ស៊ីរី-យុត្តិធម៌-អាល្លឺម៉ង់

តុលាការអាល្លឺម៉ង់ ​កាត់ទោស​​សមាជិក​​នៃ​របប​​ស៊ីរី​​​​ជា​​លើក​​ដំបូង​ ពីបទ​​ឧក្រិដ្ឋកម្ម​​​ប្រឆាំង​មនុស្ស​ជាតិ

ជនជា​ប់ចោទស៊ីរី Eyad Al-Gharib យកក្រដាសបាំងមុខ នៅក្នុងអង្គសវនាកា នៅតុលាការក្រុង Coblence ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២៤ កុម្ភៈ ២០២១
ជនជា​ប់ចោទស៊ីរី Eyad Al-Gharib យកក្រដាសបាំងមុខ នៅក្នុងអង្គសវនាកា នៅតុលាការក្រុង Coblence ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២៤ កុម្ភៈ ២០២១ AP - Thomas Lohnes

កាលពីថ្ងៃពុធ ទី​២៤កុម្ភៈ តុលាការអាល្លឺម៉ង់មួយ បានចេញសាលក្រម ដោយ​បានប្រកាសទទួលស្គាល់ ថាសមាជិកម្នាក់ នៃក្រុម​ស៊ើបការណ៍សំងាត់ របស់របបផ្តាច់ការស៊ីរី បានចូលរួមក្នុងសកម្មភាព​​ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ធ្វើទៅលើ​ប្រជាជនស៊ីរី។ នេះគឺជា​សាលក្រម​លើកដំបូង​បង្អស់ ដែល​តុលាការប្រទេសមួយ​ បានសម្រេច​វិនិច្ឆ័យទៅលើអំពើឧក្រិដ្ឋ បង្កឡើងដោយ​របបផ្តាច់ការ បាស្ឆា អាល់អាសាដ។ សាលក្រមនេះ នឹងផ្តល់ក្តីសង្ឃឹមដល់ជនរងគ្រោះស៊ីរីផ្សេងទៀត ក្នុងការតស៊ូ​ទាមទារ​យុត្តិធម៌។

ផ្សាយពាណិជ្ជកម្ម

តុលាការជាន់ខ្ពស់ នៅទីក្រុង Coblence ភាគខាងលិចប្រទេសអាល្លឺម៉ង់ បានទទួលស្គាល់ថា ជនជាប់ចោទ ឈ្មោះ Eyad al-Gharib អាយុ​៤៤ឆ្នាំ ពិតជា​បាន​ចូលរួមក្នុងសកម្មភាព​ ចាប់មនុស្សដាក់ឃុំក្រៅប្រព័ន្ធច្បាប់ នៅរវាងខែកញ្ញា និងខែតុលា ឆ្នាំ​២០១១ នៅប្រទេសស៊ីរី។ ជនជាប់ចោទ​ គឺជាអតីត​មន្ត្រី​តូចតាចម្នាក់ នៃ​ក្រុមស៊ើបការណ៍សំងាត់ស៊ីរី មុននឹងបានរត់គេចចេញពី​ស៊ីរី នៅឆ្នាំ​២០១២ មកសុំសិទ្ធិជ្រកកោនក្នុងប្រទេសអាល្លឺម៉ង់។ អ្នកទោសដែលជាបាតុករបះបោរស៊ីរី ចំនួន​ប្រមាណ​៣០នាក់ ដែលជនជាប់ចោទបាន​ចូលរួមចាប់ ត្រូវបាន​ក្រុមស៊ើបការណ៍សំងាត់​ស៊ីរី បញ្ជូនយកទៅឃុំ នៅ​គុក Al-Khatib ឬ ហៅថាគុក251 ដើម្បីធ្វើទារុណកម្ម។

លោកស្រី Anne Kerber ចៅក្រមប្រធានតុលាការអាល្លឺម៉ង់នេះ បាន​លើកឡើងថា នេះគឺជាលើកទី​១ហើយក្នុង​ពិភពលោក ដែល​តុលាការ​មួយ​ កាត់ទោស​សមាជិក​នៃរបបផ្តាច់ការស៊ីរី បើទោះបីសមាជិកនោះ មិនមានមុខដំណែងធំដុំក៏ដោយ។ បទចោទប្រកាន់ គឺអំពើ បង្រ្កាប កៀបសង្កត់ ជាលក្ខណៈប្រព័ន្ធ ធ្វើទៅលើ​ក្រុមបាតុករដែលទាមទារលទ្ធិប្រជាធិបតេយ្យនៅស៊ីរី កាលពីខែ​មីនា​ ឆ្នាំ​២០១១។

លោក Wassim Mukdad ជនរងគ្រោះ​ ដោយ​ការធ្វើទារុណកម្មនៅមន្ទីរឃុំឃាំង Al-Khatib បានលើកឡើងថា សាលក្រមរបស់តុលាការអាល្លឺម៉ង់នេះ គឺ​ជា​ការបើកទ្វារនាំក្តីសង្ឃឹម ជូនជនរងគ្រោះស៊ីរីទាំងអស់។ លោក Patrick Kroker មេធាវីតំណាង​ភាគីរដ្ឋប្បវេណី បាន​បន្ថែមថា អ្វីដែល​សំខាន់ គឺឈ្មោះ បាស្ហា អាល់អាសាដ ត្រូវបានចៅក្រម​ ហៅរំលឹក នៅក្នុង​សាលក្រម ចំនួន​៥ដង។ ចំណែក លោក Jasper Klinge រដ្ឋអាជ្ញាអាល្លឺម៉ង់ ដែលផ្តួចផ្តើមបទចោទប្រកាន់នេះ បាន​អះអាងថា សាលក្រមនេះ គឺជាសញ្ញាប្រាប់ទៅ ជនឧក្រិដ្ឋនៅស៊ីរីទាំងអស់​។  តុលាការអាល្លឺម៉ង់ នឹងបើកសវនាកាមួយទៀត សម្រេចទោសជនជាប់ចោទទី២ ឈ្មោះ Anwar Raslan អាយុ៥៨ឆ្នាំ អតីតមន្ត្រី​​មាន​​អំណាចម្នាក់ ក្នុង​របបផ្តាច់ការស៊ីរី ពីបទសម្លាប់​មនុស្ស​៥៨នាក់ និងធ្វើទារុណកម្ម​អ្នកទោស​ប្រមាណ​៤ពាន់នាក់។

សូមបញ្ជាក់ថា ដោយ​ពុំមានទាន់មានយន្តការ​កាត់ទោស នៅ​ក្នុងក្របខណ្ឌ​ប្រព័ន្ធ​​យុត្តិធម៌អន្តរជាតិ ប្រជាជនស៊ីរី ដែលបានរត់ភៀសខ្លូនទៅអឺរ៉ុប បានដាក់​ពាក្យ​ប្តឹង​នៅចំពោះមុខតុលាការ តាមប្រទេសមួយចំនួន​ ដូចជានៅអាល្លឺម៉ង់ ស៊ុយអែដ និង​នៅបារាំងជាដើម ដើម្បីកាត់ទោស​​ឧក្រិដ្ឋកម្មសង្រ្គាម ​បង្ក​ឡើងដោយ​របបផ្តាច់ការស៊ីរី។ ពាក្យ​បណ្តឹងរៀបនេះ អាចធ្វើទៅបាន​ ដោយផ្អែកលើគោលការណ៍​សកល ដែល​តុលាការមួយ​ អាចមានអំណាចយុត្តាធិការ បើកការជំនំជំរះ លើ​សំណុំរឿងធ្ងន់ធ្ងរ ទោះអង្គហេតុកើតឡើងនៅ​ប្រទេសផ្សេង ហើយទោះ​ដើមចោទ និង​​ជន​ជាប់ចោទមិន​មែនជា​ប្រជាជន​ខ្លួន​​ក៏​ដោយ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI