អារ៉ាប៊ីសាអូឌីត ៖ មានភេរវម្មប្រឆាំងប្រយោជន៍បារាំង ពេលកំពុងប្រារព្ធខួបបញ្ចប់សង្គ្រាមលោក
ចុះផ្សាយនៅថ្ងៃ៖
មានមនុស្សយ៉ាងហោចណាស់បួននាក់បានរបួស នៅក្នុងការវាយប្រហារភេរវកម្មគប់បំផ្ទុះគ្រាប់បែក ប្រឆាំងនឹងការ កំពុងប្រារព្វពិធីបុណ្យរំលឹកខួបបញ្ចប់សង្គ្រាមលោកលើកទីមួយ ថ្ងៃទី ១១វិច្ឆិកា ១៩១៨ ដែលបារាំងបានរៀបចំធ្វើ នៅទៅវាលកប់ខ្មោចជនមិនមែនអ៊ីស្លាម នាទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេសបារាំង ជាមួយនឹងការថ្កោលទោស អំពើភេរវកម្មដ៏កំសាកនេះផង។
ជារៀងរាល់ឆ្នាំ ប្រទេសជាច្រើនមានអាទិ៍បារាំងនិងប៊ែលហ្សិក តែងប្រារព្ធខួបនៃការចុះកិច្ចព្រមព្រៀងឈប់បាញ់រវាងអាល្លឺម៉ង់ និងក្រុមសម្ព័ន្ធមិត្ត ដែលនាំដល់ការបិទបញ្ចប់សង្គ្រាមលោកលើកទីមួយ។
នៅព្រឹកថ្ងៃទី ១១វិច្ឆិកា ២០២០ “ពិធីប្រារព្វខួបលើកទី១០២ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមលោកលើកទីមួយនៅវាលកប់ខ្មោចសពអ្នកមិនមែនអ៊ីស្លាម នៅក្រុងJeddahដែលមានតំណាងកុងស៊ុលបរទេសជាច្រើនចូលរួម ដូចជាតំណាងកុងស៊ុលបារាំង អ៊ីតាលី ក្រិក អង់គ្លេស និងសហរដ្ឋអាមេរិក បានរងការវាយប្រហារដោយការគប់គ្រាប់ផ្ទុះ។ មានមនុស្សជាច្រើននាក់បានរងរបួស។” នេះបើតាមការសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង ដែលមិនបានលម្អិតអំពីអត្តសញ្ញាណ និងសញ្ជាតិរបស់ជនរងគ្រោះទេ។
ជាមួយនឹងការថ្កោលទោសអំពើភេរវកម្មថាកំសាក បារាំងបានអំពាវនាវឱ្យអាជ្ញាធរអារ៉ាប៊ីសាអូឌីត វែករកមូលហេតុនិងមុខជនដៃដល់មកកាត់ទោស។ តែអាជ្ញាធរអារ៉ាប៊ីសាអូឌីត មិនបានផ្តល់ព័ត៌មានលម្អិត អ្វីទាំងអស់ដែរ តែបានប្រកាសបើកអង្កេត។
នេះជាលើកទីពីរ ក្នុងរយៈពេលមិនដល់មួយខែផង ដែលមានការវាយប្រហារប្រឆាំងនឹងផលប្រយោជន៍បារាំង នៅក្រុង Jeddahក្រុងភាគខាងលិចប្រទេសអារ៉ាប៊ីសាអូឌីត។ កាលពីថ្ងៃទី ២៩ តុលា ២០២០ ស្ថានកុងស៊ុលបារាំងប្រចាំទីក្រុងជេដាស់បានរងការវាយប្រហារម្តងដែរ បង្កឱ្យអ្នកយាមម្នាក់រងរបួស ទន្ទឹមនឹងរលកភេរវកម្មនៅក្នុងប្រទេសបារាំង ក្នុងផ្ទៃនៃភាពតានតឹងពាក់ព័ន្ធនឹងការគូររូបត្លុកព្រះមហាមេដ និងជំហរការការពារសេរីភាពនៃការបញ្ចេញមតិរបស់ប្រធានាធិបតីបារាំង។
ប្រឈមនឹងការគំរាមកំហែងភេរវកម្ម សម្លាប់គ្រូបង្រៀនផង និងភេរវកម្មនៅក្រុងនីសផង ព្រមទាំងភេរវកម្មនៅទីក្រុងវីយ៉ែន កាលពីថ្ងៃទី ២ វិច្ឆិកា ២០២០ទៀត បារាំង អាល្លឺម៉ង់ អូទ្រីស និងសហភាពអឺរ៉ុប បានបើកសន្និសីទតាមវីដេអូ កាលពីថ្ងៃអង្គារទី ១០វិច្ឆិកាម្សិលមិញ ដើម្បីសាកល្បងពង្រឹងកម្លាំងអឺរ៉ុបប្រឆាំងនឹងភេរវនិយម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ