អេមីរ៉ាតអារ៉ាប់រួម

អេមីរ៉ាតអារ៉ាប់រួមបើកភ្លើងខៀវឲ្យមានការផ្តល់សញ្ជាតិដល់ជនបរទេស

នាយករដ្ឋមន្រ្តីអេមីរ៉ាតអារ៉ាប់រួមព្រះចៅឆេក ម៉ូហាម៉េដ បេន រ៉ាឈីដ អាល់ ម៉ាកទូម
នាយករដ្ឋមន្រ្តីអេមីរ៉ាតអារ៉ាប់រួមព្រះចៅឆេក ម៉ូហាម៉េដ បេន រ៉ាឈីដ អាល់ ម៉ាកទូម AFP - BANDAR AL-JALOUD

នៅ​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម រដ្ឋាភិបាល​បាន​ប្រកាស​ក្នុង​ថ្ងៃ​សៅរ៍ ទី៣០ មករា​ពី​ការ​ធ្វើ​វិសោតនកម្ម​ច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​ជនបរទេស​អាច​សុំ​សញ្ជាតិ​អេមីរ៉ាតអារ៉ាប់រួម​បាន ពិសេស​ក្រុម​វិនិយោគិន និង​ជនបរទេស​ដែល​ប្រកប​មុខរបរ​ជា​អ្នក​វិទ្យាសាស្រ្ត ឬ​ជា​គ្រូពេទ្យ។ ទន្ទឹម​នឹង​ទទួល​បាន​សញ្ជាតិ​អេមីរ៉ាតអារ៉ាប់រួម ជនបរទេស​ទាំង​នេះ​ក៏​អាច​រក្សា​ទុក​នូវ​សញ្ជាតិ​ដើម​របស់​ខ្លួន​ដែរ។ ជម្រើស​របស់​ក្រុង​ឌូបៃ​នេះ​មាន​គោលដៅ​ធានា​ពី​ការ​រួមចំណែក​របស់​ជនបរទេស​ទាំង​នោះ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍ និង​ការ​រីកចម្រើន​របស់​ប្រទេស នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ក្រុង​ឌូបៃ។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ដំណឹង​ល្អ​ដ៏​កម្រ​មួយ​សម្រាប់​ជនបរទេស​ដែល​កំពុង​ធ្វើ​ការ ស្នាក់នៅ​ក្នុង​ប្រទេស​នៃ​តំបន់​ឈូងសមុទ្រពែក្ស​ដូច​អេមីរ៉ាតអារ៉ាប់រួម។ តែ​ការ​យល់ព្រម​ផ្តល់​សញ្ជាតិ​ឲ្យ​ជនបរទេស​ណា​ម្នាក់​នឹង​មាន​ការ​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​ពី​គណៈរដ្ឋមន្រ្តី តុលាការ និង​ក្រុមប្រឹក្សា​ប្រតិបត្តិ​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ និង​ប្រភេទ​ជនបរទេស​ម្នាក់ៗ។ លក្ខខណ្ឌ និង​ប្រភេទ​ជនបរទេស​ដែល​រដ្ឋាភិបាល​ក្រុង​ឌូបៃ​ចង់​និយាយ​នេះ គឺ​ប្រភេទ​ការងារ​ដែល​ជនបរទេស​ម្នាក់ៗ​កំពុង​បំពេញ​នៅ​លើ​ទឹកដី​អេមីរ៉ាតអារ៉ាប់រួម។ ប្រភេទ​ការងារ​អាទិភាព​រួម​មាន ជា​អ្នកវិនិយោគ ជា​វិស្វករ ជា​អ្នក​ស្រាវជ្រាវ ជា​គ្រូពេទ្យ ជា​អ្នកនិពន្ធ ឬ​មួយ​ក៏​ជា​អ្នក​សិល្បៈ។

នាយករដ្ឋមន្រ្តី​អេមីរ៉ាតអារ៉ាប់រួម​ព្រះចៅ​ឆេក ម៉ូហាម៉េដ បេន រ៉ាឈីដ អាល់ ម៉ាកទូម​បាន​បញ្ជាក់​ថា ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​អេមីរ៉ាតអារ៉ាប់រួម​ក៏​អាច​មាន​សិទ្ធិ​រក្សា​ទុក​សញ្ជាតិដើម​របស់​ខ្លួន​បាន​ដែរ។ រដ្ឋាភិបាល​ក្រុង​ឌូបៃ​បាន​គូស​បញ្ជាក់​ថា គំនិត​ផ្តួចផ្តើម​ផ្តល់​សញ្ជាតិ​ឲ្យ​ប្រភេទ​ជនបរទេស​មួយ​ចំនួន​នេះ​មាន​គោលដៅ​ធានា​ពី​ការ​រួមចំណែក​របស់​ពួក​គេ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍ និង​ការ​រីកចម្រើន​របស់​ប្រទេស។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជនបរទេស​ដែល​នឹង​ទទួល​បាន​សញ្ជាតិ​ពី​ប្រទេស​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​មួយ​នេះ​នឹង​ទទួល​បាន​សិទ្ធិ​ដូច​គ្នា​នឹង​ប្រជាជន​ម្ចាស់​ស្រុក ឬ​អត់​ទេ។

គួរ​បញ្ជាក់​ថា​នៅ​អេមីរ៉ាតអារ៉ាប់រួម ជនបរទេស​តំណាង​ឲ្យ ៩០% នៃ​ចំនួន​ពលរដ្ឋ​សរុប​ប្រមាណ​ជា ១០លាននាក់ មាន​ន័យ​ថា ជនជាតិ​អេមីរ៉ាតអារ៉ាប់រួម​មាន​តែ ១០% ប៉ុណ្ណោះ។ ក្នុង​មួយ​ឆ្នាំៗ រដ្ឋ​បាន​ចំណាយ​លុយ​រាប់​ពាន់​លានដុល្លារ​ដើម្បី​ជួយ​ប្រជាជន​ខ្លួន ពិសេស​សម្រាប់​ការ​រៀនសូត្រ និង​ការ​ព្យាបាល​ជំងឺ​ដោយ​មិន​យក​លុយ។ យុទ្ធសាស្រ្ត​របស់​អេមីរ៉ាតអារ៉ាប់រួម​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ប្រភេទ​ជនបរទេស​មួយ​ចំនួន​នេះ គឺ​ដើម្បី​ទាក់ទាញ​ក្រុមវិនិយោគិន និង​ក្រុមអ្នកជំនាញ​បរទេស​ឲ្យ​ទៅ​បោះទុន​រកស៊ី ធ្វើ​ការ​នៅ​លើ​ទឹកដី​ខ្លួន។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ វិធានការ​ទាក់ទាញ​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ជា​បន្តបន្ទាប់ ពិសេស​បាន​ផ្តល់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​យូរ​រហូត​ដល់ ១០ឆ្នាំ​សម្រាប់​ជនបរទេស​ជា​អ្នកវិនិយោគ និង​​អ្នកដែល​មាន​ចំណះដឹង​ខ្ពង់ខ្ពស់។ គឺ​ជា​ប្រភេទ​ជនបរទេស​ដែល​អេមីរ៉ាតអារ៉ាប់រួម​កំពុង​ត្រូវ​ការ​ខ្លាំង ខណៈ​ដែល​ប្រទេស​ជង្រុក​ប្រេង និង​ឧស្ម័ន​មួយ​នេះ​កំពុង​មាន​សេដ្ឋកិច្ច​រងគ្រោះ​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI