ហ្សកដានី

ហ្សកដានី៖ កងទ័ព​ឃាត់ខ្លួន​ប្អូនប្រុស​របស់​មហាក្សត្រ ទាក់ទិន​នឹង​​សកម្មភាព​​បង្កអស្ថិរភាព

ព្រះអង្គម្ចាស់​ ហាំហ្សា និងព្រះជាយា ក្នុងពិធីមង្គលការមួយ ក្នុងក្រុងអាំម៉ាន់ ថ្ងៃទី ២៧ ឧសភា ២០០៤
ព្រះអង្គម្ចាស់​ ហាំហ្សា និងព្រះជាយា ក្នុងពិធីមង្គលការមួយ ក្នុងក្រុងអាំម៉ាន់ ថ្ងៃទី ២៧ ឧសភា ២០០៤ AP - HUSSEIN MALLA

យោងតាម​បណ្តាញផ្សព្វផ្សាយ​ព័ត៌មានផ្លូវការ​របស់ប្រទេសហ្សកដានី កាលពីថ្ងៃសៅរ៍ទី​៣មេសា កងទ័ពប្រទេសនេះ បានឃាត់ខ្លួនមនុស្ស​មួយចំនួន​ ដែលពាក់ព័ន្ធសង្ស័យ​ក្នុង​សកម្មភាព​ បង្កអស្ថិរភាពសង្គមជាតិ។ ក្នុងចំណោម​អ្នកគេឃាត់ខ្លួន គឺមាន​ព្រះអង្គម្ចាស់ ហាំហ្សា ដែលជាប្អូនប្រុស របស់​ព្រះចៅ អាប់ដាឡាហ ទី២  មហាក្សត្រហ្សកដានីបច្ចុប្បន្ន។ ដោយឡែក កាសែត Washington Post ចុះផ្សាយថា ព្រះអង្គម្ចាស់ហាំហ្សា ត្រូវគេចោទថាបានចូលរួម​ឃុបឃិតក្នុងគំរោងទំលាក់ ព្រះចៅ​អាប់ដាឡាហ ទី​២ ពីរាជបល្ល័ង្គ។

ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​​​ហ្សកដានី Al-Rai បានចុះផ្សាយ​ថា មនុស្ស​ច្រើននាក់ ត្រូវបាន​ចាប់ឃាត់ខ្លួន ដោយ​ជាប់សង្ស័យ​នឹងសកម្មភាព​ធ្វើវិទ្ធង្សនា បង្កអស្ថិរភាពសង្គម។ ក្នុងចំណោម​មនុស្ស​ដែលគេឃាត់ខ្លួន កាលពីថ្ងៃសៅរ៍រទី៣មេសា គឺមាន​ព្រះអង្គម្ចាស់ ហាំហ្សា Hamza ប្អូនប្រុសឱពុកតែមួយ​ម្តាយទីទៃ របស់​ព្រះចៅ Abdallah ទី២។

យោងតាមលិខិតប្រកាសមួយ​ របស់អគ្គមេបញ្ជាការកងទ័ពជាតិហ្សកដានី បានឲ្យដឹងថា ព្រអង្គម្ចាស់ ហាំហ្សា ត្រូវបាន​ដាក់ឲ្យ​នៅ​ក្នុង​ដំណាក់ ហាមចេញក្រៅ ហើយត្រូវបញ្ឈប់សកម្មភាព​ទាំងអស់ ដែល​បង្កបញ្ហា ដល់ស្ថិរភាព របស់ព្រះរាជាណាចក្រហ្សកដានី។ លោកឧត្តមសេនីយ៍ Youssef Huneiti អគ្គបញ្ជាការកងទ័ពជាតិហ្សកដានី បានលើកឡើងថា សន្តិសុខ ស្ថិរភាពហ្សកដានី មានតម្លៃធំជាងអ្វីៗទាំងអស់ ហើយ​ប្រតិបត្តិការឃាត់ខ្លួន​នេះ គឺធ្វើឡើង ក្នុងគោលការណ៍ច្បាប់ ផ្អែកលើការស៊ើបអង្កេតស៊ីជំរៅ។

ដោយឡែក យោងតាមការចុះផ្សាយ​របស់​កាសែត Washington Post គឺព្រះអង្គម្ចាស់ហាំហ្សា ត្រូវគេ​ចោទថាបានចូលរួម​ឃុបឃិត ក្នុងសកម្មភាព​ប៉ុនប៉ង ទំលាក់​ព្រះចៅAbdallah ទី២ ពីរាជបល្ល័ង្គ។ ប្រភពដដែលអះអាងថា ក្រុមមនុស្សឃុបឃិតគ្នាក្នុងគំរោងនេះ គឺមាន​សមាជិក​ព្រះញាតិ​វង្សម្នាក់ទៀត រួមជាមួយ​ប្រធានតុលាការ និងមន្ត្រី​សន្តិសុខជាតិច្រើននាក់។ ចំណែក​ទីភ្នាក់ងារព័ត៌មានផ្លូវការហ្សកដានី Petra បានចុះផ្សាយ​ថា លោក Bassem Awadallah អតីតទីប្រឹក្សាផ្ទាល់របស់​ព្រះចៅ Abdallah ទី២ ក៏ត្រូវបាន​គេចាប់ខ្លួនដែរ។

សូមរំលឹកថា ព្រះអង្គម្ចាស់ ហាំហ្សា គឺជាបុត្រម្នាក់របស់ព្រះចៅ ហ៊ូសេន។ មុន​ពេល​ព្រះចៅហ៊ូសេន សោយទីវង្គត់នៅឆ្នាំ​១៩៩៩ ព្រះអង្គបានប្រកាសថា ព្រះអង្គម្ចាស់ហាំហ្សា គឺជារាជបុត្រស្នងរាជ្យ​បន្តពី ព្រះចៅ​Abdallah ទី២។ ក៏ប៉ុន្តែនៅឆ្នាំ២០០៤ ព្រះចៅ Abdallah ទី២ បាន​ដក​ងាររាជទាយាទចេញពីព្រះអង្គម្ចាស់ហាំហ្សា ដើម្បីប្រគល់ទៅឲ្យ​បុត្រច្បងរបស់ព្រះអង្គវិញ។

ក្រោយការឃាត់ខ្លួននេះ មេធាវីរបស់​ព្រះអង្គម្ចាស់ហាំហ្សា​ បានផ្ញើវីដេអូមួយ​ ទៅកាន់បណ្តាញទូរទស្សន៍ BBC នៅថ្ងៃអាទិត្យ​នេះ។ ក្នុងវីដេអូនេះ ព្រះអង្គម្ចាស់ហាំហ្សា បានបដិសេធការចោទប្រកាន់ ហើយ​បានលើកឡើងថា គេមានបំណងគំរាម សំឡុតមិនឲ្យ​ព្រះអង្គរិះគន់បញ្ហានយោបាយ​ នៅហ្សកដានី។ ព្រះអង្គម្ចាស់ហាំហ្សា បានថ្លែងថា ហ្សកដានីបច្ចុប្បន្ន កំពុងតែត្រូវស៊ីរូង ដោយ​អំពើពុករលួយ បក្សពួកនិយម ដោយ​ថ្នាក់ដឹកនាំកាន់អំណាច គិតតែពីប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន ទុកឲ្យ​ប្រជាជន​ហ្សកដានី​ប្រមាណ​១០លាននាក់ រស់នៅក្នុង​ក្តីអស់សង្ឃឹម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI