Opep+-ប្រេងកាត

ក្រុមប្រទេសនាំប្រេងចេញបើកកិច្ចប្រជុំដើម្បីកំណត់ពីបរិមាណប្រេងដែលត្រូវបូម

ក្រុមប្រទេសនាំប្រេងចេញបើកកិច្ចប្រជុំដើម្បីកំណត់ពីបរិមាណប្រេងដែលត្រូវបូម
ក្រុមប្រទេសនាំប្រេងចេញបើកកិច្ចប្រជុំដើម្បីកំណត់ពីបរិមាណប្រេងដែលត្រូវបូម AFP/Archivos
១៦ នាទី

នៅ​ថ្ងៃ​ចន្ទ ទី៤ មករា ក្រុម​ប្រទេស​នាំប្រេងចេញ និង​ក្រុម​ប្រទេស​ដៃគូ​ដែល​ហៅ​កាត់ Opep+ បាន​រួម​ប្រជុំ​គ្នា​តាម​វីដេអូ។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​កំណត់​ពី​បរិមាណ​ប្រេង​ដែល​ត្រូវ​បូម​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវការ​ពិភពលោក​នា​ពេល​ខាង​មុខ។ គួរ​បញ្ជាក់​ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ តម្រូវការ និង​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារអន្តរជាតិ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ ក្នុង​ឆ្នាំ ២០២០ ដែល​ទើប​បិទបញ្ចប់​ថ្មីៗ​នេះ វិស័យ​ប្រេង​ក៏​ជា​វិស័យ​មួយ​ដែល​បាន និង​កំពុង​បន្ត​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ១៩ ដែរ។

ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ពិភពលោក​កំពុង​បន្ត​ញាំញី​ដោយ​ជំងឺ​កូវីដ១៩ និង​ចំ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​លោក​កំពុង​បន្ត​ស្រពិចស្រពិល ក្រុម​ប្រទេស​នាំប្រេងចេញ និង​ក្រុម​ប្រទេស​ដៃគូ​ដែល​ហៅ​កាត់ Opep+ ក៏​ពិបាក​នឹង​កំណត់​ឲ្យ​បាន​ច្បាស់​ពី​បរិមាណ​ប្រេង​ដែល​ត្រូវ​បូម​លក់​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​ដើម្បី​រក្សា​តម្លៃ​ប្រេង​កុំ​ឲ្យ​ធ្លាក់​ថ្លៃ​ថែម​ទៀត Opep+ គ្រោង​ប្រជុំ​ជា​រៀងរាល់​ខែ​ដើម្បី​ពិនិត្យ​មើល​ពី​បរិមាណ​តម្រូវការ និង​បរិមាណ​ផ្គត់ផ្គង់​ជាក់ស្តែង។

នៅ​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ Opep+ នា​ថ្ងៃ​អាទិត្យ ទី៣ មករា លោក​ម៉ូហាម៉េដ បារគីនដូ​ដែល​ជា​អគ្គនាយក​អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់ Opep បាន​រម្លឹក​ថា នៅ​ក្នុង​កិច្ចប្រជុំ​ចុង​ក្រោយ​របស់ Opep+ ពី​ថ្ងៃទី៣០ វិច្ឆិកា​ដល់​ថ្ងៃទី៣ ធ្នូ ឆ្នាំ ២០២០ Opep+ បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​ត្រឡប់​វិញ​បន្តិច​ម្តងៗ​នូវ​ការ​ផ្គត់ផ្គង់​ប្រេង​លើ​ទីផ្សារ​ចំនួន ២លាន​បារីល​ក្នុង​មួយ​ថ្ងៃ​នា​ប៉ុន្មាន​ខែ​ខាង​មុខ។ តែ​ទន្ទឹម​គ្នា​នេះ ក្រុម​ប្រទេស​សមាជិក Opep+ ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ដើម្បី​កែប្រែ​លើ​តួលេខ​នេះ​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ និង​ការ​វិវឌ្ឍន៍​ជាក់ស្តែង​របស់​ទីផ្សារ។

ជាមួយ​នឹង​យុទ្ធសាស្រ្ត​នេះ Opep+ បាន​សម្រេច​បូមប្រេង​ចំនួន ៥០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ខែ​មករា​នេះ និង​បាន​សន្យា​រួមប្រជុំ​គ្នា​នៅ​រៀងរាល់​ដើម​ខែ​ដើម្បី​កំណត់​ពី​បរិមាណ​ប្រេង​ដែល​ត្រូវ​បូម​សម្រាប់​ខែ​បន្ទាប់។ ជាក់ស្តែង​នៅ​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​នា​ថ្ងៃ​ចន្ទ ទី៤ មករា​នេះ គឺ​ដើម្បី​កំណត់​ពី​បរិមាណ​ប្រេង​ដែល​ត្រូវ​បូម​សម្រាប់​ខែ​កុម្ភៈ​ខាង​មុខ។ តើ​សម្រាប់​ឆ្នាំ ២០២១ តម្រូវការ​ប្រេង​ក្នុង​លោក​អាច​មាន​ច្រើន​ជាង​ឆ្នាំ ២០២០ ឬ?។ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ខែ​ចុង​ក្រោយ​របស់​ខ្លួន អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់ Opep មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​ព្យាករណ៍​ពី​តម្រូវការ​ធ្លាក់​ចុះ​ជាង​តម្រូវការ​កើន​ឡើង។

នៅ​ក្នុង​របាយការណ៍​ដដែល អង្គការ Opep បាន​លើក​ឡើង​ពី​ភាព​មិន​ប្រាកដប្រជា​ដែល​ទាក់ទង​នឹង​ការ​វិវឌ្ឍន៍​របស់​ជំងឺ​កូវីដ១៩ និង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង។ ទន្ទឹម​គ្នា​នេះ របាយការណ៍​ក៏​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ឥទ្ធិពល​របស់​កូវីដ១៩ ទៅ​លើ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់ ពិសេស​នៅ​ក្នុង​វិស័យដឹកជញ្ជូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI