អ៊ីរ៉ង់ប្រារព្ធខួប ៤២ឆ្នាំនៃបដិវត្តន៍អ៊ីស្លាម ទោះប្រទេសកំពុងប្រឈមនឹងកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃពុធ ទី១០ កុម្ភៈ មានប្រជាជនអ៊ីរ៉ង់ជាច្រើនពាន់នាក់បានជិះឡាន ម៉ូតូ និងកង់ដង្ហែរក្បួនដើម្បីអបអរសាទរខួបលើកទី៤២ នៃកំណើតបដិវត្តន៍អ៊ីស្លាមកាលពីឆ្នាំ ១៩៧៩។ មានរថយន្ត ម៉ូតូ និងកង់មួយចំនួនត្រូវប្រជាជនលាបពណ៌ក្រហម ស និងបៃតងដែលជាពណ៌ទង់ជាតិអ៊ីរ៉ង់។ ពិធីដង្ហែរក្បួននេះបានសំដៅទៅកាន់ទីលានល្បីល្បាញឈ្មោះអាហ្សាឌីដែលមានដាក់តាំងគ្រាប់មីស៊ីលបាលីស្ទិក និងគ្រឿងបរិក្ខារយោធា Made in Iran។ ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានីបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ដោយអរគុណដល់ប្រជាជនដែលបានស៊ូទ្រាំ និងអត់ធ្មត់ចំពោះទុក្ខវេទនារយៈពេល ៣ឆ្នាំកន្លងទៅដោយសារទណ្ឌកម្មអាមេរិក។
បើធៀបនឹងឆ្នាំមុនៗ អ៊ីរ៉ង់មិនបានរៀបចំពិធីដង្ហែរក្បួនព្យុះហយាត្រា និងការជួបជុំអ្វីទេសម្រាប់ខួបលើកទី៤២ នៃកំណើតបដិវត្តន៍អ៊ីស្លាមឆ្នាំនេះ។ នេះក៏ដោយសារតែប្រទេសកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ ធ្ងន់ធ្ងរ។ គិតត្រឹមថ្ងៃពុធ ទី១០ កុម្ភៈ ជំងឺកូវីដ១៩ បានសម្លាប់មនុស្សជាង ៥៨ ០០០នាក់ និងមានអ្នកឆ្លងជិត ១ ៥០០ ០០០នាក់។ អ៊ីរ៉ង់ដែលមានប្រជាជនជាង ៨០ ០០០ ០០០នាក់ទើបបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងក្នុងថ្ងៃអង្គារ ទី៩ កុម្ភៈ។ ទោះជាយ៉ាងនេះក្តី គ្មានអ្វីអាចរារាំងប្រជាជនមិនឲ្យប្រារព្ធខួបកំណើតបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់បានឡើយ។
នៅក្នុងក្បួនដង្ហែរដោយរថយន្ត ម៉ូតូ និងកង់នៅក្នុងទីក្រុង និងស្រុកធំជាងច្រើន ប្រជាជនខ្លះបានលើករូបថតប្រមុខសាសនាអ៊ីស្លាមលោកអាលី ខាមេណី និងរូបថតឧត្តមសេនីយកាសឹម សូឡីម៉ានីដែលត្រូវបានកងទ័ពអាមេរិកសម្លាប់ក្នុងទឹកដីអ៊ីរ៉ាក់កាលពីខែមករា ឆ្នាំ ២០២០។ ចំណែកអ្នកខ្លះទៀតបានដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែលដែលជាសត្រូវស៊ូពូជរបស់អ៊ីរ៉ង់ ព្រមទាំងសរសេរលើបដាថា « ស្លាប់ទៅអាមេរិក »។ ចំណែកប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានីបានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នាឱកាសនេះដោយថ្លែងអរគុណដល់ប្រជាជនដែលបានស៊ូទ្រាំ និងអត់ធ្មត់ចំពោះទុក្ខវេទនារយៈពេល ៣ឆ្នាំកន្លងទៅដោយសារទណ្ឌកម្មអាមេរិក។
ទណ្ឌកម្មអាមេរិកដែលលោករ៉ូហានីចង់និយាយនេះ គឺទណ្ឌកម្មអាមេរិកដែលលោកដូណាល់ ត្រាំបានដាក់លើអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។ តាមលោករ៉ូហានី សករាជនៃទណ្ឌកម្មអតិបរមាបានចប់ហើយ សករាជនៃសង្រ្គាមសេដ្ឋកិច្ចក៏បានចប់ហើយដែរ ហើយទាំងអស់បានដឹងខ្លួនថា សម្ពាធអតិបរិមាបានទទួលបរាជ័យ។ នៅក្នុងន័យនេះ លោករ៉ូហានីចង់បញ្ជាក់ពីការចប់សករាជរបស់លោកដូណាល់ ត្រាំ និងសង្ឃឹមទទួលបានទំនាក់ទំនងប្រក្រតីឡើងវិញជាមួយអាមេរិកក្នុងជំនាន់លោកចូ បៃដិន។
ពិតណាស់ លោកបៃដិនបានសន្យានាំអាមេរិកចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ឡើងវិញ ប្រសិនបើអ៊ីរ៉ង់ត្រឡប់ទៅគោរពកិច្ចព្រមព្រៀងឲ្យបានពេញលេញ។ ចំណែកអ៊ីរ៉ង់បានដាក់លក្ខខណ្ឌត្រឡប់វិញថា អាមេរិកត្រូវដកទណ្ឌកម្មចេញពីអ៊ីរ៉ង់ជាមុនសិនទើបអ៊ីរ៉ង់ត្រឡប់ទៅគោរពកិច្ចព្រមព្រៀងឲ្យបានពេញលេញ។ ឃើញថា ទំនាក់ទំនងប្រក្រតីឡើងវិញដែលអ៊ីរ៉ង់ចង់មានជាមួយអាមេរិករបស់លោកបៃដិនដូចជាមិនងាយស្រួលប៉ុន្មានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ