អេមីរ៉ាតអារ៉ាប់រួម មហាសេដ្ឋីប្រេង ដែលមានរោងចក្រនុយក្លេអ៊ែរ ចាប់ផលិតបានអគ្គិសនី
ចុះផ្សាយនៅថ្ងៃ៖
នៅក្រោយ ដាក់ឲ្យដំណើរការ កាលពីខែ សីហា ឆ្នាំមុន រោងចក្រនុយក្លេអ៊ែរទី១ របស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម ចាប់ផ្តើមផលិតបានអគ្គិសនី លើកដំបូងរបស់ខ្លួន កាលពីថ្ងៃអង្គារទី ៦មេសា។ នាយករដ្ឋមន្រ្តីអេមីរ៉ាអារ៉ាប់ រួម បានប្រកាសដំណឹង គួរជាទីមោទនៈរបស់ប្រទេសមហាសេដ្ឋីប្រេង និងទើបមានជាលើកទី១ នៅពិភពលោកអារ៉ាប់។
មានមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរ ដែលផលិតបានអគ្គិសនី សម្រាប់ការប្រើប្រាស់។ នេះគឺទើបមានជាលើកទី១ ក្នុងពិភពអារ៉ាប់។ នៅក្រោយ វិនិយោគប្រាក់រាប់ពាន់លានដុល្លារ (២៤ពាន់លានដុល្លារ) ទៅលើកម្មវិធីនុយក្លេអ៊ែរស៊ីវិល អស់រាប់ឆ្នាំ អេមីរ៉ាត អារ៉ាប់ រួមបានទទួលផលជាផ្លែផ្កា នៅថ្ងៃអង្គារម្សិលមិញ នៅពេល ម៉ាស៊ីនប្រតិករ ទី ១ ដែលដាក់ឲ្យដំណើរការ កាលពី ឆ្នាំ មុន ចាប់ផលិតបានអគ្គិសនី សម្រាប់បណ្តាញភ្លើងជាតិអេមីរ៉ាត អារ៉ាប់រួម ។
សម្រាប់រាជបុត្រស្នងរាជ្យ និងជាអ្នកដឹកនាំផ្ទាល់ អេមីរ៉ាត អារ៉ាប់រួម Mohammed ben Zayed Al-Nahyane អគ្គិសនី ផលិតបានពីរោងចក្រនុយក្លេអ៊ែរ បារ៉ាកា នៅថ្ងៃអង្គារ ជាការបោះជំហានប្រវត្តិសាស្រ្តសម្រាប់អេមីរ៉ាត អារ៉ាប់រួម ដែលចង់ពង្រឹងវិស័យអគ្គិសនីក្នុងស្រុក។
តាមគម្រោង មជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរស៊ីវិល ដែលសាងសង់ឡើង ដោយសហគ្រាស ថាមពលនុយក្លេអ៊ែរអេមីរ៉ាតអារ៉ាប់រួម ជាមួយ ក្រុមហ៊ុនកូរ៉េខាងត្បូង ក្នុងតម្លៃ ២៤ពាន់លានដុល្លារ ត្រូវបំពាក់ម៉ាស៊ីនប្រតិករចំនួន ៤ ដែលអាចមានសមត្ថភាពផលិតអគ្គិសនី ចំនួន ៥ ៦០០ ម៉េហ្គាវ៉ាត់ សម្រាប់បម្រើសេចក្តីត្រូវការ២៥%នៅក្នុងប្រទេស។
ជាមហាសេដ្ឋីផលិតប្រេង លំដាប់លេខ៤ នៃក្រុមប្រទេសផលិតប្រេង Opep អេមីរ៉ាត អារ៉ាប់រួម មាន ធនធានប្រេងគ្រប់គ្រាន់ដើម្បីផលិតអគ្គិសនីតាម តម្រូវការប្រើប្រាស់ក្នុងប្រទេស។ ប៉ុន្តែ ចាប់តាំងពីការកកើតរដ្ឋ អេមីរ៉ាត អារ៉ាប់រួម ដែលជាបណ្តុំបញ្ចូលគ្នា នៃរាជបុរីអេមីរ៉ាតចំនួន ៧ នៅឆ្នាំ ១៩៧១ មក អេមីរ៉ាត អារ៉ាប់រួម បានសន្សំគំនិតបំពាក់បច្ចេកវិទ្យា សម្រាប់មហិច្ឆតាថាមពលនុយក្លេអ៊ែរ។ ក្រៅពីនុយក្លេអ៊ែរ មហាសេដ្ឋីប្រេងមួយនេះ បានអភិវឌ្ឍកម្មវិធី ផ្សេងទៀត ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីផលិតថាមពលកកើតឡើងវិញ ដូចជា កង្ហារយក្ស ឬផ្ទាំងសូ្របកំដៅ ព្រះអាទិត្យជាដើម។ គោលដៅ គឺប្រើថាមពលកកើតឡើងវិញ សម្រាប់ផ្គត់ផ្គង់អគ្គិសនី ៥០% នៃតម្រូវការសរុបរបស់ប្រទេស នៅឆ្នាំ ២០៥០។
អេមីរ៉ាត អារ៉ាប់រួម ដែលមានប្រជាជនសរុប ជិត ១០លាននាក់ ត្រូវការថាមពលផ្សេង ក្រៅពីប្រេង និងឧស្ម័នដែលខ្លួនមាន សម្រាប់ផលិតអគ្គិសនី ដើម្បីឆ្លើយតបនឹងតម្រូវការដែលចេះតែកើនឡើង ដោយសារតែការប្រើម៉ាស៊ីនត្រជាក់ រាប់លានគ្រឿង សម្រាប់ទប់ទល់នឹងអាកាសធាតុក្តៅខ្លាំង នៅប្រទេសអារ៉ាប់មួយនេះ។
កាតា ប្រទេសជិតខាង របស់អេមីរ៉ាត អារ៉ាប់រួម ធ្លាប់ចាត់ទុកមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែររបស់អេមីរ៉ាត អារ៉ាប់រួម ថា អាចបំពុលបរិស្ថាន និងគំរាមកំហែងសន្តិសុខក្នុងតំបន់។ ប៉ុន្តែ ក្នុងបរិបទដែលតំបន់កំពុងតានតឹងដោយសារបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ អេមីរ៉ាត អារ៉ាប់រួម តែងអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិល និងធ្លាប់បានបង្ហាញតម្លាភាពដោយ អនុញ្ញាតឲ្យក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារ ថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA ចូលទៅអង្កេតតាមដានជាប្រចាំ។ នៅចុងឆ្នាំនេះទៀតសោត មជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅបារ៉ាកា នឹងទទួលរៀបចំ សមយុទ្ធ ដ៏ស្មុគស្មាញរបស់ AIEAដើម្បី ធ្វើតេស្ត សាកល្បងសមត្ថភាព របស់រដ្ឋាភិបាល ក្នុងករណី មានគ្រោះថ្នាក់ នុយក្លេអ៊ែរធ្ងន់ធ្ងរ។ សមយុទ្ធដែលមានរយៈពេល ៣៦ម៉ោង ដែលរៀបចំ នៅរាល់ ៣ ឬ៥ឆ្នាំម្តង នឹងមានការចូលរួមពីប្រទេសចំនួន ១៧០ នៅក្នុងពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ