អានតួអត្ថបទ
អ៊ីស្រាអែល-បារ៉ែន

រដ្ឋមន្ត្រីការបរទេស​បារ៉ែន ទៅ​ទស្សនកិច្ច​លើក​ទីមួយ នៅ​អ៊ីស្រាអែល

លោកប្រមុខការទូតបារ៉ែន (ស្តាំ) ពេលធ្វើសន្និសីទកាសែត រួមគ្នា ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (កណ្តាល) និងលោក​ប្រមុខការទូតអាេមរិក។ ថ្ងៃពុធ ទី​១៨ វិច្ឆិកា ២០២០
លោកប្រមុខការទូតបារ៉ែន (ស្តាំ) ពេលធ្វើសន្និសីទកាសែត រួមគ្នា ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (កណ្តាល) និងលោក​ប្រមុខការទូតអាេមរិក។ ថ្ងៃពុធ ទី​១៨ វិច្ឆិកា ២០២០ AP - Menahem Kahana
ដោយ៖ ម៉ម ពិសី
១៥ នាទី

លោករដ្ឋមន្ត្រីក្រសួងការ​បរទេសបារ៉ែន បានទៅធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល កាលពី​ថ្ងៃពុធទី​១៨​វិច្ឆិកា​។ នេះជាដំណើរទស្សនកិច្ច​លើកទីមួយ​ហើយ របស់ប្រមុខការទូតបារ៉ែន ដែលជាប្រទេស​អារ៉ាប់​ កាន់សាសនាអ៊ីស្លាម​ បន្ទាប់​ពីបាន​ចុះកិច្ចព្រមព្រៀង​ភ្ជាប់ចំណងការទូត ជាមួយ​នឹង​អ៊ីស្រាអែល កាលពី​ខែ​កញ្ញា ក្រោមការជ្រោមជ្រែងរបស់​រដ្ឋាភិបាល​លោកដូណាល់ ត្រាំ។ ប្រទេសទាំង២ សន្យាបើកស្ថានទូតទៅវិញទៅមក ក្នុងពេល​ដ៏ឆាប់ខាងមុខ។ 

ផ្សាយពាណិជ្ជកម្ម

លោក Abdellatif al-Zayani រដ្ឋមន្ត្រីការបរទេសបារ៉ែន បានដឹកនាំគណៈប្រតិភូ ទៅដល់​ទីក្រុងទែលអាវីវ កាលពីរសៀលថ្ងៃពុធ ទី​១៨វិច្ឆិកា ដោយមាន​​លោក Gabi Ashkenazi រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល បានមកទទួលនៅព្រលានយន្តហោះ​ អមដោយ​ទង់ជាតិអ៊ីស្រាអែល ទង់ជាតិ​បារ៉ែន និងទង់ជាតិអាេមរិក បក់រវិចៗ​ រងចាំស្វាគមន៍។ ក្រៅពីជួបជាមួយ​រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោកប្រមុខការទូតបារ៉ែន ត្រូវជួបជាមួយ​លោក​ណេតាន់យ៉ាហ៊ូ និង​ លោក​ ប៉ុមប៉េអូ នៅ​ក្រុង​ហ្សេរូសាឡឹម​ផងដែរ។

ថ្លែងទៅកាន់អ្នកកាសែត លោករដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល បាន​លើកឡើងថា លោក Abdellatif al-Zayani គឺជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់។ លោក​ប្រមុខការទូតអ៊ីស្រាអែលបន្ថែមថា ប្រទេសទាំង២ បាននិយាយត្រូវរ៉ូវគ្នា បើកស្ថានទូតប្រទេសរៀងៗខ្លួនទាំងសងខាង ឲ្យ​បាន​មុនដំណាច់ឆ្នាំនេះ។ លោក​បញ្ជាក់​ទៀតថា ចាប់ពីថ្ងៃទី​១ធ្នូទៅ ប្រជាជនបារ៉ែន នឹងអាចបំពេញបែបបទតាមអ៊ីនធ័រនិត ​សុំទិដ្ឋាកា ​ធ្វើដំណើរមកអ៊ីស្រាអែលបាន។

ចំណែកលោក Abdellatif al-Zayani ប្រមុខការទូតបារ៉ែន បានថ្លែងរំលឹក ពីលោក Anouar al-Sadate អតីត​ប្រធានាធិបតីអេហ្ស៊ីប ដែលបាន​ធ្វើដំណើរមក​​​អ៊ីស្រាអែលមុនគេ នៅឆ្នាំ១៩៧៧ ដែលទស្សនកិច្ចនេះ លោកបានហៅ​វាថា ជាការបណ្តុះគ្រាប់ពូជសន្តិភាព សម្រាប់តំបន់ដើមបូព៌ាទាំងមូល។

គួរបញ្ជាក់ថា បារ៉ែន គឺជាប្រទេសអារ៉ាប់ទី៤ ដែលបានសម្រេចចិត្តចងស្ពានមេត្រីជាមួយ​អ៊ីស្រាអែល បន្ទាប់ពី អេមៀរ៉ាតអារ៉ាប់រួម អេហ្ស៊ីប នឹងហ្សកដានី។ កាល​ពី​ថ្ងៃ​អង្គារ លោកប្រធានាធិបតី​អ៊ីស្រាអែល Reuven Rivlin ក៏​បានអញ្ជើញ​លោក​​​អេមៀ Abou Dhabi Mohammed ben Zayed Al-Nahyane ឲ្យ​មកធ្វើទស្សនកិច្ចជាលើកទីមួយ​ ​នៅអ៊ីស្រាអែលដែរ​។

គួរកត់សំគាល់ថា នៅពីក្រោយ​ការភ្ជាប់ចំណងការទូត រវាងប្រទេសអារ៉ាប់មួយចំនួន ជាមួយ​នឹងអ៊ីស្រាអែលនេះ គឺមានបង្កប់ទៅដោយ​ ទំនាក់ទំនងពាណិជ្ជកម្ម រកស៊ី។ ថ្មីៗនេះ គណៈប្រតិភូជំនួញ និងអ្នកវិនិយោគអ៊ីស្រាអែលជា​ច្រើននាក់ បាននាំគ្នាធ្វើដំណើរទៅទីក្រុងឌូបៃ។ តែយ៉ាងណា ការ​សម្រេច​​ងាកទៅចាប់ដៃ​​ជាមួយអ៊ីស្រាអែល របស់ប្រទេសអារ៉ាប់មួយចំនួននេះ ត្រូវបាន​ប៉ាឡេស្ទីន ចាត់ទុកថាគឺជា​អំពើក្បត់ ខណៈប្រទេសអារ៉ាប់ទាំងអស់ ធ្លាប់បានសន្យានឹងប៉ាឡេស្ទីន ថានឹងមិនទទួលស្គាល់អ៊ីស្រាអែលទេ ដរាបណាប៉ាឡេស្ទីន មិនទាន់ទទួលបានឯករាជ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ