អ៊ីរ៉ង់-នុយក្លេអ៊ែរ

នុយក្លេអ៊ែរអ៊ីរ៉ង់៖សហរដ្ឋអាមេរិកបន្ទន់ជំហរដាក់អ៊ីរ៉ង់ តែអ៊ីរ៉ង់បន្តពើងទ្រូង

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif via REUTERS - RUSSIAN FOREIGN MINISTRY

នៅ​ថ្ងៃ​សុក្រ ទី១៩ កុម្ភៈ អ៊ីរ៉ង់​បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី​លោក​ចូ បៃដិន​លើក​ទ័ណ្ឌកម្ម​ទាំង​អស់​ចេញ​ពី​អ៊ីរ៉ង់។ ទណ្ឌកម្ម​ដែល​អ៊ីរ៉ង់​ចង់​និយាយ​នេះ គឺ​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​បារាំង អាល្លឺម៉ង់ អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ត្រឡប់​ទៅ​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ ទន្ទឹម​គ្នា​នេះ រដ្ឋបាល​អាមេរិក​ក៏​បាន​បោះដៃ​រក​អ៊ីរ៉ង់​ដោយ​ត្រៀម​ផ្តើម​កិច្ចសន្ទនា​ឡើង​វិញ និង​បាន​ធ្វើ​សម្បទាន​មួយ​ចំនួន​ឲ្យ​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្រោយ​កិច្ចប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រមុខការទូត​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ដែល​សហរដ្ឋអាមេរិក​បាន​យល់ព្រម​តាម​ការ​អញ្ជើញ​របស់​សហភាពអឺរ៉ុប​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៥។ កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ភាគី​អ៊ីរ៉ង់​ចាប់​ផ្តើម​មិន​គោរព​បន្តិច​ម្តងៗ​តាំង​ពី​ក្រោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ក្នុង​ឆ្នាំ ២០១៨។ ក្តីបារម្ភ​មាន​កាន់​តែ​ខ្លាំង ព្រោះ​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ ​២០២១ នេះ អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​នៅ​ក្នុង​អត្រា​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​តាំង​ពី​ឆ្នាំ ២០១៥។

បន្ទាប់​មក​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី២១ កុម្ភៈ​ទៅ អ៊ីរ៉ង់​គ្រោង​នឹង​រឹតបន្តឹង​លើ​បេសកកម្ម​របស់​ក្រុម​អធិការ​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​នៅ​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​ចំនួន​របស់​ខ្លួន។ កម្មវត្ថុ​របស់​ទីក្រុង​តេហេរ៉ង់​នៃ​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ គឺ​ដាក់​គំនាប​លើ​រដ្ឋបាល​អាមេរិក​ដើម្បី​ឲ្យ​លោក​ចូ បៃដិន​លើក​ទណ្ឌកម្ម​ទាំង​អស់​ចេញ​ពី​អ៊ីរ៉ង់​ដែល​ដាក់​ដោយ​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ។ ខុស​ពី​លោក​ត្រាំ លោក​បៃដិន​បាន​សន្យា​នាំ​សហរដ្ឋអាមេរិក​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឡើង​វិញ។ តែ​លោក​បៃដិន​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​អ៊ីរ៉ង់​គោរព​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​ឡើង​វិញ​សិន ទើប​លោក​ដក​ទណ្ឌកម្ម​ចេញ​វិញ។ តែ​អ៊ីរ៉ង់​ក៏​បាន​ដាក់​លក្ខខណ្ឌ​ដូច​គ្នា​នេះ​បញ្ច្រាស់​វិញ​ដែរ។

នៅ​ទីបំផុត ទីក្រុង​វ៉ាស៊ីនតោន​បាន​បោះដៃ​រក​អ៊ីរ៉ង់​មុន​ដោយ​យល់ព្រម​ធ្វើ​សម្បទាន​ចំនួន ៣ ទី១ យល់ព្រម​ត្រឡប់​ទៅ​ចរចា​ជាមួយ​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ដោយ​មាន​វត្តមាន​អ៊ីរ៉ង់ ទី២ បន្ធូរបន្ធយ​ការ​រឹតបន្តឹង​លើ​ការ​ដើរហើរ​របស់​ក្រុមមន្រ្តីការទូត​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​សម្រាប់​បេសកកម្ម​នៃ​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ និង​ទី៣ រក្សា​ទុក​ដដែល​លើ​ការ​លើកទណ្ឌកម្ម​អន្តរជាតិ​ពី​អ៊ីរ៉ង់​នៅ​ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ នៅ​ក្នុង​ជំនាន់​លោកត្រាំ ការ​លើកទណ្ឌកម្ម​អន្តរជាតិ​នេះ​ត្រូវ​បាន​លោក​ត្រាំ​លុប​ចោល​វិញ។

តែ​អ៊ីរ៉ង់​យល់​ថា សម្បទាន​ទាំង ៣ នេះ​របស់​អាមេរិក​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​អ្វី​ដែល​អ៊ីរ៉ង់​ចង់​បាន​ពិតប្រាកដ គឺ​ចង់​ឲ្យ​លោក​បៃដិន​លើក​ទណ្ឌកម្ម​អាមេរិក​ដែល​លោក​ត្រាំ​បាន​ដាក់​លើ​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ីរ៉ង់​ដើម្បី​ស្វែង​រក​ការ​សម្របសម្រួល​មួយ​ដែល​អាមេរិក និង​អ៊ីរ៉ង់​អាច​ទទួល​បាន​ទាំង​អស់​គ្នា៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI