អ៊ីស្រាអែល-ប៉ាឡេស្ទីន

ICC សម្រេច ថា ខ្លួន​មាន​សិទ្ធិ​ជំនុំជម្រះ​លើ​បទឧក្រិដ្ឋកម្ម​សង្រ្គាម កើតឡើង​នៅ ទឹកដី​ប៉ាឡេស្ទីន

អ៊ីស្រាអែល​វាយប្រហារ​ទៅលើ​តំបន់​ហ្កាហ្សា​នៅ ឆ្នាំ ២០១៤
អ៊ីស្រាអែល​វាយប្រហារ​ទៅលើ​តំបន់​ហ្កាហ្សា​នៅ ឆ្នាំ ២០១៤ AP - Adel Hana

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ដែលមាន​មូលដ្ឋាន​នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់ បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រម្សិលមិញថា តុលាការ​មាន​សមត្ថភាព ជំនុំជម្រះ​បទឧក្រិដ្ឋកម្ម​សង្រ្គាម ប្រព្រឹត្តឡើង នៅក្នុងទឹកដី​ប៉ាឡេស្ទីន ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល។ អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ស្វាគម​ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ប៉ុន្តែ ភាគី​អ៊ីស្រាអែល ​បាន​ទាត់ចោល​ការសម្រេច​របស់​តុលាការ​ដែល​អ៊ីស្រាអែល​បរិហាររិះគន់​ថា មាន​លក្ខណៈ​នយោបាយ។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ខែ​ធ្នូ ចុងឆ្នាំ ២០១៩ លោកស្រី Fatou Bensouda រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ បាន​ស្នើសុំ​បើក​ការស៊ើបអង្កេត​ស្តីពី​លទ្ធភាព​កើតមាន​បទឧក្រិដ្ឋកម្ម​សង្រ្គាម នៅក្នុង​ទឹកដី ប៉ាឡេស្ទីន។ ប៉ុន្តែ នៅមុន​បើក​ការស៊ើបអង្កេត លោកស្រី​រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ដាក់ពាក្យ​ទៅ​ចៅក្រម ដើម្បី បញ្ជាក់​ពី​យុត្តាធិការ​របស់​តុលាការ ដោយសារថា លក្ខន្តិកៈស្របច្បាប់​របស់​ទឹកដី​ប៉ាឡេស្ទីន កំពុង​រង​ការជំទាស់​ពី​អ៊ីស្រាអែល។

ប៉ុន្តែ នៅក្នុង​សេចក្តីប្រកាស កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​សម្រេច​ថា តុលាការ​មាន​យុត្តាធិការ​គ្របដណ្តប់​លើ​ទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល បានចូល​កាន់កាប់ ដោយ​ខុសច្បាប់ តាំង​ពី​ឆ្នាំ ១៩៦៧ ដែលនៅក្នុង​នោះ​មាន​តាំង​ពី​ទឹកដី ហ្កាហ្សា ស៊ីហ្សកដានី និង យេរូសាឡឹម​ខាងកើត។

លោកស្រី Fatou Bensouda ដែល​ត្រូវបញ្ចប់​អាណត្តិ​នៅ​ខែ​មិថុនា​ខាងមុខ បាន​ស្នើសុំ​ផងដែរ ឲ្យតុលាការ​ទទួលបន្ត​ការស៊ើបអង្កេត​បឋម រយៈពេល​៥ឆ្នាំ ដែលលោកស្រី បាន​ចាប់ផ្តើមធ្វើ នៅក្រោយ​កើតមាន​សង្រ្គាម នៅ​តំបន់​ហ្កាហ្សា ជាទី​ដែល​អ៊ីស្រាអែល បាន​បើកការវាយប្រហារ ប្រយុទ្ធគ្នា ជាមួយ ក្រុមហាម៉ាស ប៉ាឡេស្ទីន​ដល់​ទៅ ៣​លើក ចាប់តាំង​ពី​ឆ្នាំ ២០០៨មក។

ការសម្រេច​របស់​តុលាការ​បាន​បើកផ្លូវ​ឲ្យ​មាន​ការស៊ើបអង្កេត​ជាផ្លូវការ​ទៅលើ​បទឧក្រិដ្ឋកម្ម ដែល​កើតមាន នៅ​ទឹកដី ប៉ាឡេស្ទីន បើទោះបី​មានការប្រឆាំង​ដាច់ណាត់​ពី​អ៊ីស្រាអែល។ នៅ​ថ្ងៃ​សុក្រ អ៊ីស្រាអែល ដែល​មិនមែន​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​បាន​ទាត់ចោល​ការសម្រេច​របស់​តុលាការ។ សម្រាប់​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ការសម្រេច​របស់​តុលាការ​នឹង​កាត់បន្ថយ​សមត្ថភាព​របស់ប្រទេស​ប្រជាធិបតេយ្យ​មួយ ដែល​ចង់​ការពារ​ខ្លួន​ពីក្រុមភេរវនិយម។

នៅក្រោម​ហេតុផល ប្រយុទ្ធប្រឆាំង ក្រុមភេរវនិយម ដែល​វាយប្រហារ​មក​លើ​ទឹកដី​អ៊ីស្រាអែល រដ្ឋាភិបាល​ជ្វីហ្វ​បាន​បើក​ប្រតិបត្តិការ​យោធា ទៅលើ​​តំបន់​ហ្កាហ្សា ប៉ាឡេស្ទីន ឬ បាញ់សម្លាប់ បាតុករ​ប៉ាឡេស្ទីន ដែល​ធ្វើការបះបោរ​ប្រឆាំង​សំណង់អាណានិគមកិច្ច អ៊ីស្រាអែល ដែល​ជាផ្នែកមួយ​នៃ នយោបាយ​ឈ្លានពាន​យកទឹកដី​ប៉ាឡេស្ទីន ពីសំណាក់អ៊ីស្រាអែល។

ភាគី​ប៉ាឡេស្ទីន បាន​ស្វាគម​អបអរ​ការសម្រេច​របស់​តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ដែល​ប៉ាឡេស្ទីន​ចាត់ទុក​ជាជ័យជំនះមួយសម្រាប់​យុត្តិធម៌​មនុស្សជាតិ សម្រាប់​សេរីភាព សមភាព ​និង​យុត្តិធម៌ សម្រាប់​ជនរងគ្រោះ​ប៉ាឡេស្ទីន។ សម្រាប់​នាយករដ្ឋមន្រ្តី ប៉ាឡេស្ទីន លោក Mahammed Shtayyeh ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ជា​”សារ​មួយ ទៅកាន់​ឧក្រិដ្ឋជន​ថា នឹងគ្មានទេ និទណ្ឌភាព​សម្រាប់ពួកគេ”៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI