អ៊ីរ៉ង់​ប្រហារ​ជីវិត​អ្នកកាសែត​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ឆ្នាំ ២០១៧

រ៉ូហូឡា ហ្សាំ Ruhollah Zam នៅក្នុង​សវនាការ​នៅទីក្រុង​តេហេរ៉ង់ កាលពីខែ​មិថុនា ២០២០
រ៉ូហូឡា ហ្សាំ Ruhollah Zam នៅក្នុង​សវនាការ​នៅទីក្រុង​តេហេរ៉ង់ កាលពីខែ​មិថុនា ២០២០ Ali Shirband Mizan News Agency/AFP/Archivos

អ៊ីរ៉ង់បាន​ប្រហារជីវិត​អ្នកប្រឆាំង​ម្នាក់ នៅ ថ្ងៃ​សៅរ៍ទី ១២​ធ្នូ ២០២០ នៅ បន្ទាប់​ពី តុលាការ​កំពូល បានប្រកាស​រក្សា ការសម្រេច​ការផ្តន្ទាស ធ្វើឡើង​ដោយ​តុលាការ​បដិវត្តន៍អ៊ីរ៉ង់។ រ៉ូហូឡា ហ្សាំ Ruhollah Zam ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International ចាត់ទុក​ជា​អ្នកកាសែត និងជាអ្នកចេញមុខ​ប្រឆាំង​រដ្ឋអំណាច​អ៊ីរ៉ង់ ត្រូវ​តុលាការ​អ៊ីរ៉ង់ ផ្តន្ទាទោស​ប្រហារជីវិត ក្នុង​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏ធ្ងន់ធ្ងរ​ប្រឆាំង​សាធារណរដ្ឋអ៊ីស្លាម។ 

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ នៅ ថ្ងៃ​សៅរ៍នេះ​បាន​ផ្សាយថា ហ្សាំ អ្នកប្រឆាំង​បដិវត្ត ត្រូវ​បាន​គេ​ប្រហារជីវិត ដោយ ព្យួរ ក តាំង​ពីព្រឹកព្រលឹម ដោយសារ​តែ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដ៏ធ្ងន់ធ្ងរ​ប្រឆាំង​សាធារណរដ្ឋ​អ៊ីស្លាម។

កាលពី ខែ​មិថុនា​កន្លងទៅ តុលាការ​បដិវត្ត​អ៊ីរ៉ង់ បានចោទប្រកាន់​រ៉ូហូឡា ហ្សាំ Ruhollah Zam ពីបទ​ប្រព្រឹត្តអំពើពុករលួយ​ខ្លាំងបំផុត លើផែនដី និង​បាន​សម្រេច​ផ្តន្ទាទោស​ប្រហារជីវិត ។ ប៉ុន្តែ ទើបតែ​នៅ ថ្ងៃ​អង្គារដើមសប្តាហ៍នេះ ទើប​អ្នកនាំពាក្យ​របស់​ក្រសួង​យុត្តិធម៌​អ៊ីរ៉ង់ បាន​បញ្ជាក់ថា តុលាការ​កំពូល បានប្រកាស​ទោស ប្រហារជីវិត តាម​ការសម្រេច​របស់​តុលាការ​បដិវត្ត​អ៊ីរ៉ង់។

រ៉ូហូឡា ហ្សាំ Ruhollah Zam ដែល​ធ្លាប់​រត់ភៀសខ្លួន ទៅសុំសិទ្ធិជ្រកកោន​នយោបាយ និង​រស់នៅ បាន​ប៉ុន្មាន​ឆ្នាំ នៅ​ទីក្រុង​ប៉ារីស ត្រូវ​បាន​ឆ្មាំបដិវត្ត​អ៊ីរ៉ង់ ចាប់ខ្លួន កាលពី ខែ​តុលា ឆ្នាំ ២០១៩ ក្នុង​លក្ខខណ្ឌ​មួយ​ដ៏ស្រពិចស្រពិល។ តាមសាក្សីមួយចំនួន ដែល​បាន​និយាយ​ប្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស ហ្សាំ ត្រូវ​បានគេលួង បោកបញ្ឆោត ឲ្យ​ធ្វើដំណើរ​ត្រលប់​ទៅ ប្រទេស​អ៊ីរ៉ង់។

នៅក្នុងសេចក្តី ថ្លែងការណ៍​នៅថ្ងៃ​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស បានអំពាវនាវ​ឲ្យ​អ៊ីរ៉ង់​ឈប់​ប្រើ​ទោស​ប្រហារ​ជីវិត ជា​អាវុធ​ដើម្បី បង្រ្កាប​អ្នកប្រឆាំង។ រ៉ូហូឡា ហ្សាំ​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International ចាត់ទុក​ជា​អ្នកកាសែត ប្រឆាំង​អ៊ីរ៉ង់ ដែល​បាន​រត់ភៀសខ្លួន ទៅ​នៅប្រទេស​បារាំង។ លោក​ជាម្ចាស់​កម្មវិធីផ្សាយ លើ​បណ្តាញ Télégrame ឈ្មោះ Amadnews ដែល​មាន​ ​វីដេអូ ភាគច្រើន​បង្ហាញ​ពី​សកម្មភាព​ហិង្សា​របស់​ប៉ូលិស​អ៊ីរ៉ង់។

នៅពេល​ត្រូវ​ចាប់ខ្លួន ហ្សាំ ត្រូវ​ឆ្មាំបដិវត្ត​ចោទប្រកាន់ថា បានធ្វើការ​ឲ្យ​ទីភ្នាក់ងារ​ចារកម្ម​បារាំង។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ IRNA វិញ ផ្សាយ​ថា ហ្សាំ ត្រូវទទួល​ទោស ដោយសារ​បាន​លួចយកការណ៍សម្ងាត់​ឲ្យ​ចារកិច្ច​បារាំង និងឲ្យ​ប្រទេស​មួយទៀត ក្នុង​តំបន់ ដែល​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក។ រ៉ូហូឡា ហ្សាំ Ruhollah Zam ត្រូវ​ចោទប្រកាន់​ផងដែរ ថា បាន​ធ្វើ​សកម្មភាព ប្រឆាំង​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ ជេរប្រមាថ​អ៊ីស្លាម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា​នៅក្នុង​អំឡុង​បាតុកម្ម កាលពីចុងឆ្នាំ ២០១៧។

ចាប់តាំង​ពី​មាន​បាតុកម្ម តវ៉ា ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច តាំង​ពី​ចុងឆ្នាំ ២០១៧ អ៊ីរ៉ង់​បាន​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស ២៥នាក់ ដែល​ ធ្លាប់បាន​​ចូលរួម ឬ​ពាក់ព័ន្ធ នឹង​បាតុកម្ម។ រ៉ូហូឡា ហ្សាំ ជាជនរងគ្រោះ​មួយទៀត បន្ទាប់​ពីកីឡាក ចំបាប់ ដ៏ល្បីឈ្មោះ របស់​អ៊ីរ៉ង់ ត្រូវ​គេ​កាត់ទោស ប្រហារ​ជីវិត កាលពី​ខែ កញ្ញា​កន្លងទៅ បន្ទាប់ពី បាន​ចូលរួម​ក្នុង​បាតុកម្ម ដែល​ផ្ទុះឡើង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិសង្គម​អ៊ីរ៉ង់ ចន្លោះឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៩។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI