ម

គ្រប់​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​កំពុង​ផ្តោត​ចក្ខុ​លើ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ចង់​ដឹង​ថា តើ​ម្ចាស់ថ្មី​នៅ​សេតវិមាន​មាន​ឈ្មោះ​ដូណាល់ ត្រាំ​ដដែល ឬ​មួយ​ក៏​អ្នក​ថ្មី​មាន​ឈ្មោះ​ចូ បៃដិន។ សម្រាប់​ថ្នាក់ដឹកនាំ​នៅ​តំបន់​ឈូងសមុទ្រពែក្ស ជម្រើស​អនាគត​ប្រធានាធិបតី​អាមេរិក​ក៏​អាច​ជា​ការ​កំណត់​អនាគត​នយោបាយ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ដែរ។

« សហរដ្ឋអាមេរិក​ដើរ​តួនាទី​សំខាន់​សម្រាប់​សន្តិសុខ​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស។ ដោយ​ឈរ​លើ​វត្តមាន​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់ សហរដ្ឋអាមេរិក​ជា​អំណាច​មួយ​សំខាន់ និង​មិន​អាច​បាន​ខ្វះ​សម្រាប់​នយោបាយ​នៅ​ក្នុង​តំបន់។ អ្វី​ដែល​កើត​ឡើង​នៅ​ក្រុង​វ៉ាស៊ីនតោន​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស » នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អាប់ឌុលខាលីក អាប់ឌុលឡា សាស្រ្តាចារ្យ​វិទ្យាសាស្រ្តនយោបាយ​នៅ​អេមីរ៉ាតអារ៉ាប់រួម។

ខណៈ​ដែល​លទ្ធផល​បឋម​កំពុង​មាន​ប្រកៀក​គ្នា​រវាង​លោក​ចូ បៃដិន និង​លោក​ដូណាល់ ត្រាំ ថ្នាក់ដឹកនាំ​នៅ​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ហាក់​មាន​ជម្រើស​រួច​ទៅ​ហើយ។ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និង​ប្រទេស​បារ៉ែន​ចង់​ឃើញ​លោក​ត្រាំ​ជាប់ឆ្នោត​មួយ​អាណត្តិ​ទៀត។ លោក​អាប់ឌុលខាលីក អាប់ឌុលឡា​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា « នៅ​ក្នុង​អាណត្តិ​របស់​លោក​ត្រាំ សហរដ្ឋអាមេរិក​បាន​យល់​ច្បាស់​ពី​គ្រោះថ្នាក់​របស់​អ៊ីរ៉ង់។ អ៊ីចឹង​ហើយ​បាន​លោក​ត្រាំ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចាស់ដៃ​ប្រឆាំង​អ៊ីរ៉ង់។ បន្ទាប់​មក លោក​ត្រាំ​ក៏​បាន​ទទួល​ពិន្ទុ​ពី​ការ​សម្លាប់​មេទ័ព​អ៊ីរ៉ង់​លោក​កាសឹម សូឡីម៉ានី​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ ចុង​ក្រោយ ថ្នាក់ដឹកនាំ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​មិន​ភ្លេច​សោះ​ឡើយ​ថា ទស្សនកិច្ច​ផ្លូវការ​ទី១ របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត »។

តាម​សាស្រ្តាចារ្យ​ជនជាតិ​អេមីរ៉ាតអារ៉ាប់រួម​រូប​នេះ​ដដែល ក្រុម​ថ្នាក់ដឹកនាំ​នៅ​ឈូងសមុទ្រពែក្ស​ចង់​ឃើញ​ការ​បន្ត​នយោបាយ​ដដែល​របស់​សហរដ្ឋអាមេរិក​សម្រាប់​តំបន់។ តែ​លោក​អាប់ឌុលឡា​ក៏​ហាក់​ចាក់​ខ្សែ​ដោយ​បញ្ជាក់​ថា ទោះ​បី​ជា​លោក​ចូ បៃដិន​ឈ្នះ​ឆ្នោត​ក៏​នឹង​គ្មាន​អ្វី​ផ្លាស់ប្តូរ​ច្រើន​ដែរ​នៅ​ក្នុង​គោលនយោបាយ​អាមេរិក​ចំពោះ​តំបន់​ឈូងសមុទ្រពែក្ស។ អ្វី​ដែល​ផ្លាស់ប្តូរ​បើ​តាម​លោក​អាប់ឌុលឡា គឺ​ស្ទីល​នៃ​ការ​គ្រប់គ្រង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ