អ៊ីរ៉ង់៖ប្រមុខកងឆ្មាំបដិវត្តន៍សន្យាវាយបកលើគ្រប់ទង្វើរបស់សហរដ្ឋអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី៣ មករានេះជាខួបគម្រប់ ១ឆ្នាំគត់នៃការស្លាប់ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានីនៅក្រោមគ្រាប់កាំភ្លើងអាមេរិកក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃទី៣ មករា ឆ្នាំ ២០២០។ នៅក្នុងថ្ងៃខួបនៃការស្លាប់របស់លោកកាសឹម សូឡីម៉ានីដោយស្នាដៃអាមេរិកនេះ ប្រមុខឆ្នាំបដិវត្តន៍អ៊ីរ៉ង់លោកហូសសេន សាឡាមីបានចេញមុខព្រមានក្នុងថ្ងៃសៅរ៍ ទី២ មករាថា អ៊ីរ៉ង់នឹងធ្វើការវាយបកលើគ្រប់ទង្វើទាំងអស់របស់សហរដ្ឋអាមេរិក។ ការព្រមានដូចគ្នានេះក៏មានពីប្រធានតុលាការអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីម រ៉ាអ៊ីស៊ីកាលពីថ្ងៃសុក្រ ទី១ មករានៅក្នុងពិធីរម្លឹកថ្ងៃស្លាប់ឧត្តមសេនីយកាសឹម សូឡីម៉ានី។
សម្តីព្រមានរបស់ប្រមុខកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោកហូសសេន សាឡាមីបានធ្វើឡើងនាឱកាសចុះសួរសុខទុក្ខកម្លាំងឆ្មាំបដិវត្តន៍ដែលកំពុងឈរជើងលើកោះអាប៊ូ មូសាដែលជាកោះដ៏សំខាន់ និងយុទ្ធសាស្រ្តមួយនៅតំបន់ឈូងសមុទ្រពែក្ស។ កោះអាប៊ូ មូសាមានទីតាំងនៅជិតច្រកយុទ្ធសាស្រ្តនៃដៃសមុទ្រ Ormuz ដែលជាផ្លូវដឹកប្រេងមួយដ៏សំខាន់ទៅកាន់ពិភពលោក។ « យើងស្ថិតនៅទីនេះថ្ងៃនេះដើម្បីធានាបាននូវកងជើងទឹករបស់យើងប្រឆាំងនឹងសត្រូវដែលតែងអួតអាង និងគំរាមកំហែងយើង។ យើងនឹងធ្វើការវាយបកលើគ្រប់ទង្វើរបស់សត្រូវដែលប្រឆាំងយើង » នេះជាការថ្លែងរបស់ឧត្តមសេនីយហូសសេន សាឡាមី។
ចំណែកនៅថ្ងៃសុក្រ ទី១ មករា ប្រធានតុលាការអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីម រ៉ាអ៊ីស៊ីបានព្រមានត្រង់ៗនាពិធីរម្លឹកខួប ១ឆ្នាំនៃការស្លាប់ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានីក្នុងប្រទេសអ៊ីរ៉ាក់ថា ប្រធានាធិបតីអាមេរិកផុតអាណត្តិលោកដូណាល់ ត្រាំ និងថ្នាក់ដឹកនាំអាមេរិកដទៃទៀតដែលបានបញ្ជាឲ្យសម្លាប់លោកកាសឹម សូឡីម៉ានីនឹងគ្មានថ្ងៃសុខឡើយទោះស្ថិតនៅទីកន្លែងណាក៏ដោយលើផែនដីនេះ។ ឃើញថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែលកំពុងមានស្រាប់ហាក់បានឡើងខ្លាំងមួយកម្រិតទៀតនាឱកាសខួប ១ឆ្នាំនៃការសម្លាប់ឧត្តមសេនីយអ៊ីរ៉ង់ដោយទាហានអាមេរិក។
កាលពីដំណាច់ខែវិច្ឆិកាកន្លងទៅ សហរដ្ឋអាមេរិកបានដំឡើងសាច់ដុំដាក់អ៊ីរ៉ង់ដោយបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង USS Nimitz ទៅកាន់តំបន់ឈូងសមុទ្រពែក្ស និងប្រើយន្តហោះ B៥២ ហោះពីលើតំបន់ក្នុងថ្ងៃទី១០ ធ្នូ។ តែបើតាមកាសែត New York Time រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Christopher Miller បានបញ្ជាឲ្យដកនាវាផ្ទុកយន្តហោះចម្បាំង USS Nimitz ចេញពីតំបន់វិញហើយ។ ក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានចោទលោកត្រាំពីបទព្យាយាមបង្កើតលេសដើម្បីវាយប្រហារអ៊ីរ៉ង់នៅមុនលោកត្រាំចុះចេញពីតំណែងនៅថ្ងៃទី២០ មករា។
គួររម្លឹកថាកាលពីថ្ងៃទី៣ មករា ឆ្នាំ ២០២០ ឧត្តមសេនីយអ៊ីរ៉ង់លោកកាសឹម សូឡីម៉ានីត្រូវបានទាហានអាមេរិកប្រើដ្រូនបាញ់សម្លាប់នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ ប្រតិកម្មភ្លាមៗកាលណោះ អ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលសំដៅលើមូលដ្ឋានយោធាអាមេរិកក្នុងទឹកដីអ៊ីរ៉ាក់។ តែមិនបានបណ្តាលឲ្យស្លាប់ទាហានអាមេរិកទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ