នុយក្លេអ៊ែរអ៊ីរ៉ង់

ប្រមុខការទូតបារាំង ​អាល្លឺម៉ង់​ អង់គ្លេស​ អាេមរិក នឹង​​ជជែកគ្នា​​ពី​រឿង​កិច្ច​​ព្រមព្រៀង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់

លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas (ស្តាំ) និងលោក​រដ្ឋមន្ត្រីការបរទេស​បារាំង Jean-Yves Le Drian ក្នុងពេលធ្វើសន្និសីទកាសែត នៅក្រុងប៊ែរឡាំង ថ្ងៃទី ១៩ មិថុនា ២០២០
លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas (ស្តាំ) និងលោក​រដ្ឋមន្ត្រីការបរទេស​បារាំង Jean-Yves Le Drian ក្នុងពេលធ្វើសន្និសីទកាសែត នៅក្រុងប៊ែរឡាំង ថ្ងៃទី ១៩ មិថុនា ២០២០ AP - Bernd von Jutrczenka

រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និង​ជួប​ប្រជុំ​​ជាមួយ​លោក​ អង់តូនី ប្ល៊ីងកិន រដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ទី​១៨កុម្ភៈ ដើម្បី​និយាយគ្នាអំពី​ការ​ផ្តល់ជីវិតថ្មី​ ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ចំណែក​អគ្គនាយក​នៃ​ទីភ្នាក់ងារថាមពលនុយ​ក្លេអ៊ែរអន្តរជាតិវិញ នឹងទៅដល់​ក្រុងតេអេរ៉ង់ នៅថ្ងៃ​សៅរ៍ចុងសប្តាហ៍នេះ។

ផ្សាយពាណិជ្ជកម្ម

តើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចនឹងមាន​សង្ឃឹមថាអាចមានជីវិត​រស់ឡើងវិញទេ ជាមួយ​នឹងការមកដល់​ របស់​លោករដ្ឋបាលអាមេរិកថ្មី ដឹកនាំដោយ​លោក​ចូ បៃដិន?

ប្រមុខការទូតប្រទេសអឺរ៉ុប បារាំង អង់គ្លេស និង​អាល្លឺម៉ង់ កំពុងខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំង ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនេះ តាមរយៈការរៀបចំឲ្យ​មានការសន្ទនាគ្នា ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិក។ យោងតាម​អ្នកនាំពាក្យ​ក្រសួងការបរទេសបារាំង លោក Jean-Yves Le Drian រដ្ឋមន្ត្រី​ការបរទេសបារាំង នឹងអញ្ជើញ លោក Heiko Maas រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ ​និងលោក​ Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស ឲ្យ​មកប្រជុំនៅ​ប៉ារីស នៅថ្ងៃព្រហស្បតិ៍ទី​១៨​កុម្ភៈ។ ចំណែកលោក អង់តូនី ប្ល៊ីងកិន ប្រមុខការបរទេសអាេមរិក នឹងចូលរួម​កិច្ចប្រជុំនេះ ពីចំងាយ​តាមប្រព័ន្ធវីដេអូខុសហ្វឺរិនស៍។

​ដោយឡែក កាលពីថ្ងៃអង្គារ​ដើមសប្តាហ៍នេះ ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA  បានអះអាងថា អ៊ីរ៉ង់មានចេតនា ហាមឃាត់​ការចុះទៅត្រួតពិនិត្យ​ នៅទីតាំងថាមពលនុយក្លេអ៊ែរមួយចំនួន ចាប់ពីថ្ងៃទី​២៣កុម្ភៈទៅ។ ក្រោយដំណឹងនេះ លោក Rafael Grossi ប្រធាន AIEA បានស្នើសុំទៅភាគីអ៊ីរ៉ង់ ថាលោកនឹងទៅដល់ក្រុង​តេអេរ៉ង់ នៅថ្ងៃសៅរ៍ ទី២០កុម្ភៈ ដើម្បី​ពិក្សាគ្នាអំពីបញ្ហាទាំងនេះ។ លោក ហាសាន រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់ បានឆ្លើយតបវិញថា អ៊ីរ៉ង់សូមស្វាគមន៍ ហើយ​ត្រៀមខ្លួន​ចរចា ជាមួយ​លោក​ប្រធាន​ AIEA ជានិច្ច។

គួរបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់​លោកចូ បៃដិន បាន​បង្ហាញជំហរថា ចង់ត្រលប់មកចូលរួម​ក្នុងកិច្ចព្រមព្រៀងនុយ​ក្លេអ៊ែរអ៊ីរ៉ង់វិញ ក៏ប៉ុន្តែ តោងត្រូវអ៊ីរ៉ង់ គោរពលក្ខខណ្ឌទាំងអស់ឡើងវិញ ដែលមានចែង​ក្នុង​កិច្ចព្រមព្រៀងនេះ។ ក៏ប៉ុន្តែ ភាគីអ៊ីរ៉ង់ បានឆ្លើយ​តបថា អ៊ីរ៉ង់ធ្លាប់​បានគោរព​លក្ខខណ្ឌទាំងអស់ តែផ្ទុយទៅវិញ អាមេរិកទេដែលមិនគោរព ហើយ​បានដកខ្លួនចេញពីកិច្ចព្រមព្រៀង និង​បាន​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។ ដូច្នេះ បើចង់ឲ្យ​អ៊ីរ៉ង់ត្រលប់មកគោរពកិច្ចព្រមព្រៀងនេះវិញ គឺអាមេរិក ត្រូវតែលុបទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់មកល់អ៊ីរ៉ង់ទាំងអស់ ជាមុនសិន។ បន្ថែមពីនេះទៀត អ៊ីរ៉ង់ បានបដិសេធ មិនពង្រីកវិសាលភាព នៃខ្លឹមសារកិច្ចព្រមព្រៀងដើម ឲ្យ​ក្តោបទាំង​សំណុំរឿងមីស៊ីលបាលីស្ទីក ដូចអ្វីដែល​រដ្ឋាភិបាល​អាមេរិក ចង់បាននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI