អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក

អ៊ីរ៉ង់ត្រៀមគោរពកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ពេញលេញ បើសហរដ្ឋអាមេរិកលើកទ័ណ្ឌកម្មចេញពីអ៊ីរ៉ង់

ប្រមុខការទូតអ៊ីរ៉ង់ លោកម៉ូហាម៉ាដ ហ្សាវ៉ាដ ហ្សារីស្វ
ប្រមុខការទូតអ៊ីរ៉ង់ លោកម៉ូហាម៉ាដ ហ្សាវ៉ាដ ហ្សារីស្វ AFP - YAMIL LAGE
១៥ នាទី

ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ពុធ ទី១៨ វិច្ឆិកា​ថា ខ្លួន​បាន​ត្រៀម​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឲ្យ​បាន​ពេញលេញ ប្រសិន​បើ​រដ្ឋបាល​អាមេរិក​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ចូ បៃដិន​លើក​ចេញ​វិញ​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដុណាល់ ត្រាំ​បាន​ដាក់​លើ​អ៊ីរ៉ង់។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៨ លោក​ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ តែ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ចូ បៃដិន​បាន​សន្យា​ពី​ការ​នាំ​សហរដ្ឋអាមេរិក​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​វិញ។

ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើង​របស់​អ៊ីរ៉ង់​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង​ដោយ​ប្រមុខ​ការទូត​លោក​ម៉ូហាម៉ាដ ហ្សាវ៉ាដ ហ្សារីស្វ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​ប្រចាំថ្ងៃ​របស់​រដ្ឋាភិបាល​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី១៨ វិច្ឆិកា។ « សហរដ្ឋអាមេរិក​អាច​គោរព​ពាក្យ​សន្យា​របស់​ខ្លួន ហើយ​យើង​អ៊ីរ៉ង់​ក៏​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ដោយ​មិន​ត្រូវ​ការ​ចរចា និង​ដាក់​លក្ខខណ្ឌ​អ្វី​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ហ្សាវ៉ាដ ហ្សារីស្វ។ អ្វី​ដែល​ប្រមុខ​ការទូត​អ៊ីរ៉ង់​ចង់​និយាយ​នេះ គឺ​ចង់​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​លើក​ចេញ​វិញ​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់​ដាក់​ដោយ​លោក​ដូណាល់ ត្រាំ និង​បញ្ឈប់​ការ​រារាំង​លើ​សកម្មភាព​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។

គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​ចុះ​ហត្ថលេខា​ដោយ​អ៊ីរ៉ង់ និង​សហគមន៍អន្តរជាតិ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​បាន​ចែង​ពី​ការ​លើក​ចេញ​វិញ​នូវ​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​សន្យា​របស់​អ៊ីរ៉ង់​មិន​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ដើម្បី​ផលិត​គ្រាប់បែក​បរមាណូ។ ការ​សន្យា​របស់​អ៊ីរ៉ង់​ដូច​នេះ​នឹង​ត្រូវ​ផ្ទៀងផ្ទាត់​ដោយ​ក្រុម​អធិការ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ។ តែ​ក្នុង​ឆ្នាំ ២០១៨ លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​វិញ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ ជា​ការ​សងសឹក​វិញ អ៊ីរ៉ង់​ក៏​បាន​ផ្តើម​លែង​គោរព​ពាក្យសន្យា​របស់​ខ្លួន។

ជាក់ស្តែង អ៊ីរ៉ង់​បាន​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រាខ្ពស់ និង​ក្នុង​បរិមាណ​ច្រើន​លើស​ពី​ការ​កំណត់​​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។នៅ​សប្តាហ៍​កន្លង​ទៅ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​សម្គាល់​ឃើញ​ពី​ការ​រំលោភ​កិច្ចព្រមព្រៀង​របស់​អ៊ីរ៉ង់។ ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សាវ៉ាដ ហ្សារីស្វ​បាន​បន្ថែម​ដោយ​ព្រមាន​ថា ការ​ដែល​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក​ចូ បៃដិន​ចង់​នាំ​សហរដ្ឋអាមេរិក​ឲ្យ​ត្រឡប់​ចូល​កិច្ចព្រមព្រៀង​វិញ​ជា​ដំណឹង​ល្អ តែ​ជា​ការ​វិល​ត្រឡប់​ដោយ​គ្មាន​លក្ខខណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ