អេមីរ៉ាតអារ៉ាប់រួម-ភពអង្គារ

យាន​របស់​អេ​មី​រ៉ាត​អារ៉ាប់​រួម​បាន​ចូល​ទៅ​ក្នុង​គន្លង​តារា​វិថី​ភព​អង្គារ​ដោយ​ជោគ​ជ័យ

​អេមីរ៉ាតអារ៉ាប់រួម​បានក្លាយ​ជា​ប្រទេស​អារ៉ាប់​ដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្រ្តដែល​អាច​បញ្ជូន​យាន​ទៅ​ក្នុង​គន្លងតារាវិថី​ភពអង្គារ​ដោយ​ជោគជ័យនៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ ២០២១។
​អេមីរ៉ាតអារ៉ាប់រួម​បានក្លាយ​ជា​ប្រទេស​អារ៉ាប់​ដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្រ្តដែល​អាច​បញ្ជូន​យាន​ទៅ​ក្នុង​គន្លងតារាវិថី​ភពអង្គារ​ដោយ​ជោគជ័យនៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ ២០២១។ REUTERS - AHMED JADALLAH

អេមីរ៉ាតអារ៉ាប់រួម​ បាន​ក្លាយ​ជា​ប្រទេស​អារ៉ាប់​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​អាច​បញ្ជូន​យាន​ទៅក្នុង​គន្លង​តារាវិថី​នៃ​ភពអង្គារ​បាន​ដោយ​ជោគជ័យ។​ បេសកកម្ម​រុករក​ទៅកាន់​ភព​​អង្គារនេះ​ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ អេមីរ៉ាត​អារ៉ាប់រួម​ កំពុង​ឈាន​ជើង​ចូល​ក្នុង​ការ​ប្រណាំង​ប្រជែង​ខាង​ផ្នែក​អវកាស ​ជាមួយ​ប្រទេស​មហា​អំណាច​ដទៃ​ទៀត​ដូចជា​សហរដ្ឋអាមេរិក រុស្ស៊ី និងអឺរ៉ុបជាដើម។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​ភព​ផែនដី​រយៈពេល​ ៧ ខែ​រួច​មក​ នៅទីបំផុតទៅ​យាន​ដែល​មាន​ឈ្មោះ​ថា​ “ក្ដីសង្ឃឹម​” របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្នុង​គន្លង​តារា​វិធី​របស់​ភពអង្គារ​ហើយ​នៅ​វេលា​ម៉ោង​ ៧ :៤៥ នាទី​យប់ ​ម៉ោងនៅក្នុង​ស្រុក​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ​ម្សិលមិញ​។

ដោយធ្វើដំណើរទៅកាន់​ភព​អង្គារ​ក្នុង​ល្បឿនលឿន​ជាង​ ១២ ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយរយៈពេល​ម៉ោង​ ម៉ាស៊ីន​បន្ថយ​ល្បឿន​របស់​យាន​ក្តីសង្ឃឹម​ត្រូវ​បាន​បញ្ឆេះ​រយៈពេល​ ២៧ នាទី​ ដើម្បី​ពន្យឺត​ល្បឿន​របស់​យាន​ឲ្យ​ចុះ​មក​ត្រឹម ១ម៉ឺន ៨ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងវិញ​។

នៅចុងបញ្ចប់​ បេសកកម្ម​ទៅកាន់​ភពអង្គារ​របស់​អេមីរ៉ាត​អារ៉ាប់រួម​ទទួល​បាន​ជោគជ័យ​គួរជាទីមោទនៈ​ ហើយ​អេមីរ៉ាត​អារ៉ាប់រួមក៏បានជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រថា​ជា​ប្រទេស​ទី៥ នៅលើពិភពលោកដែល​បាន​បោះ​​ជំហាន​ឡើងទៅ​ដល់​ភពអង្គារ​។

ដើម្បី​អបអរ​សាទរ​ចំពោះ​ជោគជ័យថ្មី​ដ៏​ត្រចះត្រចង់​នេះ​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ អាជ្ញាធរ​អេមីរ៉ាតអារ៉ាប់រួម​ បាន​បោះត្រា​លើ​លិខិតឆ្លង​ដែន​របស់​ក្រុម​អ្នក​ទេសចរ​ដែល​បាន​ទៅដល់​ប្រទេស​ខ្លួន​។ ត្រានោះមានខ្លឹមសារថា​ “លោកអ្នក​បាន​មក​ដល់​អារ៉ាប់រួម​ហើយ​”។ “អេមីរ៉ាត​អារ៉ាប់រួម​កំពុង​ធ្វើដំណើរ​ទៅដល់​ភព​អង្គារ​នៅថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ ២០២១​នេះ”។

ជោគជ័យ​នៃ​បេសកកម្ម​របស់​យាន​ក្តីសង្ឃឹម​បាន​កើតឡើង​នៅ​ចំ​ពេល​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ការ​បង្រួបបង្រួម​អេមីរ៉ាត​អារ៉ាប់រួម​។​ គួរជ្រាបថា​ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​បាញ់​បញ្ជូន​យាន​របស់ខ្លួន​ដែល​មាន​ឈ្មោះថា ​“ក្តីសង្ឃឹម” ទៅ​កាន់​ភពអង្គារ​ពី​ស្ថានីយ​អវកាស​ជប៉ុន​តាណេហ្កាស្ហ៊ីម៉ា​កាលពីថ្ងៃទី២០ កក្កដា​ ឆ្នាំ ២០២០ កន្លងទៅ​។

បេសកកម្ម​ទៅកាន់​ភពអង្គារ​របស់​អេ​មី​រ៉ា​ត​អារ៉ាប់រួម​នាពេលនេះ​ មាន​គោលដៅ​ស្វែងរក​ចម្លើយ​តបទៅនឹងសំណួរ​ថាតើ​ធ្លាប់​មាន​ជីវិតនៅ​ភព​អង្គារទេ​? ក្រុមអ្នក​វិទ្យាសាស្ត្រ​តែងតែ​សង្ស័យ​ថា ​ភព​អង្គារ​ធ្លាប់ជា​ភព​ដែល​មាន​បរិយាកាស​អំណោយ​ផល​ដល់​ការ​ទ្រទ្រង់​ជីវិត​ ព្រោះថា​នៅគ្រាកន្លង​មក ​គេ​បាន​រក​ឃើញ​ស្លាកស្នាម​នៃទឹក​នៅ​លើ​ភព​នេះ។

គួរជ្រាបដែរថា​ រហូតមកទល់នឹងពេលនេះ​ មាន​ប្រទេសមិនច្រើននោះទេ​ដែលបាន​បញ្ជូន​យាន​ទៅរុករក​នៅភពអង្គារ​។ ជាក់ស្តែង ក្រៅពីអេមីរ៉ាត​អារ៉ាប់រួម​មានតែ​សហរដ្ឋអាមេរិក ឥណ្ឌា​ រុស្ស៊ី​ និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ប៉ុណ្ណោះ​ដែល​បញ្ជូន​យាន​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពអង្គារ​បានដោយ​ជោគជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI