ប៉ាឡេស្ទីន-បោះឆ្នោត

ប៉ាឡេស្ទីន៖ចលនាហ្វាតា និងចលនាហាម៉ាស់ព្រមព្រៀងរៀបចំបោះឆ្នោតសភា និងប្រធានាធិបតីក្នុងឆ្នាំ ២០២១

ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនលោកម៉ាម៉ូដ អាបាស់
ប្រធានរដ្ឋអំណាចប៉ាឡេស្ទីនលោកម៉ាម៉ូដ អាបាស់ AP - Majdi Mohammed
១៦ នាទី

នៅ​ដែនដី​ប៉ាឡេស្ទីន ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាម៉ូដ អាបាស់​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ចំនួន​ពីរ​ក្នុង​ឆ្នាំ ២០២១។ នៅ​ថ្ងៃទី២២ ឧសភា​ជា​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី និង​នៅ​ថ្ងៃទី៣១ កក្កដា​ជា​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​រដ្ឋអំណាច​ថ្មី។ នេះ​ជា​កិច្ចព្រមព្រៀង​ដែល​ទទួល​បាន​ពី​ការ​ចរចា​ច្រើន​លើក ច្រើន​សារ​រវាង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ដែល​កំពុង​គ្រប់គ្រង​តំបន់​ហ្កាហ្សា និង​ចលនា​ប៉ាឡេស្ទីន​ហ្វាតា​របស់​លោក​ម៉ាមូដ អាបាស់។ គួរ​រម្លឹក​ថា អស់​រយៈពេល ១៥ឆ្នាំ​មក​ហើយ​ដែល​ដែនដី​ប៉ាឡេស្ទីន​មិន​ដែល​ស្គាល់​ការ​រៀបចំ​បោះឆ្នោត ពោល​តាំង​ពី​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ទទួល​បាន​ជោគជ័យ​នា​ការ​បោះឆ្នោត​សភា​ក្នុង​ឆ្នាំ ២០០៦ និង​តាំង​ពី​ចលនា​មួយ​នេះ​មាន​ការ​ប្រេះឆា​ជា​មួយ​នឹង​ចលនា​ប៉ាឡេស្ទីន​ហ្វាតា​ក្នុង​ឆ្នាំ ២០០៧។ « ក្តីសង្ឃឹម​មាន​ប្រាកដមែន » នេះ​ជា​ការ​កត់សម្គាល់​របស់​លោក​អូម៉ារ ចាបេន អ្នកវិទ្យាសាស្រ្ត​នយោបាយ និង​ជា​នាយក​ក្រុម​ជញ្ជឹងគិត PalThink។ តែ​លោក​អូម៉ារ​បាន​ព្រមាន​ថា នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ចលនា​ប៉ាឡេស្ទីន​ត្រូវ​បន្ត​ដោះស្រាយ​រវាង​គ្នា។

ផ្សាយពាណិជ្ជកម្ម

« ក្រឹត្យ​ប្រធាន​រដ្ឋអំណាច​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៦ មករា​បាន​ធ្វើ​ឲ្យ​អ្វីៗ​មាន​លក្ខណៈ​ប្រាកដប្រជា។ ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ និង​ចលនា​ប៉ាឡេស្ទីន​ហ្វាតា​បាន​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀង​មួយ ក្រោយ​ពី​បាន​ជួប​ចរចា​គ្នា​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា និង​នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។ គ្មាន​អ្វី​ត្រូវ​បាន​ប្រកាស​ចេញ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នោះ​ទេ តែ​ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​លើ​ប្រធានបទ​ជា​ច្រើន។

បន្ទាប់​មក ភាគី​ទាំង​ពីរ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​កាន់​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ជជែក​គ្នា​លើ​ប្រធានរឿង​ផ្សេង​ទៀត។ មាន​ចំណុច​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​រវាង​ភាគី​ទាំង​ពីរ​ដែល​អាច​រារាំង​មិន​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​នា​ពេល​ខាង​មុខ​បាន។ ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ខ្វែង​គំនិតគ្នា គឺ​កម្មវិធី​នយោបាយ​របស់​ភាគី​នីមួយៗ។ សម្រាប់​ចលនា​ហាម៉ាស់ ពួក​នេះ​មិន​ជឿ​លើ​កិច្ចព្រមព្រៀងសន្តិភាព​ក្រុង​អូស្លូ​ដែល​រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ទសវត្ស ៩០ ទេ។

ចំណុច​វិវាទ​មួយ​ទៀត​ដែល​អាច​កើត​មាន​ឡើង​រវាង​ភាគី​ទាំង​ពីរ គឺ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ សួរ​ថា តើ​រដ្ឋអំណាច​ប៉ាឡេស្ទីន​នឹង​បណ្តោយ​ឲ្យ​ពួក​ហាម៉ាស់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​កម្រិត​ណា​ដែរ​នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី​ដែល​កំពុង​កាន់កាប់​ដោយ​ចលនា​ហ្វាតា?។ សំណួរ​ដូច​គ្នា​នេះ​ក៏​បាន​ចោទ​ត្រឡប់​វិញ​ថា តើ​ចលនា​ហាម៉ាស់​ដែល​កំពុង​កាន់កាប់​តំបន់​ហ្កាហ្សា​នឹងបណ្តោយ​ឲ្យ​ពួក​ហ្វាតា​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​កម្រិត​ណា​ដែរ​នៅ​ក្នុង​តំបន់​ហ្កាហ្សា?។ ដូច្នេះ ភាគី​ទាំង​ពីរ​ត្រូវ​តែ​ជជែក​គ្នា និង​ឯកភាព​គ្នា​លើ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI