G២០ សន្យាមិនរាថយ ក្នុងការផ្តល់វ៉ាក់សាំងសម្រាប់គ្រប់ៗគ្នា
ចុះផ្សាយនៅថ្ងៃ៖
កិច្ចប្រជុំ G២0 នៃបណ្តាប្រទេសថ្នាក់ដឹកនាំឧស្សាហកម្មនិងសេដ្ឋកិច្ចជឿនលឿន បានចប់ហើយ ពីថ្ងៃអាទិត្យ ។ ជាលទ្ធផល គឺថ្នាក់ដឹកនាំប្រទេសអ្នកមានទាំង G២0 បានសម្រេចសន្យាថា នឹងខំខ្មីឃ្មាតផ្តល់វ៉ាក់សាំងទប់ស្កាត់ជំងឺកូវី១៩ សម្រាប់គ្រប់ៗគ្នា ក្នុងតម្លៃសមរម្យ។ ក៏ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍រួម គឺការសន្យា ហាក់មានច្រើនជាងសាច់ការជាក់ស្តែង។ នេះការសង្កេតរបស់បណ្តាអ្នកកាសែតអន្តរជាតិ ចំពោះដំណើរកិច្ចប្រជុំរបស់ G២០ ឆ្នាំនេះ ដែលរៀបចំដោយ អារ៉ាប៊ីសាអ៊ូឌីត។
«យើងមិនរុញរាដើរថយក្រោយឡើង ចំពោះកិច្ចខំប្រឹងប្រែង ដើម្បីធានាថា វ៉ាក់សាំងបង្ការកូវីដ១៩ នឹងត្រូវលក់ក្នុងតម្លៃសមរម្យ និងត្រូវចែកចាយសម្រាប់គ្រប់ៗគ្នា។» នេះបើតាមពង្រាងសេចក្តីថ្លែងការណ៍រួម របស់ G២០ ដែលទីភ្នាក់ងារព័ត៌មានបារាំង AFP បានទទួល។
សេចក្តីថ្លែងការណ៍រួម ក៏បានសន្យាថាជួយបំពេញតម្រូវការរបស់អង្គការសុខភាពពិភពលោក ដើម្បីធានាវ៉ាក់សាំងដែលផលិតបាននៅពេលអនាគត គឺមិនសម្រាប់តែប្រទេសអ្នកមានតែម្នាក់នោះទេ។ ក៏ប៉ុន្តែ ការសន្យានេះ មិនបានបញ្ជាក់ពីចំនួនលុយដែលត្រូវឧបត្ថម្ភឡើយ។ ក្នុងហិបថវិការបស់អង្កការសុខភាពពិភពលោក គឺខ្វះលុយ ២៨ពាន់លានដុល្លារ ក្នុងនោះគឺខ្វះលុយបន្ទាន់បំផុត ចំនួនជាង៤,២ពាន់លានដុល្លារ សម្រាប់ចំណាយឱ្យដល់ដាច់ឆ្នាំ្២០២០។ នេះជាការទទូរសុំ តែរឿងចំនួនលុយទាំងនេះ មិនត្រូវបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍រួម របស់ G ២០ នោះឡើយ។ នេះបើតាម AFP នៅល្ងាចថ្ងៃអាទិត្យ។
នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតីរុស្ស៊ី បង្ហាញការយល់ឃើញថា ជារឿងដែលជៀសមិនផុត ពីការប្រកួតប្រជែងក្នុងរុករកវ៉ាក់សាំង និងប្រជែងគ្នាលក់វ៉ាក់សាំងទប់ស្កាត់កូវីដ១៩។ លោក វ្ល៉ាឌីមៀរ ពូទីន គិតថា ទោះបីជាប្រណាំងប្រជែងគ្នាយ៉ាងនេះក្តី រឿងវ៉ាក់សាំងបង្ការនេះ ត្រូវតែឈរលើគោលការណ៍មនុស្សធម៌ ជាធំ។
គួរបញ្ជាក់ដែរថា អង្គការសហប្រជាជាតិនិងប្រទេសអ្នកក្រ បានសុំឱ្យផលិតលុយបន្លែមសម្រាប់ជំនួយដោយផ្ទាល់ដល់ប្រទេសក្រីក្រីដែលរងគ្រោះព្រោះតែកូវីដ១៩។ តែសំណើនេះមិនត្រូវបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះទេ។
ក្នុងសំណុំរឿងអាកាសធាតុវិញ សេចក្តីថ្លែងការណ៍រួម ក៏ប្រើពាក្យពេចន៍ប្រយ័ត្នប្រយែងបំផុត។ ប្រទេស G20 គ្រាន់តែចេញពាក្យសន្យាថានឹង«ប្រឈមមុខបញ្ហាវិបត្តិបរិស្ថានដែលកំពុងតែប្រឈមខ្លាំង»។ ចំណែកផ្នែកពាណិជ្ជកម្មអន្តរជាតិវិញ ថ្នាក់ដឹកនាំ G ២០ យល់ឃើញថា វាមានសារៈសំខាន់ណាស់ក្នុងការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយធ្វើជំនួយដោយសមភាពត្រឹមត្រូវ។ សំណុំរឿងអាកាសធាតុនិងពាណិជ្ជកម្ម គេហាក់ប្រើពាក្យថ្មមសម្តីណាស់ មិនឱ្យរំខានខ្លាំងដល់សហរដ្ឋអាមេរិកឬចិនឡើយ។
ក្នុងកិច្ចប្រជុំកំពូលតាមរយៈអ៊ិនធ័រនែតអនឡាញរយៈពេល២ថ្ងៃនេះ អ្នកកាសែតអន្តរជាតិ សង្កេតថា ប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមប្រជុំ ហាក់ឱ្យតែរួចពីដៃពីជើង ដោយមិនសូវជាឱ្យតម្លៃប៉ុន្មានឡើយ ហើយផ្ទុយទៅវិញ លោក ត្រាំ ទំនងហាក់ដូចជាប្រញាប់ប្រញាល់ទៅ លេងវាយកូនហ្គោល ច្រើនជាង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ