អ៊ីរ៉ង់ធ្វើបុណ្យបញ្ចុះសពអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួននិងប្តេជ្ញាសងសឹកតបនឹងឃាតកម្ម
ចុះផ្សាយនៅថ្ងៃ៖
ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទ ទី៣០វិច្ឆិកា បានរៀបចំពិធីបញ្ចុះសពអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរម្នាក់ឈ្មោះម៉ូសេន ហ្វាករីហ្សាដេះ (Mohsen Fakhrizadeh) ដែលត្រូវបានគេលបធ្វើឃាតកាលពីថ្ងៃសុក្រនៅក្នុងការវាយប្រហារមួយដែលអ៊ីរ៉ង់ចោទថាអ៊ីស្រាអែលជាអ្នកនៅពីក្រោយ។ ខណៈប្រារព្ធពិធីបុណ្យសពអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរកំពូលរបស់ខ្លួន សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក៏កំពុងពិចារណាផងដែរពីវិធីនិងពេលវេលាដើម្បីសងសឹកចំពោះការធ្វើឃាតនេះ។
ឃាតកម្មទៅលើលោកម៉ូសេន ហ្វាករីហ្សាដេះ ដែលអ៊ីស្រាអែលបានដាក់ឈ្មោះថាជា “បិតា” នៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានជំរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានី បានចោទប្រកាន់រដ្ឋជ្វីហ្វមួយនេះថាជាឃាតករស៊ីឈ្នួលរបស់អាមេរិក។
យោងតាមក្រសួងការពារជាតិអ៊ីរ៉ង់ លោកម៉ូសេន ហ្វាករីហ្សាដេះ ដែលជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលម្នាក់របស់ប្រទេសបានស្លាប់កាលពីថ្ងៃសុក្រ ទី២៧ វិច្ឆិកា បន្ទាប់ពីរងរបួសយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារ។
នៅក្នុងពិធីបុណ្យសពនាថ្ងៃចន្ទនេះដែរ មានការបញ្ចាំងបង្ហាញដ៏ធំមួយពីរូបភាពនៃអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលត្រូវគេសម្លាប់ នៅក្បែរមគ្គទេសក៍សាសនាកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេណី និងនៅក្បែររូបភាពឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានី ដែលត្រូវបានសម្លាប់ដោយសហរដ្ឋអាមេរិកនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូននៅបាកដាដកាលពីដើមឆ្នាំ ២០២០នេះ។
សភាអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញបានទាមទារឲ្យបញ្ឈប់ការត្រួតពិនិត្យលក្ខណៈអន្តរជាតិទៅលើទីតាំងនុយក្លេអ៊ែរនៅក្នុងប្រទេស ដែលនេះគឺជាសញ្ញាប្រាប់ពីការចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។
ទាក់ទងរឿងនេះ លោកប្រធានាធិបតីហាសាន រ៉ូហានីបានសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់នឹងសងសឹកចំពោះការធ្វើឃាតលើរូបលោកម៉ូសេន ហ្វាករីហ្សាដេះ ឲ្យបានស័ក្តិសមជាទីបំផុតនៅក្នុងពេលវេលាដ៏សមស្រប ដោយមិនត្រូវធ្លាក់ចូលក្នុង“ អន្ទាក់” ឡើយ។ ជាអន្ទាក់ដែលប្រមុខដឹកនាំអ៊ីរ៉ង់ចង់ថាជាការរៀបចំដោយអាមេរិក និងអ៊ីស្រាអែល ដើម្បីទាញអ៊ីរ៉ង់ឲ្យដើរធ្លាក់រណ្តៅនិងអាងយកជាលេសដើម្បីព្រួតគ្នាធ្វើបាបអ៊ីរ៉ង់កាន់តែខ្លាំងឡើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ