អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ្នកជំនាញនុយក្លេអ៊ែរអ៊ីរ៉ង់ថា អ៊ីរ៉ង់កំពុងដើរឃ្លាតកាន់តែឆ្ងាយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

អ្នកជំនាញនុយក្លេអ៊ែរអ៊ីរ៉ង់ថា អ៊ីរ៉ង់កំពុងដើរឃ្លាតកាន់តែឆ្ងាយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥
អ្នកជំនាញនុយក្លេអ៊ែរអ៊ីរ៉ង់ថា អ៊ីរ៉ង់កំពុងដើរឃ្លាតកាន់តែឆ្ងាយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ AP
១៦ នាទី

ថ្ងៃ​អាទិត្យ ទី១៧ មករា ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​យល់​ឃើញ​ថា ប្រទេស​អ៊ីរ៉ង់​កំពុង​ផលិត​គ្រាប់បែក​បរិមាណូ និង​ថា វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ត្រូវ​និយាយ​ប្រាប់​អ៊ីរ៉ង់​ថា « ឲ្យ​ល្មម​បាន​ហើយ »។ លោក​ឡឺឌ្រីយ៉ង់​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​ថ្ងៃ​អាទិត្យ « Journal du Dimanche »។ ប្រតិកម្ម​ខ្លាំងៗ​របស់​ប្រមុខ​ការទូត​បារាំង​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​បាន​សម្តែង​ក្តីបារម្ភ​រួម​គ្នា​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៦ មករា។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ក្រុង​ប៉ារីស ប៊ែរឡាំង និង​ក្រុង​ឡុងដ៏​បាន​ស្នើ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​ការ​ផលិត​លោហធាតុ​អ៊ុយរ៉ាញ៉ូម​ជា​បន្ទាន់ ព្រោះ​វា​ទង្វើ​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃ​ពុធ ទី១៣ មករា អ៊ីរ៉ង់​បាន​ប្រាប់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ពី​ការ​កំពុង​បោះជំហាន​ទៅ​មុខ​ក្នុង​ការ​ផលិត​លោហធាតុ​អ៊ុយរ៉ាញ៉ូម​ដើម្បី​បម្រើ​ជា​ប្រេងឥន្ធនៈ​សម្រាប់​ម៉ាស៊ីនប្រតិកម្ម។ នេះ​ជា​ប្រធានបទ​ដ៏​រសើប​ខ្លាំង ព្រោះ​លោហធាតុ​អ៊ុយរ៉ាញ៉ូម​អាច​ប្រើ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ។ អ្នកជំនាញនុយក្លេអ៊ែរ​អ៊ីរ៉ង់​លោក​បាំងហ្សាម៉ាំង អូតគូវែរទារ​បាន​មើល​ឃើញ​ថា អ៊ីរ៉ង់​កំពុង​ដើរ​ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥។

ផ្សាយពាណិជ្ជកម្ម

« ក្តី​បារម្ភ​គឺ​ថា អ៊ីរ៉ង់​កំពុង​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ កម្មវិធី​នុយក្លេអ៊ែរ​ដែល​គេ​ចង់​និយាយ និង​កំពុង​បារម្ភ​ពេល​នេះ គឺ​ការ​ដែល​អ៊ីរ៉ង់​កំពុង​រំកិល​ទៅ​រក​ការ​ផលិត​គ្រឿងបញ្ឆេះ​នុយក្លេអ៊ែរ​ដែល​អាច​ជា​គ្រឿងបញ្ឆេះ​នុយក្លេអ៊ែរ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​យោធា។

គេ​បាន​កត់​សម្គាល់​ឃើញ​ថា​គ្រប់​ពេល អ៊ីរ៉ង់​បាន និង​កំពុង​បោះជំហាន​ទៅ​ធ្វើ​ទង្វើ​ដែល​បាន​ហាម​ឃាត់​ដោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៥។ ការ​ផលិត​លោហធាតុ​អ៊ុយរ៉ាញ៉ូម​ត្រូវ​បាន​ហាម​ឃាត់​ដោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ហើយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​មួយ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៦ មករា បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​ក៏​បាន​ក្រើន​រម្លឹក​ប្រាប់​អ៊ីរ៉ង់​ជា​ថ្មី។

កុំ​ថា​ឡើយ​ផលិត​លោហធាតុ​អ៊ុយរ៉ាញ៉ូម សូម្បី​តែ​សកម្មភាព​ស្រាវជ្រាវ និង​​អភិវឌ្ឍន៍​លើ​លោហធាតុ​អ៊ុយរ៉ាញ៉ូម​ក៏​អ៊ីរ៉ង់​មិន​អាច​ធ្វើ​បាន​ដែរ​ក្នុង​រយៈពេល ១៥ឆ្នាំ។ តើ​អ៊ីរ៉ង់​ពិត​ជា​បាន​ផលិត​លោហធាតុ​អ៊ុយរ៉ាញ៉ូម​ហើយ គ្រាន់​តែ​មាន​បំណង​ចង់​ផលិត ឬ​មួយ​ក៏​គ្រាន់​តែ​និយាយ?។ គេ​មិន​អាច​ដឹង​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​បាន​ស្នើ​ឲ្យ​អ៊ីរ៉ង់​បោះបង់​ចោល​វិញ។ តាម​ខ្ញុំ​ដឹង បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​មិន​បាន​បញ្ជាក់​ថា​អ៊ីរ៉ង់​បាន​ផលិត​លោហធាតុ​អ៊ុយរ៉ាញ៉ូម​ហើយ​ទេ ឬ​មួយ​ប្រហែល​ខ្ញុំ​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់។

តែ​គេ​អាច​និយាយ​បាន​ថា​គ្រប់​ពេល អ៊ីរ៉ង់​បាន​បោះ​មួយ​ជំហាន​ថ្មី និង​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ កាន់​តែ​ខ្លាំង​ទៅ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI