តួកគី

ប្រទេស​​តួកគី​ ស្ថិតនៅ​មាត់ជ្រោះ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​?

បញ្ជរប្តូរប្រាក់មួយកន្លែង នៅទីក្រុងអ៊ីស្តង់ប៊ូល ថ្ងៃទី ២២ មីនា ២០២១
បញ្ជរប្តូរប្រាក់មួយកន្លែង នៅទីក្រុងអ៊ីស្តង់ប៊ូល ថ្ងៃទី ២២ មីនា ២០២១ AP - Emrah Gurel

ប្រទេសតួកគី ត្រូវបានគេសង្កេតឃើញថាបានបង្ហាញ នូវ​សញ្ញាណមួយចំនួន នៃវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ កាលពីថ្ងៃចន្ទ ទី២២មីនា តម្លៃរូបិយបណ្ណ​តួកគី បានធ្លាក់ចុះ មួយរំពេចចំនួន​១៧% នៅលើទីផ្សារអាស៊ី។ ទីផ្សារភាគហ៊ុនទីក្រុងអ៊ីស្តង់ប៊ូលឯណោះវិញ ការកំណត់តម្លៃភាគហ៊ុន ត្រូវបាន​ព្យួរចោលដល់ទៅ២ដង បន្ទាប់​ពី​បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ​៦% នៅព្រឹកថ្ងៃទី​២២មីនា។ តើតួកគី កំពុងតែប្រឈមនឹងវិបត្តិហិរញ្ញវត្ថុឬយ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

លោកស្រី Anne Andlauer អ្នករាយការណ៍ព័ត៌មាន របស់វិទ្យុបារាំងអន្តរជាតិ​ ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ូល បាន​ឲ្យ​ដឹងថា តួកគីហាក់កំពុងប្រឈមនឹង​វិបត្តិ នៃការមិនទុកចិត្ត​នៅលើឆាក​អន្តរជាតិ មិនទាន់ទាក់ទិននឹងបញ្ហានយោបាយ ព្រមទាំងបញ្ហាសេដ្ឋកិច្ច​ហិរញ្ញវត្ថុ។

កាលពីខែវិច្ឆិកា កន្លងទៅ លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានតែងតាំង លោក Naci Agbal ដែលជាអ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីម្នាក់ ឲ្យធ្វើជាទេសាភិបាលនៃធនាគារជាតិតួកគី។ ការតែងតាំងនេះ បានធ្វើឲ្យ​អ្នកវិនិយោគ នៅលើទីផ្សារហិរញ្ញវត្ថុ មានការសង្ឃឹម ថាតួកគីនឹងមានលំនិងសេដ្ឋកិច្ច អាចទុកចិត្តបាន។ តែទីបំផុត លោក Naci Agbal ត្រូវបាន​លោកប្រធានាធិបតី​តួកគី ដកចេញពីតំណែងវិញ កាលពីចុងសប្តាហ៍មុន ដែលធ្វើឲ្យ​ទីផ្សារហិរញ្ញវត្ថុទាំងមូល ប្រែក្រឡាប់ចាក់។

ក្រោយ​ការដក​តំណែងទេសាភិបាលធនាគារជាតិតួកគីនេះ ផលវិបាក​បានជះមកភ្លាមៗ ដោយ​អត្រាតម្លៃប្រាក់ លីវរ៍ ដែលជារូបិយបណ្ណតួកគី បាន​ធ្លាក់ថ្លៃយ៉ាងគំហុក។ ស្ថានភាពនេះ បានបង្ហាញឲ្យឃើញអំពីភាពទន់ខ្សោយនៃវិស័យរដ្ឋបាលសាធារណៈតួកគី ដែលអ្វីៗស្ថិតនៅលើបបូរមាត់របស់​លោក​ប្រធានាធិបតីអ៊ែរដូហ្កាន់ សូម្បីតែធនាគារជាតិ ដែលតាមធម្មតាត្រូវតែមានភាពឯករាជ្យ។

នៅក្នុងវិស័យសេដ្ឋកិច្ច លោក​អ៊ែរដូហ្កាន់ បានផ្លុំខ្យល់ក្តៅផង ខ្យល់ត្រជាក់ផង តាមរយៈផែនការកំណែទំរង់សេដ្ឋកិច្ច ក្នុង​គោលបំណងចង់ឲ្យ​ទីផ្សារហិរញ្ញវត្ថុមានទំនុកចិត្ត។ តែទន្ទឹមនឹងនេះ លោកប្រធានាធិតបីតួកគី បានកំទេចទំនុកចិត្ត​របស់អ្នកវិនិយោគ តាមរយៈការ​ដកហូតតំណែង លោកទេសាភិបាលធនាគារជាតិ ដែលបាន​ព្យាយាមអនុវត្តគោលនយោបាយ ដំឡើងអត្រាតម្លៃ ដើម្បីកាត់បន្ថយអតិផរណា។

នៅលើ​វិស័យនយោបាយវិញ លោកអ៊ែរដូហ្កាន់ កំពុងតែព្យាយាម​បោះដៃទៅកាន់​ប្រទេសសហភាពអឺរ៉ុប តាមរយៈការ​សន្យាធ្វើកំណែទម្រង់ស្តីបញ្ហាសិទ្ធិមនុស្ស។ ក៏ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលតួកគី បានចាប់ខ្លួនសកម្មជននយោបាយ​ប្រឆាំងជាច្រើននាក់។ គណបក្សនិយមគួក ដែលជាបក្សប្រឆាំងដ៏សំខាន់​កំពុងប្រឈមនឹងការបិទរំលាយ​ចោល។ ជាងនេះទៀត តួកគី បាន​ដកខ្លួនចេញ​ពី​សន្ធិសញ្ញាប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា ធ្វើទៅលើស្ត្រី។ នេះនៅមិនទាន់បញ្ចូលនូវអំពើរំលោភសិទ្ធិមនុស្សច្រើនរាប់មិនអស់ ដែលរដ្ឋាភិបាលលោកអ៊ែរដូហ្កាន់ បានធ្វើកន្លងមកផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI