អានតួអត្ថបទ
បារាំង-អេហ្ស៊ីប

ប្រមុខការទូតបារាំងបំពេញទស្សនកិច្ចនៅអេហ្ស៊ីបដើម្បីកាត់បន្ថយភាពតានតឹងជាមួយពិភពអ៊ីស្លាម

ប្រមុខការទូតបារាំងបំពេញទស្សនកិច្ចនៅអេហ្ស៊ីបដើម្បីកាត់បន្ថយភាពតានតឹងជាមួយពិភពអ៊ីស្លាម
ប្រមុខការទូតបារាំងបំពេញទស្សនកិច្ចនៅអេហ្ស៊ីបដើម្បីកាត់បន្ថយភាពតានតឹងជាមួយពិភពអ៊ីស្លាម AP - Nariman El-Mofty
១៦ នាទី

នៅ​ថ្ងៃ​អាទិត្យ ទី៨ វិច្ឆិកា ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច គឺ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​រវាង​បារាំង និង​ពិភពអ៊ីស្លាម ក្រោយ​ពី​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ចាត់​ទុក​ការ​បង្ហាញ​រូបត្លុក​ព្យាការី​អ៊ីស្លាម​មហាម៉េដ​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ នៅ​ក្នុង​ទីក្រុង​គែរ លោក​ឡឺឌ្រីយ៉ង់​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី និង​ប្រមុខ​ការទូត​អេហ្ស៊ីប​លោក​ឈូគ្រី។ លោក​ឡឺឌ្រីយ៉ង់​បាន​ធានា​ថា បារាំង​មាន​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ៊ីស្លាម។

ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​បាន​បញ្ជាក់ ហើយ​ខ្ញុំ​បញ្ជាក់​ជា​ថ្មី​នៅ​ទី​នេះ​ពី​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ៊ីស្លាម។ អ្វី​ដែល​យើង​ប្រយុទ្ធប្រឆាំង គឺ​ភេរវនិយម និង​ភាព​ជ្រុលនិយម » នេះ​ជា​ការ​ថ្លែង​របស់​លោក​ឡឺឌ្រីយ៉ង់​នៅ​ក្នុង​សន្និសីទកាសែត​មួយ បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី​រយៈពេល ២ម៉ោង និង​មាន​កិច្ចប្រជុំ​ការងារ​ជាមួយ​សមភាគី​អេហ្ស៊ីប​លោក​ឈូគ្រី។ ការ​ថ្លែង​របស់​លោក​ឡឺឌ្រីយ៉ង់​យ៉ាង​ដូច​នេះ​មាន​គោលដៅ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​បារាំង និង​ពិភពអ៊ីស្លាម។ ភាព​តានតឹង​រវាង​បារាំង និង​ពិភពអ៊ីស្លាម​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ថ្លែង​ក្នុង​ថ្ងៃទី២៥ តុលា​នា​ឱកាស​ពិធី​គោរពវិញ្ញាណក្ខន្ធ​គ្រូបង្រៀន​ដែល​ត្រូវ​ភេរវជន​សម្លាប់​ដោយ​កាត់ក្បាល​ក្នុង​ថ្ងៃទី១៦ តុលា​ថា បារាំង​នឹង​មិន​បោះបង់​គំនូរ​ត្លុក​ដែល​ជា​ផ្នែក​មួយ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ។

គួរ​រម្លឹក​ថា គ្រូបង្រៀន​ដែល​ភេរវជន​បាន​សម្លាប់​ដោយ​កាត់ក្បាល​ក្នុង​ថ្ងៃទី១៦ តុលា​បាន​បង្ហាញ​រូប​ត្លុក​ព្យាការី​មហាម៉េដ​ដល់​កូនសិស្ស។ អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​មួយ​ចំនួន​បាន​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​ម៉ាក្រុង​ជា​ការ​ជេរប្រមាថ​សាសនា​អ៊ីស្លាម។ ពួក​គេ​បាន​ចុះ​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​ដុត​រូបថត​លោក​ម៉ាក្រុង និង​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​លើ​ផលិតផល​បារាំង។ នៅ​អេហ្ស៊ីប ប្រមុខ​សាសនា​អ៊ីស្លាម​បាន​រិះគន់​បារាំង​ដោយ​យល់​ឃើញ​ថា ការ​ជេរប្រមាថ​សាសនា និង​ការ​វាយប្រហារ​លើ​និមិត្តរូប​ជាទីសក្ការៈ​ក្រោម​ហេតុផល​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ គឺ​ជា​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ស្អប់ខ្ពើម។ ចំណែក​លោក​អាល់ស៊ីស៊ី​ក៏​បាន​ថ្លែង​ការពារ​តម្លៃ​សាសនា​ដោយ​ទាត់​ចោល​ការ​ជេរប្រមាថ​ព្យាការី​មហាម៉េដ។

ក្រៅ​ពី​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​បារាំង និង​ពិភពអ៊ីស្លាម លោក​ឡឺឌ្រីយ៉ង់​ក៏​បាន​និយាយ​ពី​អ្នកទោសនយោបាយ​អេហ្ស៊ីប។ តែ​ប្រមុខ​ការទូត​អេហ្ស៊ីប​បាន​បញ្ជាក់​ថា គ្មាន​ការ​ឃុំខ្លួន​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ថា អេហ្ស៊ីប​ជា​ប្រទេស​នីតិរដ្ឋ។ តាម​ក្រុម​អង្គការ​សិទ្ធិមនុស្ស អេហ្ស៊ីប​មាន​អ្នកទោស​នយោបាយ​ប្រមាណ ៦០ ០០០នាក់។ ចេញ​ពី​អេហ្ស៊ីប ប្រមុខ​ការទូត​បារាំង​នឹង​បន្ត​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ារ៉ុក​ក្នុង​ថ្ងៃ​ចន្ទ ទី៨ វិច្ឆិកា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ