អ៊ីស្រាអែល-កូវីដ

កូវីដ១៩ ៖ អ៊ីស្រាអែល ចាប់បើកប្រទេស​និង​រស់​ជា​ធម្មតា​ឡើង​វិញ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល អង្គុយនៅ​ហាងកាហ្វេ ជានិម្មិតរូប​នៃ​ការ​បើក​ប្រទេស​ឡើង​វិញ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល អង្គុយនៅ​ហាងកាហ្វេ ជានិម្មិតរូប​នៃ​ការ​បើក​ប្រទេស​ឡើង​វិញ REUTERS - RONEN ZVULUN

ទៅ​អង្គុយ​នៅ​តៀមកាហ្វេ ឡើង​ហាង​ចូល​ញ៉ាំ​បាយ​នៅ​ក្នុង​ភោជនីយដ្ឋាន សិស្សានុសិស្សកាន់​កាតាប​ទៅ​សាសាលារៀនវិញ  ... ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី ៧ មីនា ២០២១​នេះទៅ អ៊ីស្រាអែល​ ចាប់​មាន​សកម្មភាព​ស្ទើរដូច​ធម្មតា ​ដូច​​មុន​មាន​រោគរាតត្បាត​កូវីដវិញហើយ។ អ៊ីស្រាអែល​ចាប់​អនុវត្ត​វិធានការ​ថ្មី បើក​ប្រទេស​ឡើង​វិញ​ ដោយ​សន្សឹមៗ និង​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត។

ផ្សាយពាណិជ្ជកម្ម

​ដោយ​មាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​បាន​​​លឿន​ជាងគេ មាន​ប្រជាពលរដ្ឋ​អ៊ីស្រាអែល​ជិត​ពាក់​កណ្តាល​ (៤០%) បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ របស់​ក្រុមហ៊ុន​Pfizer/BioNtech ចំនួន​ពីរ​ដូស​រួចហើយ អ៊ីស្រាអែល​បាន​សម្រេច នៅល្ងាច​ថ្ងៃ​សៅរ៍​ ​បើក​ប្រទេស​ឡើង​វិញ​ ចាប់ពី​ថ្ងៃអាទិត្យ​ទី ៧​មីនា​តទៅ។

អ្វីៗ​ត្រូវ​បើកទ្វារ​ឡើង​មាន​ដំណើរ​ការឡើង​វិញ ! សិស្សានុសិស្ស​នៅអនុវិទ្យាល័យ​នៅ​តំបន់​មាន​ការ​រាតត្បាត​តិច​តួចត្រូវ​ត្រលប់​ទៅ​ចូលរៀន​នៅ​សាលា​វិញ។ នៅកន្លែងប្រារព្ធ​សាសនា ៖ វិហារ​អាច​ទទួល​សាសនិកជន​ដល់​៥០​នាក់​នៅ​ផ្នែកខាងក្រៅ និង​២០​នាក់​នៅ​ខាង​ក្នុង​។ អ្នក​មាន​បណ្ណ​ចាប់​ថ្នាំ​បង្ការ​រួច​ អាច​ទៅ​អង្គុយ​លំហែ ញ៉ាំ​កាហ្វេ ចូល​អាហារដ្ឋាន​ ព្រោះ​សណ្ឋាគារ ភោជនីដ្ឋាន​ តៀមកាហ្វេ អាច​បើ​ក​វិញ ដោយ​ត្រូវ​ទទួល​ភ្ញៀវ​យ៉ាង​ច្រើន​បំផុត​ពាក់កណ្តាល​ចំណុះ​ និង​យ៉ាង​ច្រើន​បំផុត​៣០០នាក់។ ព្រឹត្តិការណ៍​កីឡា ​វប្បធម៌ ឬការជួប​ប្រជុំ​ផ្សេងៗ ក៏​ចាប់​មាន​ដំណើរ​ការ​ឡើងវិញ​ដែរ​ ប៉ុន្តែ​ក្នុង​បរិមាណ​កំណត់​យ៉ាង​ច្រើន ៥០០នាក់ និង​អាច​ដល់​៧៥០​នាក់ បើ​កម្មវិធី​ធ្វើ​នៅ​ទីវាល និង​ដោយ​អ្នក​ចូល​មាន​កាន់​បណ្ណ​ចាក់​ថ្នាំបង្ការ​រួច។

អាក់​ខាន​លែង​មាន​សកម្មភាព​តាំង​ពី ចុង​ខែ​មករា​២០២១​មក អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ីស្រាអែល​នឹង​មាន​ទទួល​ជើង​ហោះហើរ​ឡើង​វិញ ទទួល​អ្នក​ដំណើរ​មកពី​New York, Francfort, Paris, Londres, Kiev, Toronto និងHong Kong យ៉ាង​ច្រើន ១ពាន់​ក្នុង​មួយ​ថ្ងៃ និង​ឡើង​ដល់​៣ពាន់នាក់ក្នុង​មួយ​ថ្ងៃ ចាប់​ពីពាក់កណ្តាល​សប្តាហ៍​ក្រោយ​ទៅ។

​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ ! ​ អ៊ីស្រាអែលអាច​ធ្វើ​សកម្មភាព និង​មាន​ជីវិត​រស់​នៅ​ជា​​ធម្មតា សម្រាប់​អ្នកមាន​បណ្ណ​ចាក់​ថ្នាំ​បង្ការ​។ នេះ​ជា​ប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ៧​មីនា ពី​ហាង​កាហ្វេមួយ​កណ្តាល​ទីក្រុង​ហ្សេរុយសាឡិម។ មុន​នេះ​មួយ​ថ្ងៃ​ អ៊ីស្រាអែល​បិទ​ប្រទេស​ឈឹង សូម្បី​តែទិញ​កាហ្វេ​មួយ​ពែងក៏​ត្រូវ​វេញ​មកញ៉ាំ​នៅ​ផ្ទះ​ដែរ។

បិទ​ប្រទេស​ជា​លើ​កទី​បី តាំង​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​មក អ៊ីស្រាអែលបាន​​សម្រុក​​ចាក់​ថ្នាំ​បង្ការតាំង​ពី​ថ្ងៃទី ១៩កុម្ភៈ​មក ​ជា​ថ្នូរ​នឹងការ​បើក​ប្រទេសត្រលប់មករកស្ថានភាព​ធម្មតា​ឡើង​វិញ។ ការ​បើកប្រទេស​ឡើង​វិញ​ ជា​ក្តី​រំពឹងសម្រាប់​លោក​នេតាន់យ៉ាង​ក្នុង​ការ​​ទាញ​បាន​ផលប្រយោជន៍​នយោបាយ​ទៀត ព្រោះ​នៅ​ថ្ងៃទី ២៣​មីនា​២០២១​នេះ អ៊ីស្រាអែល​ត្រូវ​រៀប​ចំការបោះឆ្នោត​សភា​ជា​លើកទី​បួន​ក្នុងចន្លោះ​ពេល​តែ​​ពីរឆ្នាំ។ ការស្ទង់​មតិ​បាន​បង្ហាញ​ថា​គណបក្ស​របស់​លោកនេតាន់យ៉ាហូ​ នាំមុខ​គេ តែ​ពុំទាន់​មាន​សម្ព័ន្ធមិត្ត​​ច្បាស់លាស់សម្រាប់​បង្កើត​រដ្ឋាភិបាល​ទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI