អ៊ីរ៉ង់-កូរ៉េខាងត្បូង

អ៊ីរ៉ង់បានចោទកូរ៉េខាងត្បូងពីបទបានបង្កកលុយអ៊ីរ៉ង់ចំនួន ៧ ០០០លានដុល្លារ

អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ការ​ចាប់​នាវា​ដឹកប្រេងដែលដោតទង់ជាតិ​កូរ៉េខាងត្បូង​មិនមែន​ជា​វិធានការ​ដើម្បី​សងសឹក​កូរ៉េខាងត្បូង​ដែល​បាន​បង្កក​លុយ​អ៊ីរ៉ង់​ទេ។
អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ការ​ចាប់​នាវា​ដឹកប្រេងដែលដោតទង់ជាតិ​កូរ៉េខាងត្បូង​មិនមែន​ជា​វិធានការ​ដើម្បី​សងសឹក​កូរ៉េខាងត្បូង​ដែល​បាន​បង្កក​លុយ​អ៊ីរ៉ង់​ទេ។ AP
១៣ នាទី

សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង។ នៅ​ថ្ងៃ​អង្គារ ទី៥ មករា ក្រុង​តេហេរ៉ង់​បាន​ចោទ​ក្រុង​សេអ៊ូល​ពី​បទ​បាន​បង្កក​លុយ​អ៊ីរ៉ង់​ចំនួន ៧ ០០០លានដុល្លារ។ ការ​ចោទ​របស់​អ៊ីរ៉ង់​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​ចាប់​នាវា​ដឹកប្រេង​មួយ​គ្រឿង​ដែល​ដោត​ទង់ជាតិ​កូរ៉េខាងត្បូង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​នា​ថ្ងៃ​ចន្ទ ទី៤ មករា។ តែ​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ការ​ចាប់​នាវា​ដឹកប្រេង​នោះ​មិនមែន​ជា​វិធានការ​ដើម្បី​សងសឹក​កូរ៉េខាងត្បូង​ដែល​បាន​បង្កក​លុយ​អ៊ីរ៉ង់​ទេ។

ផ្សាយពាណិជ្ជកម្ម

២៤ម៉ោង​ក្រោយ​ការ​ចាប់​នាវា​ដឹកប្រេង​ដែល​មាន​ដោត​ទង់ជាតិ​កូរ៉េខាងត្បូង​ពី​សំណាក់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ស្នើ​ឲ្យ​អ៊ីរ៉ង់​ដោះលែង​នាវា ព្រម​ទាំង​បុគ្គលិក​បម្រើការ​ទាំង ២០នាក់​នៅ​លើ​នាវា​នោះ។ ក្រុង​សេអ៊ូល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នាវាចម្បាំង​មួយ​គ្រឿង​របស់​ខ្លួន​ជាមួយ​នឹង​កងឯកភាព​ប្រឆាំង​ចោរសមុទ្រ​បាន​ទៅ​ដល់​ក្បែរ​ច្រកសមុទ្រ Ormuz សម្រាប់​បេសកកម្ម​ធានា​សុវត្ថិភាព និង​ការពារ​សន្តិសុខ​ពលរដ្ឋ​កូរ៉េខាងត្បូង។ ទន្ទឹម​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​លោក​ចយ យ៉ុងសាម​បាន​ប្រកាស​ថា គណៈប្រតិភូ​កូរ៉េខាងត្បូង​មួយ​ក្រុម​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ីរ៉ង់​នា​ពេល​ឆាប់ៗ​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​ទ្វេភាគី​ជាមួយ​អ៊ីរ៉ង់។ តែ​លោក​ចយ យ៉ុងសាម​មិន​បាន​លំអិត​អ្វី​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទេ។

ចំណែក​ពី​ខាង​អ៊ីរ៉ង់​វិញ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​អាលី រ៉ាប៊ី​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា ការ​ចាប់​នាវា​ដឹកប្រេង​ដែល​ដោត​ទង់ជាតិ​កូរ៉េខាងត្បូង​បាន​ធ្វើ​ឡើង​តាម​សេចក្តីសម្រេច​របស់​តុលាការ ក្រោយ​ពី​នាវា​នោះ​បាន​បង្ក​ការ​បំពុល​ប្រេង​ក្នុង​ទឹកសមុទ្រ​ដែល​ជា​ទង្វើ​រំលោភ​ច្បាប់​ស្តីពី​បរិស្ថាន​សមុទ្រ។ តាម​លោក​អាលី រ៉ាប៊ី អ៊ីរ៉ង់​មិនមែន​ជា​អ្នក​ចាប់​ជំរិត​ទេ តែ​គឺ​កូរ៉េខាងត្បូង​ជា​អ្នក​ចាប់​ជំរិត​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ។ អ្វី​ដែល​លោក​អាលី រ៉ាប៊ី​ចង់​និយាយ​នេះ គឺ​កូរ៉េខាងត្បូង​បាន​បង្កក​លុយ​អ៊ីរ៉ង់​ចំនួន ៧ ០០០លានដុល្លារ​ដែល​កូរ៉េខាងត្បូង​បាន​អនុវត្តន៍​តាម​ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​រូប​នេះ​ដដែល​បាន​យល់​ឃើញ​ថា ការ​ដែល​កូរ៉េខាងត្បូង​មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ប្រើ​លុយ​ខ្លួន​ឯង​ដើម្បី​ទិញ​ចំណីអាហារ​ជា​រឿង​មិន​សមហេតុផល​ទេ ព្រោះ​រឿង​ទិញ​ចំណី​អាហារ​មិន​មាន​ការ​ហាម​ឃាត់​នៅ​ក្នុង​ទណ្ឌកម្ម​អាមេរិក​ឡើយ។ តើ​ការ​ចាប់​នាវា​ដឹកប្រេង​ដែល​ដោត​ទង់ជាតិ​កូរ៉េខាងត្បូង​ពេល​នេះ​មក​ពី​អ៊ីរ៉ង់​ចង់​សងសឹក​នឹង​ក្រុង​សេអ៊ូល​ដែល​បាន​បង្កក​លុយ​អ៊ីរ៉ង់​ទាំង ៧ ០០០លានដុល្លារ​ឬ?។ មិនមែន​ជា​វិធានការ​សងសឹក​ទេ នេះ​ជា​ចម្លើយ​របស់​ក្រុង​តេហេរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI