លីបង់-កូវីដ១៩

ធនាគារ​ពិភពលោក​នឹង​ចែក​ចាយ​ថ្នាំ​បង្ការ​កូវីដ១៩ នៅលីបង់​នៅ​ខែ​កុម្ភៈ

អត្រាវិជ្ជមាន​កូវីដ១៩ ឡើង​ដល់​១៧%​នៅ លីបង់ ក្នុង​ខែមករា ២០២១ ទល់នឹង​អត្រា​ខ្ពស់​បំផុត​ត្រឹម​៥%​នៅ​ប្រទេស​ផ្សេង
អត្រាវិជ្ជមាន​កូវីដ១៩ ឡើង​ដល់​១៧%​នៅ លីបង់ ក្នុង​ខែមករា ២០២១ ទល់នឹង​អត្រា​ខ្ពស់​បំផុត​ត្រឹម​៥%​នៅ​ប្រទេស​ផ្សេង AP - Bilal Hussein
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

នេះ​គឺ​ជា​​ប្រតិបត្តិការដំបូង​ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ធនាគារ​ពិភពលោក ក្នុង​ការ​ជួយចាក់​ថ្នាំ​បង្ការ​ប្រឆាំ​ង​ជំងឺ​កូវីដ១៩ ក្នុង​​ប្រទេស​មួយ​​។ ឆ្លង​កាត់​​វិបត្តិ​សេដ្ឋកិច្ចដ៏​ធ្ងន់ធ្ងរ​ហើយ​ លីបង់​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាតត្បាត​ខ្លាំង​គ្មាន​ប្រៀប​ទៀត។ ចំនួន​អ្នក​ឆ្លង​និង​ឈឺ​កូវីដ​១៩​បាន​កើន​ឡើង​ខ្ពស់​ខ្លាំង​។ រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២២​មករា ២០២១ ពន្យារ​វិធានការ​បិទ​ខ្ទប់​ប្រទេស​យ៉ាង​តឹង​តែង​រយៈ​ពេល​ពីរ​សប្តាហ៍​បន្ថែមទៀត។

ផ្សាយពាណិជ្ជកម្ម

ធនាគារ​ពិភពលោក​បាន​ទម្លាយ​កញ្ចប់​ថវិកា ៣៤លាន​ដុល្លារ សម្រាប់ចំណាយ​ចែក​ចាយ​​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩ ជូន​ប្រជាពលរដ្ឋ​លីបង់​ចំនួន​ជាង​ពីរ​លាន​នាក់។ ហេតុ​អ្វី​លីបង់ ? ព្រោះ​ចំនួន​អ្នក​ឆ្លងកូវីដ​១៩ នៅ​លីបង់​​​បាន​ស្ទុះ​កើនឡើង​គ្មានប្រៀប។

មាន​ប្រជាជន​សរុប​ជាង​៦​លាននាក់ តាំង​ពីដើម​ឆ្នាំ​២០២១​មក លីបង់​រាប់​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​ជា​មធ្យម​ជាង​៥៥០០នាក់ក្នុង​មួយ​ថ្ងៃៗ និង​មាន​អ្នកស្លាប់​សរុប​​២០៨៤​នាក់។ ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក អត្រា​វិជ្ជមាន​កូវីដ១៩ខ្ពស់​បំផុត មានត្រឹម​តែ​៥%​ប៉ុណ្ណោះ តែ​នៅ​លីបង់​​អត្រា​វិជ្ជមាន​កូវីដ​១៩​ ​ពេល​នេះ​បាន​ឡើងដល់​១៧%។ លីបង់​​បាន​បិទ​ខ្ទប់​ប្រទេសយ៉ាង​តឹង​តែង  ក្នុង​ទម្រង់​ជា​បម្រាមគោចរ​២៤ម៉ោង​លើ​២៤ម៉ោង និង​បិទ​ហាង​ទំនិញ​ទាំង​អស់ តាំង​ពី​ថ្ងៃទី ១៤​មករា​មក សម្រាប់​រយៈ​ពេល​១១​ថ្ងៃ។ ជា​ផ្លូវការ​ ប្រជាពលរដ្ឋ​​គ្មានសិទ្ធិ​ចេញ​ក្រៅ​ផ្ទះ សូម្បីតែ​ដើម្បីទៅ​ទិញ​ម្ហូប​អាហារ​ ឬ​ចេញហាត់​ប្រាណក៏​មិន​បាន។ ផ្សារ​ម្ហូប​​អាច​បើក​លក់​បានសម្រាប់តែ​​​ដឹកឱ្យ​ភ្ញៀវ។​

ប៉ុន្តែ​ទោះ​បី​មាន​វិធានការដ៏​​តឹង​រ៉ឹង​ខ្លាំង​ដូច្នេះ​ក្តី​ ​ក៏ចំនួន​អ្នកឆ្លង​ថ្មី និង​ចំនួន​អ្នកស្លាប់​ មិនបាន​ធ្លាក់​ចុះ​សោះ។ មន្ទីរ​ពេទ្យ​ចាល់​​និងមានអ្នក​ជំងឺ​ចូល​ជិត​​ពេញ​៩៨%។ បើ​តាម​អង្គការ​សុខភាពពិភពលោក​ លីបង់​ឈាន​ចូល​ដល់​កំរិត​អាសន្ន​ខ្ពស់​បំផុត​ហើយ។ ហេតុ​ដូច្នេះហើយ​បាន​ជា​​រដ្ឋាភិបាល​បាន​សម្រេច​ពន្យារ​ពេល​បិទ​ខ្ទប់ប្រទេស​​ ពីរ​សប្តាហ៍​ទៀត។

វិបត្តិ​កូវីដ​ បាន​មកជាន់​បន្ថែម​លីបង់ ដែល​​រង​វិបត្តិ​សេដ្ឋកិច្ច​ ​តាំង​ពីកញ្ញា​​ឆ្នាំ​២០១៩មក។ ជា​លើកទីមួយ គិត​ចាប់​តាំង​ពី​ជា​ច្រើន​ទសវត្សរ៍មក លីបង់​បានលុង​ខ្លួន​ក្នុងវិបត្តិ​សេដ្ឋកិច្ចដើរ​ថយក្រោយ​ យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ នៅ​ឆ្នាំ​២០២០ ផលិតផលសរុប​ក្នុង​ស្រុក​​បាន​ធ្លាក់​ចុះ​១៩,៥% និង​មាន​វិបត្តិ​អតិផរណាជាង​១៣៣% ហើយ​ប្រជាពលរដ្ឋ​ចំនួន​៤៥% រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រទុរគត៌ខ្លាំង។​

ក្នុង​បរិបទ​បែប​នេះ ធនាគារ​ពិភពលោក​បាន​អនុម័ត​នៅ​ថ្ងៃ​ទី ១២​មករា ២០២១ ជំនួយបន្ទាន់​តម្លៃ​​២៤៦​លាន​ដុល្លារ​ ក្នុង​ទម្រង់​ជា​ការ​ផ្ទេរ​ថវិកា ទៅ​ជួយ​ប្រជាជន​លីបង់​ដែល​ក្រីក្រ​ខ្លាំង​បំផុត​ដោយ​ផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI