តុលាការអារ៉ាប៊ីសាអូឌីត កាត់ទោសស្ត្រីសកម្មជនសិទ្ធិមនុស្សម្នាក់ឲ្យជាប់ពន្ធនាគា ៥ឆ្នាំ៨ខែ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្ត្រីសកម្មជនទាមទារសិទ្ធិស្ត្រីម្នាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីត ឈ្មោះ លូចាអ៊ីន អាល់ហាថលូល (Loujain al-Hathloul) ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ៨ខែ ពីបទរំលោភបំពានច្បាប់ប្រឆាំងសកម្មភាពភេរវកម្ម។ ស្ត្រីម្នាក់នេះ ធ្លាប់ត្រូវបានគេស្គាល់ថា ជាអ្នកដែលបានចេញមុខទាមទារសិទ្ធិសេរីភាព ឲ្យស្ត្រីអារ៉ាប៊ីសាអូឌីត មុននឹងត្រូវគេចាប់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៨។
យោងតាមការចុះផ្សាយ របស់បណ្តាញព័ត៌មានអារ៉ាប៊ីសាអូឌីត ស្ត្រីឈ្មោះ Loujain al-Hathloul ត្រូវជាប់ទោស៥ឆ្នាំ៨ខែ តែដោយក្នុងនោះ ២ឆ្នាំ១០ខែ គឺជាទោសព្យួរ បើសិនជាស្ត្រីរូបនេះ មិនប្រព្រឹត្តិអំពើឧក្រិដ្ឋណាមួយផ្សេងទៀតទេ ក្នុងរយៈពេល៣ឆ្នាំទៅមុខ។ បន្ថែមពីនេះ តុលាការបានហាមឃាត់ មិនឲ្យស្ត្រីរូបនេះ ធ្វើដំណើរចេញពីអារ៉ាប៊ីសាអូឌីត ជាដាច់ខាត។
មានន័យថា ស្ត្រីសកម្មជនសិទ្ធិមនុស្សរូបនេះ អាចនឹងត្រូវគេដោះលែង ក្នុងរវាង២ខែទៀត ដោយសារនាងត្រូវបានគេចាប់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៨ ហើយរយៈពេលជាប់ពន្ធនាគារបណ្តោះអាសន្ន ត្រូវបានចាត់បញ្ចូលជារយៈពេលអនុវត្តទោស។ នេះបើផ្អែកតាមប្រភព ពីប្អូនស្រីរបស់ស្ត្រីរូបនេះ។
គួររំលឹកថា ស្ត្រីឈ្មោះ Loujain al-Hathloul បច្ចុប្បន្នអាយុ៣១ឆ្នាំ បញ្ចប់ការសិក្សា ពីសកលវិទ្យាល័យនៅកាណាដា ធ្លាប់បានចេញមុខធ្វើសកម្មភាពដោយសន្តិវិធី ដោយមិនខ្លាចអាជ្ញាធរអារ៉ាប៊ីសាអូឌីត ក្នុងការទាមទារឲ្យស្ត្រីអារ៉ាប៊ីសាអូឌីត មានសិទ្ធិសេរីភាព មិនស្ថិតនៅក្រោមអាណាព្យាបាលរបស់បុរសតទៅទៀត។ កាលពីឆ្នាំ២០១៤ នាងត្រូវបានគេចាប់ដាក់ឃុំរយៈពេលជាង២ខែរួចម្តងហើយ បន្ទាប់ពីនាងហ៊ានបើករថយន្ត ពីអេមៀរ៉ាតអារ៉ាប់រួម ចូលទឹកដីអារ៉ាប៊ីសាអូឌីត។
ក្រោយមក នាងបានទាមទារ ឲ្យស្ត្រីអារ៉ាប៊ីសាអូឌីត មានសិទ្ធិមានបណ្ណបើកបរ អាចទៅណាមកណាបាន ដោយមិនចាំបាច់មានអ្នកជូនជាមនុស្សប្រុស។ គឺដោយសារសកម្មភាពទាមទារនេះហើយ ទើបបានជាព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ បានសម្រេចចិត្តធ្វើកំណែទម្រង បើកសិទ្ធិឲ្យស្ត្រីអាចបើកបរបាន។
យោងតាមរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត នាងត្រូវបានគេចាប់ខ្លួន នៅខែឧសភា ឆ្នាំ២០១៨ ដោយសង្ស័យមានពាក់ព័ន្ធឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពលួចព័ត៌មានសំងាត់ និងប្រឆាំងរដ្ឋាភិបាល។ កាលពីចុងខែតុលា នាងបានបង្អត់អាហារខ្លួនឯង រយៈពេល២សប្តាហ៍។ ក្រុមគ្រួសារនាង បានអះអាងថា នៅក្នុងមន្ទីរឃុំឃាំង ជាង២ឆ្នាំមកនេះ នាងបានរងទារុណកម្ម និង ការបំពានផ្លូវភេទ ដែលធ្វើឲ្យស្ថានភាពសុខភាពរបស់នាងចុះទ្រុឌទ្រោមជាខ្លាំង។
គួរកត់សំគាល់ថា ការរំលោភសិទ្ធិមនុស្ស ជាពិសេសទៅលើសិទ្ធិស្ត្រី គឺជារឿងដែលអារ៉ាប៊ីសាអូឌីត ត្រូវគេរិះគន់ជាញឹកញាប់ នឹងបានធ្វើឲ្យប្រទេសមហាអំណាចជាសម្ព័ន្ធមិត្តខ្លះ មានការទើសទាល់ក្នុងចិត្តជាខ្លាំង។ យ៉ាងណាមិញ ការសម្រេចដាក់ទោសស្ត្រីឈ្មោះ Loujain al-Hathloul ដោយអនុញ្ញាតឲ្យអាចដោះលែងចេញមកវិញ ក្នុងរវាង២ខែទៀតនេះ គឺជាវិធី ដើម្បីកុំឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បាក់មុខតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ