អាហ្វហ្កានីស្ថាន-តាលីបង់

ប្រេសិត​តំណាង​អាេមរិក ជួប​ក្រុម​តាលីបង់​នៅដូហា ដើម្បី​និយាយ​ពី​​ផែនការ​​ចរចា​សន្តិភាព

លោក Zalmay Khalilzad (ឆ្វេង) និង លោក Abdul Ghani Baradar តំណាងក្រុមតាលីបង់ ពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅ​ដូហា ថ្ងៃទី ២៩ កុម្ភៈ ២០២០។
លោក Zalmay Khalilzad (ឆ្វេង) និង លោក Abdul Ghani Baradar តំណាងក្រុមតាលីបង់ ពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅ​ដូហា ថ្ងៃទី ២៩ កុម្ភៈ ២០២០។ AP - Hussein Sayed

ប្រេសិតតំណាងរដ្ឋាភិបាល​អាមេរិក ក្នុងសំណុំរឿងអាហ្វហ្កានីស្ថាន បាន​ទៅជួប​​ប្រជុំជាមួយ​ក្រុមតាលីបង់ នៅក្រុង​ដូហា ដើម្បី​និយាយពីផែនការចរចាសន្តិភាព រវាងក្រុមតាលីបង់ និងរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​។​ នេះបើផ្អែកតាមការ​ឲ្យ​ដឹង ពីអ្នកនាំពាក្យ​របស់​ក្រុមតាលីបង់ កាលពីថ្ងៃសៅរ៍ទី ៦មីនា ម្សិលមិញ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អំពើវាយប្រហារភេរវកម្ម កើតមានសឹងមិនលោះថ្ងៃ នៅអាហ្វហ្កានីស្ថាន ខណៈដែល​​ការចរចាសន្តិភាព​វិញ​​ ស្ថិតនៅគាំងមិនទៅមុខ ហើយជាងនេះទៀត តាមការគ្រោងទុក អាេមរិកនឹងត្រូវដកទ័ព​ចេញ​ នៅដើមខែឧសភាខាងមុខនេះហើយ។

ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រុមតាលីបង់ បានសរសេរលើ Twitter ថា លោក Zalmay Khalilzad ប្រសិតតំណាងសហរដ្ឋអាេមរិក បានទៅជួបជាមួយ​តំណាងក្រុមតាលីបង់ នៅឯក្រុងដូហា កាលពីថ្ងៃសុក្រទី​៥មីនា។ ប្រភពដដែលអះអាងថា ភាគីទាំង២ បាន​ប្រកាសគោលជំហរជាថ្មី ស្តីពីការ​សន្យាគោរព​កិច្ចព្រមព្រៀងដូហា ឆ្នាំ​២០២០ ហើយ​ថានឹង​ប្រឹងប្រែង ធ្វើឲ្យ​កិច្ចព្រមព្រៀងនេះ ចូលជាធរមាន​ពេញ​លេញ។​ ភាគីទាំង២ ក៏បាននិយាយគ្នាផងដែរ ដើម្បីរកវិធី ធ្វើយ៉ាងណា ឲ្យ​ការចរចា​សន្តិភាព​រវាង ភាគីអាហ្វហ្កានីស្ថានទាំង២ គឺរដ្ឋាភិបាល និង​ក្រុមតាលីបង់ អាចមានសន្ទុះទៅមុខលឿន។

គួរកត់សំគាល់នេះ នេះគឺការជួប​ប្រជុំគ្នាលើកទី​១ រវាងលោក Zalmay Khalilzad​ ប្រេសិទតំណាងសហរដ្ឋអាមេរិក ជាមួយ​នឹងក្រុមតាលីបង់ បន្ទាប់ពី​លោក ត្រូវបាន​រដ្ឋបាលថ្មីរបស់​លោកចូ បៃដិន តែងតាំងឲ្យ​បន្ត​មុខនាទីនេះ។ យ៉ាងណាមិញ គឺលោក​ Zalmay Khalilzad នេះហើយ ដែលត្រូវបាន​លោកដូណាល់ ត្រាំ តែងតាំង ឲ្យចាត់ចែងការចរចាជាមួយ​ក្រុមតាលីបង់ ហើយ​សម្រេចបានកិច្ចព្រមព្រៀងមួយ​ កាលពីខែ​កុម្ភៈឆ្នាំ​២០២០ នៅទីក្រុងដូហា។

យោងតាមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក នឹងដកទ័ព​ចេញពីអាហ្វហ្កានីស្ថាន នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២១នេះ។ ជាថ្នូរវិញ ក្រុមតាលីបង់ ត្រូវធានាសន្តិសុខ ផ្តាច់ទំនាក់ទំនងជាមួយ​ក្រុមភេរវកម្មដូចជាក្រុមអាល់កៃដាជាដើម ហើយ​ត្រូវចរចាសន្តិភាព ជាមួយ​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។

ក៏ប៉ុន្តែ ប្រមាណជិត​មួយ​ឆ្នាំមកនេះ ការចរចាសន្តិភាព រវាង​ភាគីអាហ្វហ្កានីស្ថានទាំង២ នៅជាប់គាំងមិនទៅមុខទាល់តែសោះ។ ជាងនេះទៀត អំពើហិង្សា ការវាយប្រហារភេរវកម្ម បានកើតឡើងសឹងតែជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ប្រការនេះ បានធ្វើ​ឲ្យ​មានការព្រួយ​បារម្ភថា បញ្ហានឹងកាន់តែចលាចល ប្រសិនបើ​សហរដ្ឋអាមេរិក ដកទ័ពចេញនៅដើមខែ​ឧសភាមែននោះ។ សហរដ្ឋអាមេរិក បានចាត់ទុក ក្រុមតាលីបង់ ជាអ្នកទទួលខុសត្រូវ​លើអំពើហិង្សាទាំងនេះ បើទោះបីជាក្រុមនេះបានអះអាងថា មិនមែនក្រុមខ្លួនទេ គឺក្រុម​ភេរវកម្មអ៊ីស្លាមជ្រុលនិយមផ្សេងទៀត ដូចជាក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមជាដើម។

គួររំលឹកថា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក Zalmay Khalilzad ក៏បានទៅក្រុងកាប៊ូល ជួបលោក ប្រធានធិបតី​ Ashraf Ghani និងលោក Abdullah Abdullah ប្រធាន​ក្រុមប្រឹក្សាជាន់ខ្ពស់​ផ្សះផ្សារជាតិ ដើម្បីនិយាយ​អំពីយន្តការ ជំរុញឲ្យ​ការចរចាសន្តិភាព​ជាមួយ​ក្រុមតាលីបង់ ឆាបទៅមុខនិងបានជោគជ័យ។ ដោយយោងលើ​ស្ថានភាព​ នៅអាហ្វហ្កានីស្ថានបច្ចុប្បន្ន រដ្ឋបាលរបស់​លោកចូ បៃដិន បានអះអាងថា កំពុងតែពិនិត្យអំពី​លទ្ធភាព ថាតើគួរដកទ័ពចេញ នៅខែឧសភាឬយ៉ាងណា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI